ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពី នាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ជួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ឧត្ដមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ បានវាយតម្លៃខ្ពស់ចំពោះ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អលើគ្រប់វិស័យដែលកំពុងមាននៅពេលបច្ចុប្បន្ន រវាង ប្រទេសទាំងពីរ ដែលឈរលើស្មារតីជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងការជឿជាក់គ្នាទៅ វិញទៅមក នៅក្នុងជំនួបទ្វេភាគី នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីភ្នំពេញ។ នាយករដ្ឋមន្ត្រីទាំងពីរ បាន សម្តែងការពេញចិត្តចំពោះវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់នៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយក្នុង ប៉ុន្មានឆ្នាំចុងក្រោយនេះ និងបានឯកភាពគ្នាក្នុងការពង្រីក និងធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ ទំនងដ៏ជិតស្និទ្ធនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់អំពីការគាំទ្រយ៉ាងពេញទំហឹងរបស់កម្ពុជា និងបានជូនពរ ប្រទេសថៃឲ្យទទួលបានជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល APEC នាពេលខាងមុខ និងបានសម្តែងនូវសេចក្តីសោមនស្សរីករាយ ក្នុងការទទួលយកការអញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំ កំពូលនេះ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឋានៈជា “ភ្ញៀវរបស់ម្ចាស់ផ្ទះ»។
នាយករដ្ឋមន្ត្រីទាំងពីរ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបន្តឡើងវិញនូវកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ចម្រុះ (JCR) រវាងប្រទេសទាំងពីរ ដែលជាយន្តការខ្ពស់បំផុតនៃកិច្ចសហប្រតិបត្តិការទ្វេភាគី បន្ទាប់ ពីការផ្អាកមួយរយៈដោយសារជំងឺរាតត្បាត។ ឯកឧត្តម ឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូចា បានបញ្ជាក់ ថា ប្រទេសថៃនឹងទទួលធ្វើជាម្ចាស់ផ្ទះ JCR លើកទី៤ តាមពេលវេលាមួយសមស្រប។
ថ្នាក់ដឹកនាំទាំងពីរ បានកត់សម្គាល់ដោយការពេញចិត្តចំពោះកំណើននៃការផ្លាស់ប្តូរពាណិជ្ជកម្ម ទ្វេភាគី ចំពេលនៃបញ្ហាប្រឈមនានាបង្កឡើងដោយជំងឺរាតត្បាតកូវីដ-១៩ និងបានពិភាក្សាអំពី វិធានការជាក់ស្ដែង ដើម្បីជំរុញបន្ថែមទៀតនូវទំហំនៃការផ្លាស់ប្ដូរនេះឲ្យកើនដល់គោលដៅចំនួន ១៥ប៊ីលានដុល្លារអាមេរិក នៅក្នុងរយៈពេល២ឆ្នាំ។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើឱ្យភាគីថៃជួយទិញអង្ករកម្ពុជាបន្ថែមទៀត និងជួយសម្រួលនីតិវិធីនៃការនាំចូលកសិផលកម្ពុជាឆ្លងកាត់ព្រំដែន ចូលទៅប្រទេសថៃ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណរាជរដ្ឋាភិបាលថៃ ដែលបានជួយសម្រួលដល់ពលករ កម្ពុជានៅប្រទេសថៃ ជាពិសេសក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩ និងបានស្នើសមភាគី ថៃឱ្យបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធនៅក្នុងកិច្ចការនេះ។
ដើម្បីជំរុញពាណិជ្ជកម្មតាមព្រំដែន និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន នាយករដ្ឋមន្ត្រីទាំងពីរ បានឯកភាពប្រគល់ភារកិច្ចដល់អាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរ ដើម្បីពន្លឿនការបើកដំណើរការ ច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀន និងការបើកដំណើរការ «ស្ពានមិត្តភាព» ឱ្យបានឆាប់ ហើយនិងអនុវត្តកិច្ចព្រមព្រៀងដែលសម្រេចបាន ក្នុងកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថ នាពេលថ្មីៗនេះ ដើម្បីជំរុញការអភិវឌ្ឍតំបន់ព្រំដែន។
ថ្នាក់ដឹកនាំទាំងពីរក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ការអភិវឌ្ឍធនធានមនុស្ស វិស័យការពារជាតិនិងសន្តិសុខ ទេសចរណ៍ ការតភ្ជាប់ផ្លូវដែក ថាមពល ស្អាត ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដូចជា ការឆ្លងដែនខុសច្បាប់ និងការជួញដូរមនុស្ស។ ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សាគ្នាផងដែរអំពីការផ្លាស់ប្តូរការគាំទ្រគ្នាលើឆាកអន្តរជាតិ ។
សម្តេចតេជោនាយករដ្ឋមន្ត្រី និងលោក ឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ធអូឆា ក៏បានផ្លាស់ប្តូរយោបល់ លើបញ្ហាប្រឈមនានាដែលអាស៊ានកំពុងជួបប្រទះ ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលជាកង្វល់រួម ផងដែរ។ ឯកឧត្តម ឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា បានជូនពរសម្ដេចតេជោ នាយករដ្ឋមន្ត្រី ឱ្យទទួលបានជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា នៅរាជធានីភ្នំពេញ៕
ដោយ : សិលា