ខេត្តតាកែវ៖ នៅវិទ្យាល័យសុខអាន ១ឧសភា នៅព្រឹកថ្ងៃចន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ លោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញប្រកាសបើកដំណើរការសាកល្បងសាលា ថ្នាក់ទី៩ និងថ្នាក់ទី១២ ដែលមានហានិភ័យទាប នៅទូទាំងខេត្តតាកែវ ព្រមទាំងនាំយកម៉ាស់ដែលជាអំណោយ របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់សិស្សានុសិស្ស។
ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមដោយ លោក ឡោ វីរិទ្ធ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកប្រធានមន្ទីររៀប ចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្ត លោកប្រធានមន្ទីរព័ត៌មានខេត្ត លោក កៅ វគ្គសែល អភិបាលស្រុកត្រាំកក់ និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូប។
មានប្រសាសន៍នាសឱកាសបើកដំណើរការ សាកល្បងបើកសាលារៀនឡើងវិញនោះដែរ លោក អ៊ូច ភា អភិបាលខេត្ត បានធ្វើការណែនាំអាជ្ញាធរមូលដ្ឋាន មាតាបិតាសិស្ស លោកគ្រូ អ្នកគ្រូ ត្រូវអនុវត្តន៍តាម សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ហើយលោកនាយក នាយិកាសាលា ដែលជាអ្នកគ្រប់គ្រង សាលារៀននីមួយៗ ត្រូវសហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោល ការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ។
ឆ្លៀតក្នុងនោះផងដែរ អភិបាលខេត្តតាកែវ លោក អ៊ូច ភា ក៏បានធ្វើធ្វើការអំពាវ ដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ សូមចូលរួមបន្តអនុវត្តតាមការណែនាំ របស់ក្រសួងសុខា ភិបាលកម្ពុជា របស់ យើង ជាពិសេសប្រសាសន៍ណែនាំដ៏ខ្ពស់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺ៣ការពារ និង៣កុំ ឱ្យបានត្រឹមត្រូវ ខ្ជាប់ខ្ជួនទាំងគ្នា ដើម្បីការពារខ្លួនយើង គ្រួសារយើង សហគមន៍ យើង កុំឲ្យឆ្លងកូវីដ១៩ផងដែរ។
ដោយឡែកលោក ឡោ វីរិទ្ធ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឱ្យដឹងថា នៅទូទាំងខេត្ត មានគ្រឹះ ស្ថានសិក្សារដ្ឋ និងឯកជន ថ្នាក់ទី៩ និងថ្នាក់ទី១២ ដែលមានហានិភ័យទាប ដែលអាចឱ្យដំណើរសិក្សា មានចំនួន ១១២សាលា ក្នុងអនុវិទ្យាល័យ ៦៣សាលា វិទ្យារដ្ឋ ៤១សាលា និងសាលាឯកជន ០៨។
លោកប្រធានមន្ទីរអប់រំខេត្ត បានបន្តថាក្នុងនោះដែរ ចំនួនសាលាមេត្តយ្យសិក្សា បឋមសិក្សាទាំងអស់ និងមធ្យមសិក្សាមួយចំនួន ត្រូវសិក្សាតាម រយះពីចម្ងាយ ឬតាមប្រព័ន្ធអេឡិចត្រូចនិច ឬការចែក សន្លឹកកិច្ចការដល់សិស្ស ឬការសិក្សាតាម បែបចម្រុះ មានចំនួន ៨៣៧សាលា/ថ្នាក់។ ដោយក្នុងនោះ មេត្តយ្យរដ្ឋ ២៩៧ថ្នាក់ និងមេត្តយ្យឯកជន និងមេត្តយ្យសហគម ១២៦សាលា បឋមសិក្សា ចំនួន ៣៨១សាលា និងសាលាឯកជន ១៨ អនុវិទ្យាល័យរដ្ឋ ០៣សាលា និងវិទ្យាល័យរដ្ឋ ១២សាលា៕
ដោយ៖សហការី