នៅព្រឹកម៉ោង៨ថ្ងៃទី២៦ ខែកញ្ញា (ពេលវេលានៅអាល្លឺម៉ង់) ពលរដ្ឋបាននាំគ្នាទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិថ្មី ។
តាមរបាយការណ៍ មានពលរដ្ឋអាល្លឺម៉ង់ប្រមាណ៦០,៤លាននាក់គ្រប់លក្ខខណ្ឌទៅបោះឆ្នោត។ ក្នុងនោះមានពលរដ្ឋដល់ទៅ ៤០%បានសម្រេចបោះឆ្នោតតាមប្រៃសណីយ៍ ចំណែកការិយាល័យបោះឆ្នោតនឹងបើកទ្វាររហូតដល់ម៉ោង១៨។
ការបោះឆ្នោតនៅអាល្លឺម៉ង់លើកនេះមិនមាននាយករដ្ឋមន្ត្រី Angela Merkel ចូលរួមប្រកួតប្រជែងនោះឡើយ ដោយលោកស្រីបានដឹកនាំប្រទេសអស់រយៈពេល១៦ឆ្នាំជាប់គ្នា។ អធិការបតី Merkel គឺជាស្ត្រីដែលមានឥទ្ធិពលបំផុតលើពិភពលោកជាច្រើនឆ្នាំជាប់គ្នា ។
ក្រោយការបោះឆ្នោត គណបក្សណាដែលទទួលបានការគាំទ្រច្រើន ជាប់ឆ្នោតតំណាងរាស្ត្រច្រើនជាងគេនឹងបង្កើតរដ្ឋាភិបាលថ្មី ហើយស្វែងរកសម្ពន្ធមិត្តដឹកនាំជាមួយគណបក្សផ្សេងទៀត។
នៅពេលនេះអធិការបតីអាល្លឺម៉ង់ បន្តកាន់អំណាចដឹកនាំអាល្លឺម៉ង់ដដែលរហូតដល់មាននាយករដ្ឋមន្ត្រីថ្មីឡើងដឹកនាំប្រទេស។ នៅពេលនេះមានបេក្ខភាព៣រូបលេចធ្លោជាងគេគឺ លោក Olaf Scholz មកពីគណបក្សសង្គមប្រជាធិបតេយ្យ(SPD)។ លោក Armin Laschet បេក្ខភាពមកពីគណបក្ស CDU កាន់អំណាច និង លោកស្រី Annalena Baerbock មកពីគណបក្សបៃតង។ ប៉ុន្តែនៅពេលនេះគេមិនទាន់អាចសន្និដ្ឋានបានថាគណបក្សណាមួយទទួលបានជ័យជម្នះនោះឡើយដោយសារតែបេក្ខភាពទាំង៣រូប មានការគាំទ្រប្រហាក់ប្រហែលគ្នា នៅក្នុងការស្ទង់មតិកន្លងមក៕ដោយ៖ធីរីណា
ប្រភពរូបថត៖AFP.