ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹកថ្ងៃអាទិត្យនេះ ! លោក ឃួង ស្រេង បានដឹកនាំមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ និងមន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ ចុះពិនិត្យស្ថានភាពទឹកតាមសណ្ដស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខណ្ឌដង្កោ

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ០៤កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១នេះ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានី ភ្នំពេញ បានដឹកនាំមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ និងមន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ ចុះពិនិត្យស្ថានភាពទឹកតាមសណ្ដស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីត្រៀមខ្លួនពេលមាន​ទឹកជំនន់ទឹកស្ទឹងព្រែកត្នោតមកដល់ ដោយប៉ុន្មានថ្ងៃកន្លងមកនេះកំពស់​ទឹក​ស្ទឹង​ព្រែក​ត្នោត​កើន​ឡើង​គួរ​ឱ្យ​កត់សម្គាល់​។

សូមបញ្ជាក់ថា, ដោយអនុវត្តតាមការដឹកនាំ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោកប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម និងជាប្រធានមុខព្រួញទទួលខេត្តកណ្តាល និងក្រុម ការងារបច្ចេកទេស បានចុះជួយធ្វើការទប់ស្ទាក់ទឹកជាបន្ទាន់តាមទំនប់ប្រឡាយព្រែកកំពឹស (ប្រឡាយព្រែករទាំង) ដែលទឹកហូរពីលើខ្នងទំនប់ មានប្រវែង ២០០ ម៉ែត្រ ទំហំខ្នងទំនប់ ៥ ម៉ែត្រ ដែលជាចំណុចទំនាប ស្ថិតនៅចំណុចព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល ក្នុងភូមិសាស្ត្រភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្តាលឲ្យមានការប៉ះពាល់ដល់លំនៅដ្ឋានរបស់ ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅទាំងពីរភូមិខាងលើ ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖