ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថខេត្តឃាត់ខ្លួនជនបរទេស៣នាក់ ករណីរក្សាទុកសារធាតុញៀន

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ជនសង្ស័យជាជនបរទេស៣នាក់ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ចុះបង្ក្រាបករណីរក្សាទុក ឬ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀនបានជាបន្តបន្ទាប់ ក្នុងរយៈពេល២ថ្ងៃ។

ពាក់ព័ន្ធករណីនេះមន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀងបានឲ្យដឹងថាកាលពីវេលាម៉ោង៧យប់ថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិតក្រោមបញ្ជាផ្ទាល់លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត កម្លាំងមន្ទីរ យុត្តិធម៌ សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ចុះបង្ក្រាបករណីរក្សាទុក ឬ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ឃាត់ខ្លួនបានមនុស្ស២នាក់ ។ សមត្ថកិច្ចបានបន្តថា ជនសង្ស័យ ឈ្មោះ អាល់ បឺត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី មានទីលំនៅភូមិបាវិតកណ្ដាល សង្កាត់បាវិតក្រុងបាវិត ខេត្តស្វាយរៀង និងឈ្មោះ ត្រឹង ដាំងហ្វា ប្រុស អាយុ ២៨ ឆ្នាំជនជាតិវៀតណាម មានទីលំនៅភូមិបាវិតកណ្ដាលសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ប្រភពព័ត៌មានបានបន្តថាក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូតសម្ភារដូចជា ម្សៅក្រាមពណ៌សថ្លា ចំនួន៨កញ្ចប់ ម្សៅខេចំនួន២កញ្ចប់ ថ្នាំគ្រាប់ពណ៌ប្រផេះចំនួន១០ គ្រាប់ និងទូរស័ព្ទចំនួន៤គ្រឿង ។

នៅវេលាម៉ោង១២ថ្ងៃត្រង់ទី២៥ខែកញ្ញាឆ្នាំ២០១៧ ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងសមត្ថកិច្ចបាន ឃាត់ខ្លួនមនុស្សម្នាក់ទៀតមានឈ្មោះ ប៊ូឌី ស៊ូបាក់ទី ប្រុសអាយុ ២៩ ឆ្នាំជនជាតិឥណ្ឌូនេស៊ី មានទីលំនៅភូមិបាវិតកណ្ដាល សង្កាត់បាវិតក្រុងបាវិត ព្រមទាំងសម្ភារដកហូតបាន ម្សៅក្រាមពណ៌សថ្លាចំនួន៣កញ្ចប់ ថ្នាំគ្រាប់ពណ៌ប្រផេះចំនួន ៣២គ្រាប់ ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន១ សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន ទៀត ។

បច្ចុប្បន្នជនសង្ស័យ ទាំង៣នាក់និងវត្ថុតាងសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជួនទៅតុលាការ ចាត់ការតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖