ខេត្តតាកែវ ៖ ការផ្តាំផ្ញើបែបនេះ នៅក្នុងឱកាសលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានដឹកនាំគណៈប្រតិភូអមដំណើរចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ នៅរោងចក្រសូឡាម៉ូឡា វិទ្យាល័យ អង្គរកា សហគមន៍នៃវត្តពុទ្ធគិរី និងផ្សារអង្គតាសោម នាថ្ងៃព្រហស្បតិ៍-សុក្រ ទី២៦-២៧ ខែមករា ឆ្នាំ២០២៣ នៅខេត្តតាកែវ ។
នាឱកាសនោះ លោកស្រីបានណែនាំដល់ម្ចាស់រោងចក្រ-សហគ្រាសធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយស្តីពីព័ត៌មាន និងសារៈសំខាន់នៃការចាក់វ៉ាក់សាំង ដល់កម្មកររោងចក្រ និងរៀបចំពេលវេលាដើម្បីឱ្យក្រុមគ្រូពេទ្យចុះមកចាក់វ៉ាក់សាំងដល់កម្មករនៅទីតាំងរោងចក្រផ្ទាល់ ចំណែករោងចក្រត្រូវធ្វើការកត់ត្រាព័ត៌មានចាក់វ៉ាក់សាំងរបស់កម្មករឱ្យបានត្រឹមត្រូវដើម្បីជួយរំលឹកពេលវេលាចាក់វ៉ាក់សាំងដូសបន្តបន្ទាប់ដល់កម្មកររបស់ខ្លួន។
លើសពីនេះ លោកស្រី បានមានប្រសាសន៍ថា មនុស្សចាស់ អ្នកមានជំងឺប្រចាំកាយ ចាំបាច់ត្រូវមកទទួលវ៉ាក់សាំងកូវីដ-១៩ ដើម្បីឱ្យប្រព័ន្ធរាងកាយមានភាពរឹងមាំ និងរក្សាបាននូវភាពសាំក្នុងសហគមន៍ក្នុងការការទប់ស្កាត់ការផ្ទុះសារជាថ្មីនូវជំងឺឆ្លងដ៏កាចសាហាវនេះក្នុងប្រទេសម្តងទៀត។ ចំណែកអ្នកវិជ្ជមានកូវីដ-១៩ អាចមកទទួលដូសបន្តបន្ទាប់ពីទទួលលទ្ធផលអវិជ្ជមានកូវីដ-១៩ ចាប់ពីបួនខែឡើងទៅ ។
ក្នុងជំនួបពិភាក្សារវាង លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន និង លោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ដោយមានការចូលរួមពី លោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា គណប្រតិភូក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត នៅសាលប្រជុំសាលាខេត្តតាកែវ បានឱ្យដឹងថាទោះមកដល់ពេលនេះរដ្ឋបាលខេត្តតាកែវនៅតែចលនាអប់រំប្រជាជនឱ្យមកទទួលវ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ដូស គ្រប់ពេលវេលា ហើយអ្នកមិនទាន់បានចាក់ដូសទី១ ក៏អាចមកទទួលវ៉ាក់សាំងកូវីង-១៩ នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈបានដែរ ។ ចំណែកកុមារ និងមនុស្សចាស់ដែលមិនមានមធ្យោបាយដំណើរ ឬរស់នៅតំបន់ដាច់ស្រយាល មន្ទីរសុខាភិបាលខេត្ត នឹងរៀបចំក្រុមគ្រូពេទ្យចល័តចុះទៅចាក់វ៉ាក់សាំងដល់តំបន់នោះផ្ទាល់តែម្តង ។
លោកស្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ លោកអភិបាល នៃគណៈអភិបាលខេត្តតាកែវ និងការដឹកនាំរបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ដែលបានខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងសាមគ្គីភាព រហូតដល់បានលទ្ធផលល្អគួរជាទីមោទនៈដល់ប្រទេសជាតិ។ ទោះជាយ៉ាងណាក្តី លោកស្រីនៅលើកទឹកចិត្តដល់រដ្ឋបាលខេត្តតាកែវនៅបន្តការផ្សព្វផ្សាយ អប់រំ ប្រជាពលរដ្ឋ ឱ្យមកទទួលវ៉ាក់សាំងឱ្យបានគ្រប់ដូស តាមរយៈវេទិការសាធារណៈ តាមកម្មវិធីបុណ្យនានា ឬផ្សព្វផ្សាយនៅតាមទីវត្តអារ៉ាម រោងចក្រសហគ្រាស ទីផ្សារ និងសាលារៀនផងដែរ។
លោកស្រី បានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល បានដាក់ឱ្យអនុវត្តការចាក់វ៉ាក់សាំងតាមទំលាប់ធម្មតា បន្ទាប់ពីចាក់ដូសទី៦ ក្នុងរយះពេល ៦ខែឡើងទៅ ដោយគោរពតាមគោលការណ៍ស័្មគ្រចិត្ត ដូចការចាក់វ៉ាក់សាំងផ្តាសាយធម្មតា ។
សូមបញ្ជាក់ផងដែរ បច្ចុប្បន្នទីតាំចាក់វ៉ាក់សាំងកូវីដ-១៩ មាននៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ទូទាំង ២៥ រាជធានី ខេត្ត ដែលផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋអាចទៅទទួលវ៉ាក់សាំងបាននៅគ្រប់ទីកន្លែងក្នុងប្រទេស៕
ដោយ ៖ សហការី