ភ្នំពេញ ៖ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធាន សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) នៅយប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ បានបញ្ចេញជាទស្សនៈយោបល់ ពន្យល់អំពី «សិទ្ធិបញ្ចេញមតិ នៅក្នុងវប្បធម៌ខ្មែរយើង» ដោយលោកលើកឡើង ៥ចំណុចយ៉ាងដូច្នេះថា,
«សិទ្ធិបញ្ចេញមតិ នៅក្នុងវប្បធម៌ខ្មែរយើង»
១- បរទេសអាចមិនយល់ច្បាស់ពីឫសគល់វប្បធម៌យើង ក៏ប៉ុន្តែយើងជាខ្មែរខ្លួនឯង ត្រូវតែយល់អំពីវប្បធម៌យើងមុនគេ ដើម្បីយើងអនុវត្ត សិទ្ធិបញ្ចេញមតិ កាន់តែមានប្រយោជន៍ ទាំងក្នុងការរស់នៅ ក្នុងនយោបាយ និងការទំនាក់ទំនងសង្គមយើង។
២- ខ្មែរយើងទទួលយកទស្សនៈថា «មនុស្សមានសិទ្ធិស្មើគ្នា»។ ប៉ុន្តែ វប្បធម៌យើង មានការប្រកាន់យកទម្លាប់ «ត្រូវស្តាប់គ្នា» ហើយករណីជាច្រើន គឺត្រូវ «ស្តាប់បង្គាប់» ទៅទៀត នោះនៅត្រង់ថា៖ ក្មេង ត្រូវស្តាប់ចាស់, កូន ស្តាប់ឪពុកម្តាយ, សិស្ស ស្តាប់គ្រូ, បរិស័ទ្ទ ស្តាប់ព្រះសង្ឃ, កូនចៅ ស្តាប់ថ្នាក់ដឹកនាំ ហើយរដ្ឋធម្មនុញ្ញយើងបានចែងថា «ព្រះមហាក្សត្រ គឺមិនអាចបំពានបានទេ»។ ដូច្នេះ ទម្លាប់ទាំងឡាយខាងលើនេះ បើបំពាន គឺមានបញ្ហាហើយ។
៣- ពិតណាស់ ការបញ្ចេញមតិ ការសន្ទនារ វេទិកាពិភាក្សា ការផ្លាស់ប្តូរទស្សនៈ ការចែករំលែកលទ្ធផលស្រាវជ្រាវប្រែបវិទ្យាសាស្ត្រ គឺជាវប្បធម៌ល្អណាស់ សម្រាប់កែប្រែគុណភាពរស់នៅ សុខភាពប្រជាធិបតេយ្យ និងឈានទៅដោះស្រាយបញ្ហា ឬបន្ស៊ីភាពខុសគ្នា ដោយជៀសវាងបាននូវការប្រើកម្លាំង ហិង្សា និងអំពើព្រៃផ្សៃ។
៤- គ្មានមនុស្សណា មិនចេះស្តាប់ពាក្យពីរោះ សម្តីមានហេតុផល សម្តីមានសារៈប្រយោជន៍ និងភាសាថ្លៃថ្នូរនោះទេ។ ដូច្នេះ អ្វីដែលខ្ញុំចង់ចែករំលែកនៅទីនេះ គឺចង់ចូលរួមថា ខ្មែរសម័យថ្មី ត្រូវចេះប្រើប្រាស់ សិទ្ធិបញ្ចេញមតិ ស្របតាមលក្ខណៈខ្មែរ ស្របតាមចរិតខ្មែរ និងឱ្យមានប្រយោជន៍ដល់ការដោះស្រាយបញ្ហាសង្គមយើង ជៀសវាងបរទេសនិយម ឬប្រើចរិតក្រអឺតក្រទម បូកផ្សំការឈ្នានីស ក៏ដុតឱ្យខ្លោចរោចឱ្យឆៅ ដែលមិននាំទៅដំណោះស្រាយ បែរជាបង្កើតបញ្ហាបន្ថែមទៀតកាន់តែធ្ងន់ធ្ងរ។ យើងត្រូវទទួលស្គាល់ថា គេមិនអាចកែប្រែទំនៀមទម្លាប់ ក្នុងមួយពព្រិចភ្នែកបាននោះទេ។ ការបញ្ចេញមតិ ដោយទំនងជារឿងមួយ ហើយ «វប្បធម៌នៃការស្តាប់» ជារឿងលំបាកមួយទៀត។ ខ្ញុំមានការកត់សំគាល់ សូម្បីបរទេសមួយចំនួន ក៏ចូលចិត្តរុញខ្មែរតាមផ្លូវកាត់ ឱ្យចំកោងដាក់គ្នាដែរ។ ខ្មែរ ត្រូវរៀនសន្ទនារគ្នា។ បើសម្រាប់អ្នកនយោបាយ ត្រូវរៀនប្រើប្រាស់ «រដ្ឋសភា» ជាវេទិកាតស៊ូមតិ ឱ្យមានប្រយោជន៍ដល់សង្គម។ កុំចេះតែចង់គៀចផ្លូវកាត់ ស្រែកជំទាលតាមដងផ្លូវ ដើម្បីតថ្លៃអំណាចបក្ស ដែលវាមិនចម្រើនដល់សង្គមទេ។
៥- ខ្ញុំក៏គួររំលឹកថា រឿងរ៉ាវជាតិយើង ដែលបែកបាក់ក្នុងអតីតកាល គឺមកពី «ភាសាអុជអាល» ដែលបង្ករឿងតូចឱ្យទៅជាធំ កើតជាជម្លោះ ឈ្លោះប្រកាន់បក្ខពួក បង្កើតជាសត្រូវ ក្លាយជាសង្គ្រាម ដុតឆេះខ្លោចប្រទេសជាតិ នាំទុក្ខវេទនាខ្លោចផ្សារដល់ប្រជាជន។ មនុស្សដែលធ្លាប់ធ្វើល្អ ធ្លាប់តែគោរពស្រឡាញ់គ្នាសោះ ក៏ក្លាយជាមើលមុខគ្នាមិនចំ សង្ស័យ បែកបាក់ គឺដោយសារតែភាសាចាក់រុកនេះឯង។ ក្នុងស្ថានភាពខ្លះ ភាសាចាក់រុក គ្មានឥទ្ធិពលទេ។ ប៉ុន្តែ បើឆ្កៀលម្តងហើយម្តងទៀត ជាពិសេសស្របពេលស្ថានការណ៍ស្មុគស្មាញផ្គួបផ្សំថែមទៀត គឺពិតជាខ្លោចហើយ។ ឧទាហរណ៍ជាក់ស្តែងក្នុងប្រវត្តិសាស្ត្រថ្មីៗរបស់ជាតិយើង៖ សម្តេច សីហនុ និង លន់ ណុល ដែលគោរពស្រឡាញ់គ្នាសោះ ក៏ក្លាយជាសត្រូវមួយរំពេច រហូតកើតមានរដ្ឋប្រហារ ១៨មីនា ឆ្នាំ១៩៧០ តើមកពីអ្វី? ប៉ុល ពត ដែលអួតថា ស្រឡាញ់ប្រជាជន កសិករ កម្មករ ប៉ុន្តែប្រែក្លាយកម្ពុជាទៅជាវាលពិឃាត តើឫលគល់មកពីអ្វី? ក្នុងបរិបទខ្មែរយើង កុំនិយាយដល់ទៅការចង់កសាងស្ថាប័ននយោបាយឱ្យល្អ សូម្បីតែវប្បធម៌នយោបាយខ្មែរយើង ប្រហែលជាត្រូវការពេលវេលាវែងឆ្ងាយតទៅទៀត៕
ដោយ ៖ សុខ ខេមរា