ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋលេខាធិការ​ ក្រសួង​មុខងារ​សាធារណៈ​​ប្រជុំ​ផ្សព្វផ្សាយ​លិខិតបទដ្ឋាន​គតិយុត្តិ​នានា​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​បុគ្គលិក​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ នៅ​ខេត្ត​ស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង ៖ លោក ជុក មុន្នី រដ្ឋលេខាធិការ​ក្រសួង​មុខងារ​សាធារណៈតំណាង លោក ព្រុំ សុខា​ រដ្ឋមន្ត្រីក្រសួង​មុខងារ​សាធារណៈបានអញ្ជើញជាអធិបតីក្នុង​ប្រជុំ​ផ្សព្វផ្សាយ​លិខិតបទដ្ឋាន​គតិយុត្តិ​នានា​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​បុគ្គលិក​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ នៅ​ខេត្ត​ស្វាយរៀងនា​ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២២ នៅសាលប្រជុំសាលាខេត្តស្វាយរៀង​។

ក្នុងឱកាសនោះ ក៏មានការចូលរួមពី សំណាក់លោកអនុរដ្ឋលេខាធិការ លោកអគ្គនាយកនៃអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ លោកអភិបាលរងខេត្តស្វាយរៀង លោកគង់ចាន់ថនប្រធានមន្ទីរ លោកលោកស្រីអភិបាលរងក្រុងស្រុកប្រធានមន្ទីរអនុប្រធានមន្ទីរដែលពាក់ពន្ធ័ជាច្រើននាក់ផងដែរ។

ថ្លែងក្នុងឱកាសនោះលោករស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង រដ្ឋបាលខេត្តស្វាយរៀងបាន និងកំពុងផ្ដោតការយកចិត្តទុកដាក់ពង្រឹងការគ្រប់គ្រងមន្ត្រីរាជការ តាមរយៈ វិធានការអប់រំណែនាំ ដល់មន្ត្រីរាជការឱ្យមានទឹកចិត្តស្រលាញ់ការងារ និងមានភាពស្វាហាប់ក្នុងការបំពេញ ការងារ ប្រកាន់ខ្ជាប់នូវឥរិយាបថទាំង៤ វប្បធម៌សេវាសាធារណ: មនសិការវិជ្ជាជីវ: ឆន្ទៈម្ចាស់ការ និងភក្តីភាព លុបបំបាត់ភាពអសកម្ម និងជំរុញឱ្យមន្ត្រីរាជការមកបំពេញការងារឱ្យបានទៀងទាត់ ស្របតាមបញ្ញត្តិដែលមាន កំណត់នៅក្នុងអនុក្រឹត្យលេខ៥៦ អនក្រ.បក ស្តីពីការគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា ពង្រឹងការតែងតាំង ផ្លាស់ប្តូរ ការបញ្ចប់ភារកិច្ចមន្ត្រីរាជការ ដោយឈរលើគោលការណ៍ច្បាប់ នីតិវិធី លក្ខណ សម្បត្តិ និងអតីតភាពការងារ ប្រកបដោយតម្លាភាពគណនេយ្យភាព និងសមធម៌។

លោកបន្ថែមថា ដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន រាជរដ្ឋាភិបាលបានចាត់ទុកកំណែទម្រង់ អភិបាលកិច្ច គឺជាកិច្ចការដ៏មានសារៈសំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីឈានឆ្ពោះទៅ សម្រេចបាននូវឋានៈជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមាន ចំណូលខ្ពស់នៅឆ្នាំ២០៥០។

 ដើម្បីសម្រេចបាននូវគោលដៅនេះ រាជរដ្ឋាភិបាល បាននិងកំពុងធ្វើទំនើបកម្ម យ៉ាងទូលំទូលាយ និងស៊ីជម្រៅនូវប្រព័ន្ធអភិបាលកិច្ចតាមរយៈកម្មវិធីកំណែទម្រង់នានារួមមាន កម្មវិធីកំណ ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ(កំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ) កម្មវិធីកំណែរទម្រង់រដ្ឋបាលសាធារណ:កម្មវិធីកំណែរទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ កម្មវិធីកំណែរទម្រង់ច្បាប់និងប្រពន្ធ័យុត្តិធម៏និងកម្មវិធីកំណែរទម្រង់តាមវិស័យនានា។

ក្នុងឱកាសនោះ លោកជុក មុន្នី រដ្ឋលេខាធិការ​ក្រសួង​មុខងារ​សាធារណៈបាន​លើកឡើង​ថា ការផ្សព្វផ្សាយ​នេះ មាន​សេចក្តី​ណែនាំ​ចំនួន ២ ដែល​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​មន្ត្រី​នៅ​ថ្នាក់ក្រោម​ជាតិ​។ ទី​ ១. គឺ​ផ្តោត​សំខាន់​លើ​សេចក្តីណែនាំ​លេខ ៤៣០៧/២២ ​មស. សណន ស្តីពី​នីតិវិធី​នៃ​ការផ្តល់​ទិដ្ឋាការ​លើ​ការផ្លាស់ប្តូរ​ស្ថានភាព​រដ្ឋបាល និង​គ្រួសារ​របស់​មន្ត្រីរាជការ​ស៊ីវិល​នៅ​ថ្នាក់ក្រោម​ជាតិ​ដល់​រដ្ឋបាលខេត្ត រដ្ឋបាល​ក្រុង រដ្ឋបាល​ស្រុក និង​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​ស្វាយរៀង។

និង​ទី ​២. គឺ​ទាក់ទង​ទៅនឹង​សេចក្តីណែនាំ​ស្តីពី​គោលការណ៍ បែបបទ នីតិវិធី​នៃ​ការគ្រប់គ្រង​បុគ្គលិក រដ្ឋបាលខេត្ត ក្រុង ស្រុក​។

លោក​ បន្តថា លោក​រដ្ឋមន្ត្រី​ បានបង្កើត​ឱ្យ​មាន​ក្រុម​ការងារ​បន្ថែមទៀត ដើម្បី​ចុះទៅ​ផ្ទៀងផ្ទាត់​ធាតុ​ចូល​ការប្រមូល​នៅ​ទូទាំង ២១ ​រាជធានី​-​ខេត្ត​ទៀត ហើយ​សេចក្តី​ណែនាំ​នេះ ត្រូវ​បាន​ដាក់​អនុវត្ត​ជា​ផ្លូវការ​។

ហើយ​សម្រាប់​សេចក្តី​ណែនាំ​ទី​ ២ ស្តីពី​ការគ្រប់គ្រង​មន្ត្រី​ថ្នាក់ក្រោម​ជាតិ យើង​បានដឹង​ហើយ​ថា​សេចក្តីណែនាំ​នេះ គឺ​បំពេញ​ឱ្យ​សេចក្តី​ណែនាំ​អនុវត្ត​កន្លងមក​»​។

លោក​ រដ្ឋលេខាធិការ​ បានលើក​ឡើង​ទៀត​ថា​៖ «​ដើម្បី​ស្វែងយល់​បន្ថែមទៀត​អំពី​បទដ្ឋាន​គតិយុត្ត​នេះ បើ​បងប្អូន​មាន​បញ្ហា​អ្វី​មិនទាន់​ច្បាស់លាស់ ឬ​ការ​អនុវត្ត​ទៅ​មាន​ការ​លំបាក សូម​ចូលរួម​ជា​សំណួរ​ដោយផ្ទាល់ តាមរយៈ​ក្រុម​តេឡេក្រាម​ដែល​ក្រុម​ការងារ​បាន​បង្កើត ដើម្បី​យក​ទៅ​អនុវត្ត​នៅក្នុង​មន្ទីរ អង្គភាព រដ្ឋបាលខេត្ត ក្រុង ស្រុក នីមួយៗ​ឱ្យ​ទទួល​បាន​លទ្ធផល​ល្អប្រសើរ​» ។

លោកបានបន្ថែមថា កិច្ចប្រជុំ​ផ្សព្វផ្សាយ​លិខិតបទដ្ឋាន​គតិយុត្ត​នានា​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​បុគ្គលិក​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នេះ គឺជា​ផ្លែផ្កា​នៃ​ការអនុវត្ត​គោលនយោបាយ​វិមជ្ឈការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ធ្វើ​សមាហរណកម្ម​បង្ខិត​សេវា​មកកាន់​តែ​ជិត​ងាយស្រួល​ក្នុង​ការគ្រប់គ្រង និង​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​។

ក្នុងឱកាសនោះលោកក៏បានស្នើដល់លោក លោកស្រី ប្រធានមន្ទីរ អង្គ ភាព លោក អភិបាល ក្រុង ស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់ពិភាក្សា ឱ្យបានស៊ីជំរៅលើ ឯកសារដែលវាគ្មិនធ្វើបទបង្ហាញសម្រាប់ទុកជាបទពិសោធន៍ ចំណេះដឹងយកទៅអនុវត្តនៅតាមអង្គភាពរៀងៗខ្លួនឱ្យបានត្រឹមត្រូវតាមគោលការណ៍ណែនាំប្រកបដោយប្រសិទ្ធភាព៕

ដោយ៖ សុថាន


ចែករំលែក៖