ខេត្តសៀមរាប ៖ គឺជាកម្មវិធីមួយនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ដប្រារព្ធឡើងក្នុងអត្ថន័យ ដើម្បីឧទ្ទិសដល់ព្រះចូឡាមុនីចេតិយរបស់ព្រះសម្មាសម្ពុទ្ធ ដែលប្រតិស្ឋាននៅឯឋានតាវត្តិង្ស, ដើម្បីបានរំដោះកម្មពៀរវេរា ដែលខ្លួនធ្លាប់បានសាងពីមុនមក និងជាការសាមគ្គីគ្នាក្នុងការប្រមែប្រមូលខ្សាច់របស់បងប្អូនប្រជាពលរដ្ឋចំណុះជើងវត្ត ដើម្បីយកខ្សាច់មកកសាងសំណង់សាសនានានា។ នេះជាថ្លែង របស់ លោក ហ៊ុនម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ហើយបង្ហោះជាផ្លូវការ របស់ផេក (ព្រឹត្តិការណ៍អង្គរសង្រ្កាន្តAngkor Sankranta)។
សូមជម្រាបថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ប្រជាពុទ្ធបរិស័ទតែងតែប្រារព្ធពិធីពូនភ្នំខ្សាច់ ដោយគេពូនភ្នំមួយធំនៅចំកណ្តាល និងភ្នំតូចៗ៤នៅសងខាង ធ្វើរាជវ័តព័ទ្ធជុំវិញ មានទ្វារចេញចូលបានទាំងបួនទិស ដែលហៅថា វាលុកចេតិយ។ បងប្អូន ប្រជាពលរដ្ឋខ្មែរយើងតែងមានជំនឿថា គ្រាប់ខ្សាច់១គ្រាប់ៗ ដែលចាក់ពូននោះ ផ្ដល់អានិសង្សដល់អ្នកដែលបានពូនភ្នំខ្សាច់នោះ ហាក់បីដូចជាបានចូលរួមកសាងព្រះចេតិយថ្វាយព្រះសម្មាសម្ពុទ្ធ ដែលនឹងទទួលបានអានិសង្សខ្ពស់បំផុត។
នេះជាកម្រងរូបភាពខ្លះៗ នៃការពូនភ្នំខ្សាច់ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី១៥ ខែមេសា នៅបរិវេណវត្តខាងត្បូងប្រាសាទអង្គវត្ត។
#១០ឆ្នាំនៃស្មារតីមហាគ្រួសារខ្មែរ #AngkorSankranta
#AS10 #UYFC #ក្តីស្រមៃនិងក្តីសង្ឃឹម។
សូមបញ្ជាក់ថា, -វាលុកចេតិយ , ជាពាក្យសាមញ្ញហៅថា «ពូនភ្នំខ្សាច់» ។ ការពូនភ្នំនេះគឺគេយកខ្សាច់សុទ្ធមកចាក់នៅកន្ដាលទីធ្លាដែលគេបានកំនត់ រួចពូនអោយចេញជារាងចេតិយបែរមុខទៅទិសខាងកើត ហើយគេសន្មត់ហៅថា «វាលុកចេតិយ» គឺតំនាងអោយព្រះចូលាមនីចេតិយដែលសាងសំរាប់បញ្ចុះព្រះកេសា និងព្រះចង្កូមកែវនៃព្រះពុទ្ធបរមគ្រូ ។ ការពូនភ្នំនេះ បច្ចុប្បន្នតំបន់ខ្លះ គេនិយមពូនភ្នំអង្ករនៅសាលាឆាន់ រឺក្នុងព្រះវិហារផងដែរ។ ភ្នំខ្សាច់ដែលគេពូនមិនមានកំនត់ថា ត្រូវមានខ្នាតតូចខ្ពស់ទាបប៉ុណ្ណាទេ គឺប្រព្រឹត្តទៅតាមការពេញចិត្តរបស់អ្នកស្អាង។ ប៉ុន្តែចាំបាច់ត្រូវមានភ្នំមួយនៅកន្ដាល ហើយត្រូវមានភ្នំតូចៗ ៤ ព័ទ្ធជុំវិញគ្រប់ទិសតូចទាំង ៤ ។ នៅជុំវិញភ្នំគេមានធ្វើរាជវត័ តុបតែងលំអស្លឹកដូង ស្លឹករំសែជាបួនជ្រុងមានទ្វារ ចេញចូលតាមទិសធំទាំង ៤ ។ នៅជុំវិញរាជវ័តគេមានរៀបរានទេវតាគ្រប់ទិសទាំង ៨។ នៅលើរានទេវតានិមួយៗគេរៀបស្លាធម៌មួយគូបាយសីមួយថ្នាក់ មួយគូ ទៀន៥ ធូប៥ ផ្កាភ្ញី និងអុជទៀនធូបថ្វាយ ។ នៅពីមុខភ្នំខ្សាច់ក្រៅរាជវត័ គេរៀបរានធំៗបីទៀត សំរាប់ថ្វាយព្រះយមរាជ ស្ថិតនៅកន្ដាលខាងឆ្វេងរានព្រះយមរាជ គឺរានព្រះពុទ្ធគុណ និងខាងស្តាំគឺរានព្រះពិស្នុការរានធំទាំងបីនេះ គឺគេរៀបគ្រឿងសក្ការៈបូជាដូចរានទេវតាដែរ តែបាយសីខ្ពស់រហូតដល់ ៩ថ្នាក់ និងមានដាក់សំលៀកបំពាក់ឆ្វេងស្តាំ ហើយមានដាក់ក្រយាថ្វាយសោយទៀតផង។ ការសាងវាលុកចេតិយនេះ ដោយគេសំគាល់ថា នឹងបានជាផល្លានិសង្សវិសេសវិសាលណាស់ ដូចមានសំដែងក្នុងរឿង «អានិសង្សវាលុកចេតិយ» មហាសំការសូត្រ ៕
ដោយ ៖ សិលា