ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតខណៈដែលកំពុងបញ្ជាឡានស្ទូចដើម្បីស្ទូចយកសសរគ្រឹះចេញពីក្នុងស្រះទឹកយកទៅបុកគ្រឹះនៅកន្លែងផ្សេង តែជាអកុសលដងស្ទូចរថយន្តបានប៉ះទៅនឹងខ្សែភ្លើងបណ្ដាលឱ្យឆ្លងចរន្តអគ្គិសនីឆក់បុរសអ្នកបញ្ជាស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១ និង៣០ នាទីព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលំ ក្នុងភូមិត្រពាំងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលស្លាប់បាត់បង់អាយុជីវិតមានឈ្មោះឈឿ ឈឿន ភេទប្រុស អាយុ ៤៩ឆ្នាំ មុខរបរជាងបុកសសរគ្រឹះ និងមានស្រុកកំណើតនៅភូមិឈូកស ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះពីរនាក់ប្អូនថ្លៃបានបើករថយន្តស្ទូច ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 3B-4479 ធ្វើដំណើរមកដល់កន្លែងកើតហេតុ ហើយក៏បានរៀបចំដាក់បញ្ជាដងស្ទូចដើម្បីទាក់យកបង្គោលសសរគ្រឹះពីក្នុងស្រះទឹកមកដាក់លើរថយន្ត ខណៈដែលជនរងគ្រោះបានស្ទូចយកសសរគ្រឹះបានចំនួន៤ដើមដាក់ក្នុងរថយន្តរួចទៅហើយនោះ ប្អូនថ្លៃក៏បានបញ្ជាដងសន្ទូចទៅទាក់យកសសរគ្រឹះមួយដើមទៀតជាលើកចុងក្រោយដោយបងថ្លៃជាអ្នកកាន់ទំពក់ទៅទាក់សសរ តែជាអកុសលដងសន្ទូចរថយន្តក៏បានទៅប៉ះជាមួយនឹងខ្សែភ្លើងបណ្ដាលឲ្យឆ្លងចរន្តអគ្គិសនីឆក់ជនរងគ្រោះដួលប្រកាច់នៅនឹងកន្លែងកើតហេតុ។ ភ្លាមនោះប្អូនថ្លៃក៏បានធ្វើការជួយសង្គ្រោះដោយធ្វើចលនាដង្ហើមឱ្យជនរងគ្រោះដែរតែជាអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់បង់អាយុជីវិតទៅហើយ។
ក្រោយកើតហេតុបុរសត្រូវជាប្អូនថ្លៃបានរាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋានហើយសមត្ថកិច្ចមូលដ្ឋានក៏ទាក់ទងទៅសមត្ថកិច្ចជំនាញខាងកោសល្យវិច័យរាជធានីភ្នំពេញចុះមកធ្វើការពិនិត្យសពជនរងគ្រោះនិងបានទាក់ទងទៅក្រុមគ្រួសារសាច់ញាតិរបស់ជនរងគ្រោះមកទទួលយកសពធ្វើទៅធ្វើបុណ្យនៅឯស្រុកកំណេីតតាមប្រពៃណី៕
ដោយ៖និន សុភ័ស្ត