ព័ត៌មានទាន់ហេតុការណ៍៖

ពលករខ្មែរ១៦នាក់ឆ្លងដែនខុសច្បាប់ត្រូវទាហានថៃឃាត់ខ្លួន

ចែករំលែក៖

    ក្រុងប៉ោយប៉ែត៖ ទោះបីក្នុងដំណាក់កាលមានការបិទខ្ទប់តាមបន្ទាត់ព្រំដែនដើម្បីកាត់បន្ថយនៃការរីករាលដាលជំងឺកូវីដ-១៩ក៏ដោយ ក៏នៅមានជនឆ្លៀតឱកាសនាំពលករឆ្លងដែនខុសច្បាប់ដែរ ហើយត្រូវបានទាហានថៃឃាត់ខ្លួនចំនួន១៦នាក់កាលពីវេលាម៉ោង៩និង២៣នាទីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ កន្លងមកនេះ។

   តាមសេចក្ដីរាយការណ៍ឱ្យដឹងថា កម្លាំងទាហានស្រុកតាព្រះយ៉ា សហការជាមួយកងកម្លាំងបូផា និងកម្លាំងនគបាលការពារព្រំដែន បានឃាត់ខ្លួនពលករខ្មែរចំនួន១៦នាក់ ក្នុងនោះមានប្រុស៩នាក់ និងស្រី៧នាក់ នៅបរិវេណភូមិខៅលូកចាង ឃុំនិង ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ។

  សេចក្ដីរាយការណ៍បន្តថា បន្ទាប់ពីកម្លាំងចម្រុះឃាត់ខ្លួនរួចមក ពលករខ្មែរទាំងអស់បានសារភាពថា ពួកគាត់ធ្វើដំណើរមកពីខេត្តបន្ទាយមានជ័យ ហើយមកប្រមូលផ្ដុំគ្នានៅភូមិចំការគ ឃុំគោករមៀត ស្រុកថ្មពួក ដោយមានមេខ្យល់ជនជាតិខ្មែរនាំដើរកាត់មកតាមច្រករបៀង និងបន្តដំណើរតាមវាលស្រែ ដើម្បីមករង់ចាំឡើងរថយន្តនៅបរិវេណថ្នល់ភូមិណាង ង៉ាម-ទ័ពសៀម ព្រោះតែអ្នកទាំងអស់គ្នាចង់ទៅធ្វើការនៅក្នុងប្រទេសថៃ ដោយត្រូវចំណាយលុយឲ្យមេខ្យល់នាំផ្លូវក្នុងម្នាក់ចាប់ពី៤,៥០០-៩,០០០បាត ហើយបានប្រគល់លុយតាំងពីនៅក្នុងស្រុកខ្មែរមកម៉្លេះ។

  សេចក្ដីរាយការណ៍បញ្ជាក់បន្ថែមថាៈ  ពលករខ្លែរទាំងអស់ត្រូវបែកផ្លូវគ្នាទៅធ្វើការក្នុងខេត្តចំនួន៥។ ក្រោយចាប់ឃុំខ្លួន សមត្ថកិច្ចថៃបានដំណើរការតាមវិធានរបស់ផ្នែកសុខាភិបាល។ បន្ទាប់ពីសមត្ថកិច្ចសួរនាំបន្ថែមនិងធ្វើកំណត់ហេតុឃាត់ខ្លួនរួច ពលករខ្មែរទាំង១៦នាក់ត្រូវបានប្រគល់ទៅឲ្យជំនាញស្រុកតាព្រះយ៉ា ដើម្បីចាត់ការតាមច្បាប់បន្ត។ 

  ចំពោះពលករខ្មែរទាំងអស់ខាងលើនេះយើងមិនទាន់ទទួលបានព័ត៌មានពីមន្ត្រីអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវនៅឡើយទេ ព្រោះទូរស័ព្ទមិនអាចទាក់ទងបានដោយសារសេវាឆ្លងប្រព័ន្ធ៕

ដោយ ៖ វណ្ណា


ចែករំលែក៖