ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីគូសបញ្ជាក់ពីសារៈសំខាន់ នៃវិស័យឯកជនក្នុងការស្ដារសង្គមសេដ្ឋកិច្ច អាស៊ានឡើងវិញ

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២  លើកឡើងថា ក្នុងបរិការណ៍ដែលស្ថានភាពសង្គម-សេដ្ឋកិច្ចបានត្រឡប់ទៅរកប្រក្រតីភាពឡើងវិញវិស័យឯកជនមានតួនាទីកាន់តែសំខាន់ និងមិនអាចខ្វះបានក្នុងការចូលរួមជាមួយអាស៊ានឱ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីជំរុញកិច្ចអភិវឌ្ឍតំបន់ ប្រកបដោយបរិយាប័ន្ន ភាពធន់ និងចីរភាព។

ថ្លែងក្នុងកិច្ចប្រជុំកំពូលធុរៈកិច្ច និង វិនិយោគអាស៊ានឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន ថាការជួយពីវិស័យឯកជនបានជួយដល់អាស៊ានក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ជាពិសេសការជំរុញការវិនិយោគផ្ទាល់ពីបរទេសបន្ថែមទៀត ក៏ដូចជាការទាញប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់អាស៊ាន ដែលមានស្រាប់ ជំរុញដល់ការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន បច្ចេកវិទ្យាឌីជីថល ការស្រាវជ្រាវ អភិវឌ្ឍន៍ និងការលើកកម្ពស់នវានុវត្តន៍។ ការអភិវឌ្ឍធនធានមនុស្ស តាមរយៈការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង និងចំណេះធ្វើការបណ្តុះបណ្តាលជំនាញឡើងវិញ (Re-skilling) និងការលើកកម្ពស់ជំនាញបន្ថែម (Upskilling)។ ការលើកកម្ពស់កិច្ចអភិវឌ្ឍប្រកបដោយភាតរភាពបរិស្ថាន និងការជំរុញឌីជីថលភាវូបនីយកម្ម ជាមួយនឹងការលើកកម្ពស់ការកាត់បន្ថយគម្លាតឌីជីថល បំពេញបន្ថែមនូវតម្រូវការផ្នែកហិរញ្ញវត្ថុសម្រាប់ការស្តារឡើងវិញនូវកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព។ល។

កិច្ចប្រជុំកំពូលធុរៈកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២២ បានចាប់ផ្ដើមកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ និងបញ្ចប់នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ កិច្ចប្រជុំបានធ្វើការពិភាក្សាដោយផ្ដោតទៅលើបញ្ហាសង្គ្រាមអ៊ុយក្រែន។បញ្ហាកូវីដ-១៩ ការស្ដារឡើងវិញនៃសង្គមសេដ្ឋកិច្ចនិងជាពិសេសទាក់ទងជាមួយនឹងគុណប្រយោជន៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលមានអ្នកចូលរួមពីបណ្ដាក្រុមហ៊ុនឯកជននិងមេដឹកនាំអាស៊ានមួយចំនួនផងដែរ។

សម្តេចតេជោលើកឡើងថា, ការសម្រេចបាននូវការស្ដារកំណើនសេដ្ឋកិច្ច ក៏ដូចជាការបើកដំណើរការសកម្មភាព សង្គម-សេដ្ឋកិច្ចឡើងវិញក្នុងតំបន់នាពេលកន្លងមក គឺមិនអាចសម្រេចបាននោះទេ ប្រសិនបើគ្មានការចូល រួមចំណែកយ៉ាងសកម្មពីវិស័យឯកជន ។ ខ្ញុំសូមឆ្លៀតយកឱកាសនេះកោតសរសើរដល់ក្រុមប្រឹក្សាពិគ្រោះ យោបល់ធុរកិច្ចអាស៊ាន ក្នុងការដាក់ចេញនូវសមិទ្ធផលការងារប្រចាំឆ្នាំ ព្រមទាំងលើកឡើងនូវអនុសាសន៍ ល្អៗមួយចំនួនសម្រាប់អាស៊ានពិចារណា ដែលគាំទ្របន្ថែមទៀតដល់ដំណើរការកសាងសហគមន៍សេដ្ឋ កិច្ចអាស៊ាន តាមរយៈការជួយធ្វើឱ្យកាន់តែស៊ីជម្រៅនូវសមាហរណកម្មសេដ្ឋកិច្ចតំបន់ ។

ក្នុងបរិការណ៍ដែលស្ថានភាពសង្គម-សេដ្ឋកិច្ចបានត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ, ខ្ញុំសូមគូស បញ្ជាក់ថា វិស័យឯកជនមានតួនាទីកាន់តែសំខាន់ និង មិនអាចខ្វះបាន ក្នុងការចូលរួមជាមួយអាស៊ានឱ្យ កាន់តែខ្លាំងក្លាថែមទៀត ដើម្បីជំរុញកិច្ចអភិវឌ្ឍតំបន់ ប្រកបដោយបរិយាប័ន្ន, ភាពធន់ និង ចីរភាព ដូចជា៖ (១). ការជំរុញសកម្មភាពសេដ្ឋកិច្ច, ពាណិជ្ជកម្ម, និង ការវិនិយោគ, ជាពិសេស ការជំរុញការវិនិយោគផ្ទាល់ ពីបរទេសបន្ថែមទៀត ក៏ដូចជាការទាញប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសរឺតំបន់អាស៊ ន ដែលមានស្រាប់; (២). ការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន, បច្ចេកវិទ្យាឌីជីថល, ការស្រាវជ្រាវ និង អភិវឌ្ឍន៍, និង ការលើកកម្ពស់នវានុវត្តន៍; (៣), ការអភិវឌ្ឍធនធានមនុស្ស តាមរយៈការផ្ទេរបច្ចេកវិទ្យា, ចំណេះដឹង និង ចំណេះធ្វើ ការបណ្តុះបណ្តាលជំនាញឡើងវិញ (Re-skilling) និង ការលើកកម្ពស់ជំនាញបន្ថែម (Upskiing); (៤). ការលើកកម្ពស់កិច្ចអភិវឌ្ឍប្រកបដោយភាតរភាពបរិស្ថាន និង ការជំរុញឌីជីថលភាវូបនីយកម្ម ជាមួយនឹងការលើកកម្ពស់ការកាត់បន្ថយគម្លាតឌីជីថល; (៥). ការបំពេញបន្ថែមនូវតម្រូវការផ្នែក ហិរញ្ញវត្ថុ សម្រាប់ការស្តារឡើងវិញនូវកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព ។ល។ 

ដោយ : សិលា


ចែករំលែក៖