ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីជំនាញ​រដ្ឋបាលជលផលខេត្តព្រៃវែង​ ចុះរុះរើ និងដុតបំផ្លាញ​ចោលលូ​ស្បៃ​មុង​១១០​មាត់

ចែករំលែក៖

ភ្នំពេញ៖​ បេី​តាមការបញ្ជាក់ពី​មន្រ្តីជំនាញ​រដ្ឋបាលជលផលខេត្តព្រៃវែង​ បានឱ្យដឹងនៅ​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២២​នេះថា៖​ ក្រុមការងារ​រដ្ឋបាល​ជល​ផលខេត្ត នៅពេលចុះ​ទប់ស្កាត់ និង​បង្ក្រាបបទល្មើស​ជលផល នៅតាម​តំបន់​អភិរក្ស​ត្រី​មេ​ពូជ ក្នុងភូមិ​សាស្ត្រ​ខេត្តព្រៃវែង​ បានរុះរើ និងដកហូតលូ​ស្បៃ​មុង​១១០​មាត់ យកមក​ដុត​បំផ្លាញចោលនៅនឹងកន្លែង។​

​មន្ត្រីជំនាញ​ បានគូសបញ្ជាក់ថា​៖ ចាប់ពី​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២២​ គ្រប់ផ្នែក និង​សង្កាត់រដ្ឋបាលជលផល នៃ​រដ្ឋបាល​ខណ្ឌ​ជលផល​ព្រៃវែង បាន​ចុះ​ត្រួតពិនិត្យ និង​ទប់ស្កាត់​បទល្មើស​នេសាទ នៅតាម​តំបន់​អភិរក្ស​ត្រី​មេ​ពូជ ដោយបាន​រុះរើ និង​ដុត​បំផ្លាញចោល លូ​ស្បៃ​មុង ១១០​មាត់ របាំង​ស្បៃ​មុង ប្រវែង ៤.៤៩០​ម៉ែត្រ បង្គោល​ចំរឹង ចំនួន​២.៧៦០​ដើម និង​ចាក់​លែង កូន​ត្រី​ចម្រុះ ចំនួន ១០១ គីឡូក្រាម ចូល​បឹង​ធម្មជាតិ​វិញ​។ 

សូមជម្រាបដែរថា​ អាជ្ញាធរ និងមន្ត្រីជំនាញនៅតាមបណ្ដាខេត្តជាប់បឹងទន្លេសាប បាននឹងកំពុងតែអនុវត្តបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បង្ក្រាបបទល្មើសនេសាទ ដើម្បីធ្វើឱ្យ ប្រសើរឡើងវិញ​នូវធនធានមច្ឆជាតិ​ និងលើកស្ទួយជីវភាពប្រជានេសាទ។

បេី​តាមការបញ្ជាក់ពី​លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង បានឱ្យដឹងដែរថា ក្នុងរយៈប្រមាណ៣ខែនៃយុទ្ធនាការបង្ក្រាបបទល្មើសនេសាទ ធ្វើឱ្យបទល្មើសធំៗ ដែលធ្លាប់​កើតមាននៅ ​ក្នុងតំបន់បឹងទន្លេសាបនៃខេត្តនេះ បានរលាយបាត់អស់ គឺនៅសេសសល់​តែបទល្មើស​តូចតាចប៉ុណ្ណោះ ដែលវាមិនបង្កហានិភ័យធ្ងន់ធ្ងរដល់ធនធានមច្ឆជាតិនោះទេ តែទោះជាយ៉ាង​ណា​ក៏ដោយការបង្ក្រាបបទល្មើសនេសាទនៅតែបន្ត។​ ក្នុងដំណាក់កាលបន្ទាប់ពីការបង្ក្រាបបទល្មើសនេសាទ ​គឺការខិតខំធ្វើយ៉ាងណា ឱ្យធនធានមច្ឆជាតិសម្បូរឡើងវិញ ។

ដោយឡែក​ចំពោះ​ខេត្តកំពង់ឆ្នាំងវិញ ប្រជានេសាទ បានកត់សម្គាល់ឃើញថា បន្ទាប់ពីការបង្ក្រាប​បទល្មើស​នេសាទ ការនេសាទ​ដោយប្រើប្រាស់ឧបករណ៍ មង សន្ទូច គឺអាចរកត្រីបានច្រើនជាងមុន ដែលពីមុនបានក្នុង១ថ្ងៃតែ១ម៉ឺន ទៅ១ម៉ឺន៥ពាន់រៀល​តែប៉ុណ្ណោះ ​ប៉ុន្តែបច្ចុប្បន្ន ពួកគេ​អាច​រក​ចំណូល​ពីការលក់ត្រី ពី៥ទៅ៨ម៉ឺនរៀល ក្នុង១ថ្ងៃ ​។ ចំណែកពូជត្រី ដែលមិនឃើញ​កាល​ពីឆ្នាំមុនៗ ​បានមានវត្តមានសារជាថ្មី ដូចជា ត្រីគ្រុំ ត្រីឆ្កោក ត្រីកេះ និងប្រភេទត្រីកម្រ​ផ្សេងៗទៀត៕

ដោយ​៖អារុណ​រះ


ចែករំលែក៖