ព័ត៌មានទាន់ហេតុការណ៍៖

សត្វស្លាបដ៏កម្ររាប់ពាន់ក្បាលកំពុងបង្ហាញខ្លួនដល់អ្នកទេសចរនៅខេត្តព្រៃវែង

ចែករំលែក៖

ខេត្តព្រៃវែង ៖ ស្ទើរជារៀងរាល់ថ្ងៃមានសត្វស្លាបប្រភេទ ននៀលខ្ចង គ្រៀលខ្ចង កុក ទុង រាប់ពាន់ក្បាលមកចុះស៊ូចំណីនៅកណ្ដាលវាលស្រែរបស់កសិករ ត្រង់ចំណុចភូមិ-ឃុំបាបោង ស្រុកពាមរក៍ ខេត្តព្រៃវែង ដែលមានចម្ងាយជាង៤គីឡូម៉ែត្រ ពីទីតាំងមណ្ឌលអភិរក្សធនធានធម្មជាតិ «បឹងស្នេហ៍ព្រៃព័ន្ធតាឡឺ» ដែលមើលទៅអាចទាក់ទាញភ្ញៀវទេសចរ ឲ្យឈប់រថយន្តគយគន់ហ្វូងសត្វស្លាបដ៏កម្រទាំងនេះយ៉ាងគាប់ភ្នែក ។

ប្រជាកសិកររសើនៅភូមិបាបោង បានឲ្យដឹងថា សត្វបក្សីទាំងនេះ តែងតែហោះហើរជាហ្វូងៗមកចុះតាមវាលស្រែ ដែលពួកគាត់កំពុង ភ្ជួររាស់ធ្វើស្រូវនារដូវវស្សានេះ គឺស្របពេលដែលទឹកកំពុងឡើងសន្សឹមៗដែលពីមុនមកមិនធ្លាប់មានទេ តែអីឡូវនេះវាមកពពាក់ពពូននៅទីនេះយ៉ាងច្រើនជាហេតុធ្វើឱ្យមនុស្សភ្ញាក់ផ្អើលនឹងវត្តមានពួកវារហូតអ្នកដំណើរឆ្លងកាត់ទ្រាំឈប់មើលមិនបានក៏ចុះថតយករូបភាពមើលទៅគួរឲ្យចម្លែកដែរ ព្រោះសត្វទាំងនេះមានពណ៌ ស និងចម្រុះពណ៌ផ្សេងទៀត ដោយមើលពីចម្ងាយប្រៀបដូច គេបាចសំឡីកណតាលវាលស្រែ ។

លោក ប៉ាន់ យន មន្ត្រីអង្គការ WOMEN នៅមណ្ឌលអភិរក្ស ធនធានធម្មជាតិនិងទេសចរណ៍ បឹងស្នេហ៍ ព្រៃព័ន្ធតាឡី បានឱ្យដឹងថាបឹងដែលអង្គការ លោកកំពុងអភិរក្សមានទំហំ ៨០ ហិកតា មានអ្នកប្រចាំការ៥នាក់ ជារៀងរាល់ថ្ងៃ តែងតែចុះល្បាតជាប្រចាំមិនថា ពេលព្រឹក ពេលថ្ងៃ ឬ ពេលយប់ឡើយ មិនឲ្យមនុស្សម្នាប្រមាញ់សត្វស្លាបទាំងនេះឡើយ ។

ទោះបីជាមានភ្លៀងផ្គរ ក៏ក្រុមលោកសហការជាមួយក្រុមសមត្ថកិច្ចចុះត្រួតពិនិត្យដែរ ព្រោះខណៈមេឃកំពុងមានភ្លៀងជាឱកាសអ្នកប្រព្រឹត្តបទល្មើសលួចទាក់ បាញ់ ចាប់សត្វ និងនេសាទពួកវា។

លោកប៉ាន់ យន បញ្ជាក់ថា  កាលពីឆ្នាំ២០១៤កន្លងទៅ យើងបានបង្ក្រាបបានអ្នកដើរប្រមាញ់សត្វ និងចាប់ពស់ យកទៅអប់រំណែនាំឱ្យគាត់យល់ពីច្បាប់ដែនអភិរក្ស និងចាប់ពីឆ្នាំ២០១៥ រហូតមកដល់ឆ្នាំ២០១៦ នេះ មិនមានបទល្មើសដូចជាចាប់សត្វ ឬនេសាទត្រីនៅឡើយទេ ។ការអភិរក្សសត្វស្លាបនេះទៀតសោត គឺអង្គការរបស់លោកអភិរក្សមានដូចជាសត្វក្រៀលខ្ចង អានៀលខ្ចង  កុក ទុង  ទាទឹក លលក ។ល។ ដែលសរុបទាំងអស់ គឺមានចំនួនជាង២ម៉ឺនក្បាល ហើយបើសរុបទាំងសត្វស្លាបបាននិងបម្លាស់ទីមកកាន់បឹងស្នេហ៍នេះ មានចំនួនមិនក្រោមពី១០ម៉ឺនក្បាលទេ ដែលនេះជាផ្នែកមួយសម្រាប់ទាក់ទាញភ្ញៀវទេសចរផងដែរ ៕ ប្រាថ្នា

_____


ចែករំលែក៖