ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ត្រូវផ្ដល់អាវរងា ភួយ ក្រមានិងថវិកាជូនដល់មនុស្សចាស់ឱ្យទាន់រដូវរងា ក្នុងសប្ដាហ៍នេះ

ចែករំលែក៖

    ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤បង្កើតកម្មវិធីដើម្បីផ្ដល់អំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ដែលមានដូចជា អាវរងា ភួយ ក្រមា និងថវិកា ជូនដល់មនុស្សចាស់នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានលឿននិងទាន់ពេលវេលា ពោលគឺកម្មវិធីនេះត្រូវរៀបចំឡើងកុំឱ្យហួសពីថ្ងៃអាទិត្យសប្តាហ៍នេះ ខណៈ ដែលអាកាសធាតុបាននិងកំពុងចុះត្រជាក់ បណ្តើរៗហើយនោះ។

  ប្រសាសន៍របស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនេះបានថ្លែងក្នុងពិធីប្រគល់អំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជូនសមាជិកសមាជិកាសមាគមមនុស្សចាស់ដែលមានជីវភាពក្រីក្រនៅក្នុងខណ្ឌដង្កោនាព្រឹកថ្ងៃទី០១ខែធ្នូឆ្នាំ២០២១នេះ នៅសាលាខណ្ឌដង្កោ។

  សមាជិក សមាជិកាសមាគមមនុស្សចាស់មានជីវភាពក្រីក្រនៅក្នុងខណ្ឌដង្កោដែលបានទទួលអំណោយនេះ មានចំនួន១២០នាក់ ដែលក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន៥ម៉ឺនរៀល អាវរងា១ ភួយ១ និងក្រមា១។

   លោក ឃួង ស្រេង បានមានប្រសាសន៍ លើកឡើងថា សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានឆ្លងទន្លេមេគង្គនៅស្ទឹងត្រង់កាលពីថ្ងៃទី២៣ ខែវិច្ឆិកាកន្លងមកនេះ សម្ដេចបានណែនាំឲ្យអាជ្ញាធររាជធានី-ខេត្តត្រូវយកចិត្តទុកដាក់ផ្ដល់នូវអាវរងា ភួយជូនមនុស្សចាស់ ដោយសារតែអាកាសធាតុនឹងចុះត្រជាក់នៅប៉ុន្មានថ្ងៃខាងមុខនេះ ។ អនុវត្តទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ថ្ងៃនេះរដ្ឋបាលរាជធានីភ្នំពេញបាននាំអំណោយរបស់សម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតមកចែកជូនបងប្អូនសមាជិកសមាជិកាសមាគមមនុស្សចាស់នៅក្នុងខណ្ឌដង្កោចំនួន១២០នាក់។

   លោក ឃួង ស្រេង បានបញ្ជាក់ថា សម្រាប់ថ្ងៃនេះ សមាជិកសមាជិកាសមាគមមនុស្សចាស់នៅក្នុងខណ្ឌដង្កោ ទទួលបាននូវអំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតហើយ។

   ដូច្នេះលោកស្នើឲ្យអាជ្ញាធរខណ្ឌ១៣ផ្សេងទៀតត្រូវបង្កើតកម្មវិធីផ្ដល់អំណោយជូនមនុស្សចាស់ដែលមានទាំងថវិកា អាវរងា ភួយក្រមា កុំឱ្យហួសថ្ងៃអាទិត្យសប្តាហ៍នេះ ដោយសារតែអាកាសធាតុបានចាប់ផ្ដើមចុះត្រជាក់ហើយ។

  លោក ឃួង ស្រេង ក៏បានមានប្រសាសន៍បញ្ជាក់ផងដែរថា នៅរាជធានីភ្នំពេញ យើងបានកសាង សមាគមមនុស្សចាស់បានទាំង១០៥សង្កាត់ហើយ ។  ដូច្នេះអាជ្ញាធរខណ្ឌ សង្កាត់ត្រូវចុះពិនិត្យតាមដាននិង សួរសុខទុក្ខមនុស្សចាស់នៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយសារតែមនុស្សចាស់ជាអ្នកមានគុណរបស់យើង ហើយប្រពៃណីដូនតារបស់យើងក៏បានបន្សល់ទុកដោយឱ្យយើងត្រូវតែមានកត្តញ្ញូចំពោះមនុស្សចាស់ផងដែរ៕

ដោយ ៖ សំរិត


ចែករំលែក៖