ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ ៖ ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាត្រូវជ្រើសរើសយកមូលដ្ឋានគ្រឹះដើម្បីប្រើប្រាស់បានយូរអង្វែង និងប្រកបដោយប្រសិទ្ធភាពការងារ

ចែករំលែក៖

ភ្នំពេញ៖ ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា សំខាន់ត្រូវជ្រើសរើសយកមូលដ្ឋានគ្រឹះឱ្យបានរឹងមាំ ដើម្បីប្រើប្រាស់បានយូរអង្វែង និងមានប្រសិទ្ធភាពការងារ មិនខុសពីយើងសាងសង់អគារនិងផ្ទះសម្បែងដើម្បីរស់នៅនោះឡើយ។

  នេះជាការលើកឡើងរបស់លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងឱ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំមួយនៅសាលារាជធានីភ្នំពេញ ជាអាជ្ញាធរ មន្ទីរ អង្គភាពមួយចំនួនដែលគ្រប់គ្រងមន្ត្រីជាប់កិច្ចសន្យានៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ កញ្ញា ឆ្នាំ២០២២នេះ ។ 

    លោក កើត ឆែ បានមានប្រសាសន៍លើកឡើងថា៖ ការបើកឱ្យមានកិច្ចប្រជុំនេះឡើង គឺក្នុងគោលបំណងដើម្បីពង្រឹង និងគ្រប់គ្រងប្រសិទ្ធភាពការងាររបស់ មន្ត្រីជាប់កិច្ចសន្យាឱ្យបានល្អនិងការជំរុញឱ្យអាជ្ញាធរខណ្ឌ មន្ទីរ អង្គភាពដែលគ្រប់គ្រងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ ចាត់ចែងរៀបចំផែនការនៃការប្រើប្រាស់មន្ត្រីជាប់កិច្ចសន្យាបញ្ជូនមកសាលារាជធានីភ្នំពេញឱ្យទាន់ពេលវេលាកំណត់។

លោកអភិបាលរងរាជធានីបន្តថា៖ ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាយកមកប្រើប្រាស់ ដាច់ខាតត្រូវជ្រើសរើសមើលទៅលើមូលដ្ឋានគ្រឹះ បើគ្រឹះយើងរឹងមាំ ធនធានមនុស្សនោះនឹងប្រើប្រាស់បានយូរអង្វែង និងមានប្រសិទ្ធភាព មិនខុសពីយើងសាងសង់អគារនិងផ្ទះសម្បែង ដើម្បីរស់នៅនោះឡើយ។ 

    លោក កើត ឆែ បានបន្តទៀតថា៖ មន្ត្រីជាប់កិច្ចសន្យានៅរាជធានីភ្នំពេញមានចំនួនច្រើន មានទាំងនៅរដ្ឋបាលរាជធានី នៅតាមរដ្ឋបាលខណ្ឌទាំង១៤ និងនៅតាមអង្គភាពប៉ូលិសផងដែរ ដែលកិច្ចការងារគ្រប់គ្រងមន្ត្រីជាប់កិច្ចសន្យានេះត្រូវតែធ្វើឡើងឱ្យបានម៉ត់ចត់ ជាមួយការពង្រឹងប្រសិទ្ធភាពការងារឱ្យកាន់តែល្អ ដើម្បីផ្តល់ក្តីសុខនិងភាពកក់ក្តៅជូនប្រជាពលរដ្ឋ ។ 

លោកកើត ឆែ បានបញ្ជាក់ផងដែរថា៖ ការរៀបចំផែនការប្រើប្រាស់មន្ត្រីជាប់កិច្ចសន្យានៃរដ្ឋបាលរាជធានីភ្នំពេញសម្រាប់ឆ្នាំ២០២៣ លោកសូមឱ្យអាជ្ញាធរខណ្ឌ មន្ទីរ អង្គភាព ដែលគ្រប់គ្រងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ត្រូវចាត់ចែងរៀបចំផែនការនៃការប្រើប្រាស់មន្ត្រីជាប់កិច្ចសន្យា ដោយភ្ជាប់មកជាមួយនូវឯកសារតម្រូវឱ្យបានគ្រប់គ្រាន់ រួចបញ្ជូនមកសាលារាជធានីភ្នំពេញឱ្យបានយ៉ាងយូរត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ជាកំណត់ ដើម្បីយើងមានមូលដ្ឋានក្នុងការបូកសរុបរៀបចំផែនការប្រើប្រាស់ថវិកានិងគ្រប់គ្រងផែនការប្រើប្រាស់មន្ត្រីជាប់កិច្ចសន្យាសម្រាប់ឆ្នាំ២០២៣ ជូនទៅក្រសួងមហាផ្ទៃឱ្យបានទាន់ពេលវេលា៕ 


ដោយ៖ សំរិត


ចែករំលែក៖