ព័ត៌មានទាន់ហេតុការណ៍៖

សត្វ ត្លុម មានវត្តមានច្រើននៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ

ចែករំលែក៖

ខេត្តតាកែវ ៖ ត្លុម ជាសត្វស្លាបកំពុងមានវត្តមានច្រើននៅក្នុង តំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងខេត្ត តាកែវ ។ សត្វប្រភេទនេះត្រូវបានគេឱ្យដឹងថាសម្បូរច្រើនបំផុតនារដូវកសិករធ្វើស្រែ ពិសេសនារដូវច្រូតកាត់ដែលវាចូលចិត្តស៊ីស្រូវទុំជាអាហារ។ សត្វ ត្លុម ជាប្រភេទសត្វដែលមានជើងវែង សម្បុរដូចខ្វែកត្រោក មានវារិជជាតិជាចំណី ។

លោក ឈឿន សុជាតិ មន្រ្តីឧទ្យានុរក្ស និងជាអ្នកថតរូបសត្វស្លាបប្រចាំនៅតំបន់ការពារទេសភាព បឹងព្រែកល្ពៅ បានបញ្ជាក់ឱ្យដឹងថា”សត្វត្លុមសម្បូរច្រើននៅក្នុងតំបន់ ការពារទេសភាពបឹងព្រែកល្ពៅ ។ ឃើញវាសម្បូរបំផុតនារដូវស្រូវទុំ ឬកន្លែងគេធ្វើស្រែ គឺសម្បូរច្រើន ណាស់។ឱ្យតែដល់រដូវនេះវាយំត្លុមៗៗ…ពេញស្រែហើយ”។ មន្រ្តីឧទ្យានុរក្ស ប្រចាំ តំបន់ ការពារទេសភាព បឹងព្រែកល្ពៅ រូបនេះបានប្រាប់ឱ្យដឹងបន្ថែមថា៖”សត្វត្លុមជាសត្វឆាប់ផ្អើល មិនងាយថតរូបបានទេ ហើយរូបដែលលោកថតបាននេះ គឺជាសត្វត្លុមឈ្មោលតែប៉ុណ្ណោះ ។ បើវាឃើញយើងវារត់ពួនចូលក្នុងស្រែបាត់ហើយ គឺ វាកម្រចេញមកឱ្យឃើញណាស់។វាចូលចិត្តយំទាំងពេលថ្ងៃ ពេលល្ងាច ឬ យប់”។

លោក ឈឿន សុជាតិ បានបញ្ជាក់បន្ថែមថា”កសិករយើងភាគច្រើនបានលឺតែសម្លេងសត្វនេះយំតែកម្របានឃើញរូបរាងវាពិតណាស់ ទាំងនេះដោយសារតែវាផ្អើល និង ពូកែ រត់ពួន”។ ទាក់ទិនសត្វត្លុមនេះដែរ លោកសុជាតិបានប្រាប់ឱ្យដឹងថានៅតំបន់ ការពារទេសភាពបឹងព្រែកល្ពៅសម្បូរសត្វនេះ ហើយសូម្បីតែនៅក្រៅតំបន់ អភិរក្ស ក៏គេឃើញវត្តមានវាផងដែរ។

ជាមួយគ្នានេះ លោក ឈឿន សុជាតិ បានរំលឹកប្រាប់ថា”កាលពីពេលខ្ញុំចូលបំពេញការងារជាមន្រ្តីឧទ្យានុរក្ស គឺរយៈពេល៥ឆ្នាំមកនេះឃើញថាចំនួនសត្វស្លាបបានកើនឡើងជាបន្តបន្ទាប់។ ដោយកាលពីដំបូងឡើយយើងមានសត្វស្លាបត្រឹមតែប្រមាណជាង៧០ប្រភេទ ប៉ុណ្ណោះ ប៉ុន្តែក្នុងរយៈពេល៥ឆ្នាំដែលខ្ញុំចូលមកបំពេញការងារនេះ និង ពិសេសបានតាមដានពីវត្តមានសត្វព្រៃផ្សេងៗហ្នឹង គឺយើងកត់ត្រាបានច្រើនជាង ១៤០ប្រភេទហើយ ក្នុងនេះរាប់ទាំង សត្វប្រភេទតូច ប្រភេទធំ សត្វកម្រសត្វបន្លាស់ទី ជាដើម”។

គួរបញ្ជាក់ថា បើតាមការថ្លែងបញ្ជាក់ ពីសំណាក់លោកនេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួង បរិស្ថាននាកន្លងមក បានឱ្យដឹងថា តំបន់ការពារ ទេសភាពបឹងព្រែកល្ពៅ ក្រៅពីមានវត្តច្រើនប្រភេទហើយ តំបន់នេះក៏មានវត្តមានសត្វត្រដក់ធំ ដែលជាប្រភេទសត្វស្លាបជិតផុតពូជ និងប្រភេទសត្វស្លាបទឹកមួយចំនួន ដូចជាត្រយងខ្លួនស ត្រយងខ្លួនរលោង រនាលពណ៌ ចង្កៀលខ្យង ទុងប្រផេះជាដើម ដែលចុះមករកចំណីក្នុងតំបន់នេះ។

បើតាមមន្រ្តីនាំពាក្យរូបនេះបានលើកឡើងដោយបញ្ជាក់ឱ្យដឹងដែរថា ក្រៅពីផ្ដល់ជម្រក និងចំណី ដល់ប្រភេទសត្វស្លាបផ្សេងៗ តំបន់ដីសើមមួយនេះ ក៏បានផ្ដល់ផលប្រយោជន៍ដល់សហគមន៍ គាំទ្រដល់ជីវភាពរបស់ពលរដ្ឋ តាមរយៈការផ្ដល់ជាប្រភពទឹក អាហារ ត្រី ធនធានផ្សេងៗជាច្រើនទៀត។ជាមួយគ្នានេះតំបន់នេះ ក៏មានតម្លៃផ្នែក សោភ័ណភាព ទេសចរណ៍ធម្មជាតិ បេតិកភណ្ឌ័វប្បធម៌ ការសិក្សាស្រាវជ្រាវ និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀតផង ៕

ដោយ៖ សូរិយា


ចែករំលែក៖