ព័ត៌មានទាន់ហេតុការណ៍៖

Hull City ធ្លាក់ចេញពីPremier Leagueក្រោមថ្វៃជើងរបស់Crystal Palace

ចែករំលែក៖

ក្លិប Hull Cityបានធ្លាក់ទៅលេងក្របខ័ណ្ឌអង់គ្លេស Championship វិញហើយក្រោយបរាជ័យយ៉ាងធ្ងន់នៅក្នុងទឹកដីរបស់ ក្លិប Crystal Palace។

ក្រុមបាល់ទាត់ Hull City គឺជាក្រុមទី៣បន្ទាប់ពី Middlesbrough និង Sunderland ដែលត្រូវធ្លាក់ពី Premier League ទៅលេងនៅ Championship រដូវកាលក្រោយ បន្ទាប់ពីចាញ់ម្ចាស់ផ្ទះ Crystal Palace ៤-០ ក្នុងសប្ដាហ៍ទី៣៧នៅយប់ថ្ងៃអាទិត្យទី១៤ ខែឧសភា ឆ្នាំ២០១៧។

មុនការប្រកួតក្នុង Hull ត្រូវការឈ្នះដាច់ខាតដើម្បីបន្តឱកាសនៅក្របខ័ណ្ឌកំពូលរបស់អង់គ្លេស តែបែរជាភ្លាត់ស្នៀតរបូតគ្រាប់បាល់ក្រោយចាប់ផ្ដើមការប្រកួតបានតែ២នាទីនិង១១វិនាទី ស៊ុតចូលដោយ Wilfried Zaha។ នៅនាទីទី៣៤ Christian Benteke ស៊ុតគ្រាប់ទី២ឱ្យ Crystal។ ចុងតង់ទី២ គឺនាទីទី៨៥និងនាទីទី៩០ ក្រុមលោក Sam Allardyce រកបាន២គ្រាប់ថែមទៀតតាមរយៈបាល់ពិន័យ១១ម៉ែត្ររបស់ Milivojevic និង Patrick van Aanhol។

ឆ្លងតាម៣៧ប្រកួតក្រុម Hull មាន៣៤ពិន្ទុតាមពីក្រោយក្រុម លេខ១៧ រហូតដល់ទៅ៤ពិន្ទុ ខណៈនៅសល់តែមួយប្រកួតទៀតប៉ុណ្ណោះនឹងចប់រដូវកាល៕ ដេវីត


ចែករំលែក៖