ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បាន ចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីពិធីប្រកាសដាក់អនុវត្តជាផ្លូវការ ក្នុងនាមរាជរដ្ឋាភិបាល នូវការប្រើប្រាស់ប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស (Global Travel Assessment System – GTAS)។
ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀល ថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សហការជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នឹងប្រារព្ធ ពិធីប្រកាសដាក់អនុវត្តជាផ្លូវការ ក្នុងនាមរាជរដ្ឋាភិបាល នូវការប្រើប្រាស់ប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាម ផ្លូវអាកាស (Global Travel Assessment System – GTAS) ដែលជាជំនួយគាំទ្រហិរញ្ញប្បទានសហប្រតិបត្តិការ បច្ចេកទេស និងការបណ្ដុះបណ្ដាល របស់អង្គការគយពិភពលោក ក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ អង្គពិធី នេះ នឹងមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់នៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា, អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ, សភាពាណិជ្ជកម្មកម្ពុជា, អគ្គលេខាធិការដ្ឋានអង្គការគយពិភពលោក (World Customs Organization – WCO), និង បណ្តាក្រុមហ៊ុន អាកាសចរណ៍ជាតិនិងអន្តរជាតិហោះហើរចេញ-ចូលព្រះរាជាណាចក្រកម្ពុជា។
ការអនុវត្តប្រព័ន្ធ ដែលជាឧបករណ៍បច្ចេកវិទ្យាថ្មីរបស់រាជរដ្ឋាភិបាលក្នុងពេលនេះ ដើម្បីតភ្ជាប់និងបញ្ចូន ទិន្នន័យព័ត៌មានអ្នកដំណើរជាមុន (Advance Passenger Information – API) និងកំណត់ត្រាឈ្មោះអ្នកដំណើរ (Passenger Name Record – PNR)ពីបណ្តាក្រុមហ៊ុនអាកាសចរណ៍ជាតិនិងអន្តរជាតិ ហោះហើរចេញ-ចូល ព្រះរាជាណាចក្រកម្ពុជា មកកាន់ប្រព័ន្ធGTAS ឆ្លងកាត់តាមថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (Cambodia Data Exchange CamDX) ដែលស្ថាប័នមានសមត្ថកិច្ច អាចប្រើប្រាស់ដើម្បីវិភាគហានិភ័យ តាមតួនាទីនិងភារកិច្ចរៀងៗខ្លួន។
ការសម្រេចបាននូវសមិទ្ធផលខាងលើនេះ គឺជាជោគជ័យថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា លើការអនុវត្ត ភារកិច្ចរបស់ខ្លួន ស្របតាមកម្មវិធីសន្តិសុខរបស់អង្គការតយពិភពលោក ក្នុងការប្រើប្រាស់ព័ត៌មាន API/PNVR ដើម្បី ត្រួតពិនិត្យការធ្វើដំណើររបស់បុគ្គលមានហានិភ័យខ្ពស់ទាំងឡាយ ដែលស្ថិតក្រោមស្មារតីសេចក្តីសម្រេចជាបន្តបន្ទាប់ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ប្រព័ន្ធនេះ ក៏នឹងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនផងដែរដូចជា+
បង្កើនប្រសិទ្ធភាពការងាររបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ចូលរួមទប់ស្កាត់បទល្មើសឆ្លងដែនតាម បណ្តាអាកាសយានដ្ឋានអន្តរជាតិ, ចូលរួមប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ចូលរួមប្រឆាំងនឹង ចរាចរណ៍គ្រឿងញៀន, លើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មស្របច្បាប់ និងចូលរួមជំរុញរំហូរភ្ញៀវទេសចរណ៍, មិនតម្រូវឱ្យយកកម្រៃសេវាពីភ្ញៀវទេសចរណ៍ និងមិនតម្រូវឱ្យបន្ថែមបន្ទុកចំណាយថវិការដ្ឋ ដែលជាការចូលរួម គាំទ្រដល់ ផែនទីចង្អុលផ្លូវ (Roadmap) ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយ វិបត្តិកូវីដ-១៩ ដែលរាជរដ្ឋាភិបាលបានដាក់ចេញកាលពីពេលថ្មីៗកន្លងមក ៕
ដោយ ៖ សុខ ខេមរា