ព័ត៌មានទាន់ហេតុការណ៍៖

នៅដើមខែវិច្ឆិកា អាមេរិកនឹងបើកដំណើរការជើងហោះហើរក្រៅប្រទេសវិញសម្រាប់អ្នកចាក់វ៉ាក់សាំងរួចរាល់

ចែករំលែក៖

រដ្ឋាភិបាលអាមេរិក បានប្រកាសថា ប្រទេសនេះបានសម្រេចលុបច្បាប់ហាមប្រាមធ្វើដំណើរដល់អ្នកដំណើរទាំងអស់ចាប់ពីខែវិច្ឆិកា សម្រាប់អ្នកបានចាក់ចាក់វ៉ាក់សាំងរួច។
លោក Jeffrey Zient អ្នកសម្របសម្រួលក្នុងការទប់ស្កាត់កូវីដ-១៩ របស់ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយថា វិធីសាស្រ្តស្របគ្នាថ្មីនឹងចូលជាធរមាននៅដើមខែវិច្ឆិកា។ ការសម្រេចខាងលើរបស់រដ្ឋាភិបាលលោកបៃឌិន កើតឡើងក្នុងពេលដែលទំនាក់ទំនងការបរទេសរវាងអាមេរិក និឹងអឺរ៉ុបប្រឈមមុខតានតឹងដាក់គ្នា។
ការបើកជើងហោះហើរអន្តរជាតិឡើងវិញ គឺជារឿងមួយដ៏ប្រសើរបំផុត អាចធ្វើឲ្យពលរដ្ឋក៏ដូចជាសាច់ញាតិនៅក្រៅប្រទេសទៅជួបជុំគ្រួសារសាច់ញាតិវិញក្រោយការបែកបាក់ដោយសារកូវីដ-១៩ និងការបិទជើងហោះហើរ។
ប៉ុន្តែវិធានការទប់ស្កាត់កូវីដ-១៩ របស់អាមេរិកនៅតែបន្តរក្សាដដែល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល វីរុសកូវីដ-១៩ ដែលបានសម្លាប់ពលរដ្ឋអាមេរិកអស់ជាង៦៧៥ពាន់នាក់។ នៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៥៤,១១៤នាក់ទៀតបានឆ្លងជំងឺ COVID-19 នៅទូទាំងសហរដ្ឋអាមេរិក។
ជាមួយគ្នានេះដែរប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានថ្លែងថា ប្រជាជនអាមេរិកប្រមាណ ៦០លាននាក់ នាពេលឥឡូវនេះ មានសិទ្ធិទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនអាមេរិក Pfizer ដូសទី៣ ឬដូសជំរុញហើយ។ លោកក៏បានជំរុញឲ្យពួកគេឆាប់ទៅទទួលការចាក់ផងដែរ។
គិតត្រឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួន៣៨៨លានដូស ក្នុងនោះប្រជាជន ២១២.៥៦លាននាក់ (៦៤.៨% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់១ដូស និង ១៨២.៥៨លាននាក់ (៥៥.៦%) បានទទួលការចាក់គ្រប់ដូស៕

ប្រភពរូបថត៖tienphong.nv.

ដោយ៖ធីរីណា(រូបថត៖TTXVN)


ចែករំលែក៖