ព័ត៌មានទាន់ហេតុការណ៍៖

បាត់ខ្លួន៧ថ្ងៃ! អ្នកដើររកផ្សិតប្រទះឃើញសពនៅភ្នំ បង្កការភ្ញាក់ផ្អើល

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធ ចុះសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ដើម្បីធ្វើការពិនិត្យ និងស្រាវជ្រាវជុំវិញករណី ប្រជាពលរដ្ឋប្រទះឃើញសពស្អុយរលួយនៅព្រៃភ្នំ បន្ទាប់ជនរងគ្រោះ(សព)បានបាត់ពីផ្ទះរយៈពេល៧ថ្ងៃមុនមកម៉្លេះ។

ករណីនេះសមត្ថកិច្ចសហការចុះពិនិត្យសពខាងលើ ធ្វើឡើងនៅវេលាម៉ោង ១ និង១៥នាទី រសៀលថ្ងៃពុធ ១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចដើមឈើ(ផ្ចឹក)ក្នុងព្រៃភ្នំ(ភ្នោគ)ដែលមានចម្ងាយពីផ្ទះប្រមាណ១គីឡូម៉ែត្រ ស្ថិតនៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

សមត្ថកិច្ចនគរបាលស្រុកក្រគរបានឲ្យដឹងថា ជនរងគ្រោះ(ស្លាប់)ឈ្មោះ ជា រតនៈ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅក្នុងបន្ទុកគ្រួសារឪពុកម្ដាយ ស្ថិតនៅភូមិ.ឃុំកើតហេតុ ជនរងគ្រោះជាកូនច្បងគេក្នុងចំណោមប្អូនៗចំនួន៤នាក់ទៀត នេះបើតាមការបញ្ជាក់ពីឪពុកឈ្មោះ សែម សារិន និងស្រីជាម្ដាយ ហ៊ុយ សុគន្ធា ។

លោក សែម សារិន ជាឪពុកសពបានបញ្ជាក់ប្រាប់សមត្ថកិច្ចនគរបាលដដែលទៀតថា កូនប្រុសរងគ្រោះ(ជា រតនៈ)បានប្រើប្រាស់សាធាតុញៀននិយាយពុំដែលស្ដាប់ទេ ហើយឧស្សាហ៍បង្ករឿងក្នុងគ្រួសារ ម្យ៉ាងទៀតពុំសូវដេកនៅផ្ទះនោះទេ ភាគច្រើនដេកនៅខ្ទមឯចម្ការ និងសេពគប់មិត្តភក្រ្តមិនល្អ មុនកើតហេតុបានចេញបាត់ពីផ្ទះរយៈពេល៧ថ្ងៃមកហើយ ដោយបងប្អូនសាច់ញាតិដើររកពុំឃើញនោះទេ ទើបប៉ុន្មានម៉ោងមុននេះអ្នកភូមិដើររកដកផ្សិតប្រទះឃើញ ទើបបង្កការភ្ញាក់ផ្អើលបែបនេះ ។សមត្ថកិច្ចនគរបាលបញ្ជាក់ទៀតថា តាមការពិនិត្យជាក់ស្ដែងសពមានហើមរលួយអាចស្លាប់លើសពី៦ថ្ងៃ សពស្លៀកខោប៉ារ៉ាជើងវែង គ្មានអាវ ចងព្យួរ+ក ដោយខ្សែអង្រឹងទៅមែកឈើ(ផ្ចឹក)មានកម្ពស់ប្រមាណ២.៥០ម៉ែត្រ ការពិនិត្យទ្រួសៗសពពុំមានស្លាកស្នាមអ្វីគួរឲ្យសង្ស័យក្នុងករណីផ្សេងទេ សពអាចពិតជាចង-ក ធ្វើអត្តឃាតពិតប្រាកដមែន សពប្រគល់ជូនលោក សែម សារិន ជាឪពុក ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ បុឹម ពិន


ចែករំលែក៖