ព័ត៌មានទាន់ហេតុការណ៍៖

សូមបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុអាចនឹងមានរាជធានី-ខេត្ត១១ ប្រឈមជំនន់ទឹកភ្លៀងនៅសប្តាហ៍ខាងមុខ

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយមនៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, នៅក្នុងសប្ដាហ៍ខាងមុខ ព្រះរាជាណាចក្រកកម្ពុជានឹងទទួលនូវឥទ្ធិពល ៖

– ជ្រលងសម្ពាធទាបឥណ្ឌាខ្លាំង
– ប្រព័ន្ធសម្ពាធទាប ( ITCZ ) ដែលអូសបន្លាយពីប្រទេសភូមា កាត់ប្រទេសថៃ , ឡាវ , នឹងវៀតណាមរួចនឹងចុះបន្តិចមកលេីកម្ពុជាយេីង
– ខ្យល់មូសុងនិរតីបក់ក្នុងល្បឿនមធ្យមទៅបង្គួរ
– ខ្យល់សមុទ្រ ( Sea Breeze )
– វិសម្ពាធពីរ ដែលមួយស្ថិតនៅខាងកើតក្បែរប្រទេសហ្វីលីពីនដែលបច្ចុប្បន្នបានបំប្លែងខ្លួនទៅជាព្យុះ ទី១៣ ឈ្មោះ កុន សុន ( STS CONSON ) ដែលនឹងមានដំណេីរឆ្ពោះទៅប្រទេសវៀតណាមខាងជេីង និងវិសម្ពាធសកម្មមួយទៀតដែលស្ថិតនៅក្នុងសមុទ្រភាគខាងកើតហ្វីលីពីន ធ្វើដំណើរទៅលើមិនមានឥទ្ធិពលមកលើកម្ពុជាយើងទេ ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖

១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
– សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
– ផ្ទៃមេឃអួរអាប់នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅខ្លាំង លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ទន្ទឹមនោះបណ្កាខេត្តមួយចំនួនមានជាអាទិ៍ ៖ ខេត្តបាត់ដំបង , ខេត្តពោធិ៍សាត់ , ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង , ខេត្តកំពង់ស្ពឺ , ខេត្តកណ្តាល ,ខេត្តស្វាយរៀង និងរាជធានីភ្នំពេញ អាចប្រឈមនឹងជំនន់ទឹកភ្លៀង ។

២-បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
– សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
– ផ្ទៃមេឃអួរអាប់ នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

៣-តំបន់មាត់សមុទ្រ ៖
-សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
– ផ្ទៃមេឃអួរអាប់មានពពក អ័ព្ទច្រើន នឹងអាចមានភ្លៀងក្នុងកម្រិតពីបង្គួរទៅខ្លាំង លាយឡំទៅដោយ ផ្គរ រន្ទះខ្យល់កន្ត្រាក់ និងរលកខ្ពស់ៗ ។ ទន្ទឹមនោះនៅក្នុងភូមិសាស្ត្រនៃខេត្តកោះកុង ខេត្តព្រះសីហនុ និងខេត្តកំពត ក៏អាចមាននូវជំនន់ទឹកភ្លៀងផងដែរ ។អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័តីមាន និងសូមបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖