ព័ត៌មានទាន់ហេតុការណ៍៖

កូវីដ-១៩ កំពុងរាតត្បាតផង ទុក្ខមួយជាន់ទៀត ជួបគ្រោះខ្យល់កន្ត្រាក់ធ្វើឱ្យដួលរលំផ្ទះប្រជាពលរដ្ឋក្រីក្រ !

ចែករំលែក៖

ខេត្តសៀមរាប៖ ថាកូវីដទៅវាធ្វើឱ្យលំបាក និងប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃទៅហើយ តែនេះនៅឆ្លៀតមកជួបគ្រោះខ្យល់កន្ត្រាក់ធ្វើឱ្យដួលរលំផ្ទះតូចមួយខ្នងនេះអស់រលីងទៀត ទាំងកណ្តាលខែភ្លៀងផង គ្មានទីជម្រក ហើយមិនដឹងទៅរកទីពឹងឯណា លំនឹងជីវិតរបស់ពួកគាត់ពិតជានឹងជួបបញ្ហាប្រឈមខ្លាំង។ នេះជាថ្លែងពីលោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅល្ងាចម្សិលមុិញ។ លោកបានបញ្ជាក់ថា, ហេតុការណ៍នេះកើតឡើងនៅក្នុងភូមិព្រះដាក់ នៃឃុំព្រះដាក់ ស្រុកបន្ទាយស្រី ក្នុងមូលដ្ឋានលោកគ្រប់គ្រង។

លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី បានបន្តថា, អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបន្ទាយស្រី ក៏ដូចជារដ្ឋបាលស្រុក នឹងព្យាយាមកៀរគររកជំនួយឧបត្ថម្ភ ដើម្បីជួយសាងសង់ផ្ទះរបស់ពួកគាត់ឡើងវិញឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន បន្ថែមពីលើជំនួយបន្ទាន់ភ្លាមៗរបស់កាកបាទក្រហម។ កាកបាទក្រហមកម្ពុជាតែងតែឆ្លើយតបមុនគេ លឿនជាងគេ និងមានប្រសិទ្ធភាពជាងគេក្នុងករណីបែបនេះ។

កន្លងមក រដ្ឋបាលស្រុកបន្ទាយស្រីតែងតែទទួលបានការចូលរួមជ្រោមជ្រែងជួយដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងលំនៅឋានពីសំណាក់សប្បុរសជន អង្គការដៃគូ និងព្រះសង្ឃមកពីវត្តផ្សេងៗគ្នា បន្ថែមជាមួយកាកបាទក្រហមលើការងារមនុស្សធម៌បែបនេះ ហេតុដូច្នេះហើយទើបបានជារហូតមកដល់ពេលនេះ ទោះជាករណីភ្លើងឆេះក្តី ឬដួលរលំក្តី មិនមានលំនៅឋានដែលរងការខូចខាតណាមួយ ដែលមិនត្រូវបានដោះស្រាយ និងជួយសាងសង់ឡើងវិញជូនជនរងគ្រោះនោះឡើយ៕

ដោយ៖ សិលា


ចែករំលែក៖