ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងពាណិជ្ជកម្មដឹកនាំកិច្ចប្រជុំអន្តរក្រសួង ពិភាក្សា និងប្រមូលធាតុចូលលើសេចក្ដីព្រាងនៃកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត

ចែករំលែក៖

ភំ្នពេញ៖ លោក ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សា និងប្រមូលធាតុចូលលើខ្លឹមសារ នៃសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត ដែលមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធសរុបចំនួន ១៣ ស្ថាប័ន។​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​ពាណិជ្ជកម្ម​ បានឱ្យដឹងនៅព្រឹកថ្ងៃ​សៅរ៍​ទី​២៣​ ខែមេសា​ ឆ្នាំ​២០២២។ 

ក្នុងសុន្ទរកថាស្វាគមន៍ លោក ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២២ ខែមេសាម្សិលមិញនេះ​ នៅទីស្តីការក្រសួងពាណិជ្ជកម្ម បានថ្លែងអំណរគុណដល់តំណាងក្រសួង-ស្ថាប័នចំពោះការចំណាយពេលវេលាចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួងនេះ។ លោករដ្ឋលេខាធិការ​ ក៏បានជម្រាបជូនពីសាវតានៃការផ្តួចផ្តើមឱ្យមានសេចក្តីព្រាងកិច្ចព្រមព្រៀងខាងលើ ដោយក្នុងអំឡុងជំនួបរវាងក្រសួងពាណិជ្ជកម្ម និងឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ភាគីទាំងពីរបានគាំទ្រឱ្យមានការបង្កើតលិខិតតុបករណ៍ ដើម្បីប្រើប្រាស់ជាក្របខណ្ឌរៀបចំគណៈកម្មាធិការសេដ្ឋកិច្ចចម្រុះ សំដៅពង្រឹងភាពជាដៃគូ និងបន្តពង្រីកកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យឱ្យកាន់តែល្អប្រសើរ។ 

បន្ថែមពីនេះ ការផ្តួចផ្តើមនេះគឺស្របតាមស្មារតីនៃជំនួបសម្តែងការគួរសម រវាងរដ្ឋមន្រ្តីការបរទេសរបស់ប្រទេសទាំងពីរ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នៅព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនឹងនេះ លោករដ្ឋលេខាធិការ​រូបនេះ​ ក៏បានបង្ហាញពីសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងខាងលើនឹងផ្តល់នូវមូលដ្ឋានគតិយុត្តជាសារវ័ន្ត សម្រាប់កាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងអារ៉ាប៊ីសាអូឌីតនាពេលអនាគត តាមរយៈការបំពេញឱ្យគ្នាទៅវិញទៅមកនូវសក្តានុពលសេដ្ឋកិច្ច ការធ្វើពិពិធកម្មពាណិជ្ជកម្មនិងទីផ្សារការនាំចេញក្នុងតំបន់មជ្ឈឹមបូព៌ា និងការជំរុញវិនិយោគទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ សំដៅចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ប្រកបដោយចីរភាព និងបរិយាប័ន្ន។

សូមបញ្ជាក់ថា៖ សេចក្តីព្រាងនៃកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត បានបញ្ចូលកិច្ចសហប្រតិបត្តិការក្នុងវិស័យអាទិភាពសំខាន់ៗ ដូចជា៖ ពាណិជ្ជកម្ម, វិនិយោគ, ធនាគារ, កសិកម្ម, ឧស្សាហកម្ម, រ៉ែ និងថាមពល, ទូរគមនាគមន៍, អប់រំ, ទេសចរណ៍ និងហាឡាល។-ល-។៕

ដោយ​៖សហការី​


ចែករំលែក៖