ព័ត៌មានទាន់ហេតុការណ៍៖

កម្មករម្នាក់បាក់ដងសន្ទួចស្ទួចស៊ីម៉ងត៍សង្កត់ស្លាប់នៅកន្លែងកើតហេតុ

ចែករំលែក៖

ប៉ោយប៉ែត៖ បុរសម្នាក់ជាកម្មករសំណង់​ត្រូវបាក់ដងសន្ទូចសង្កត់លើស្លាប់ កាលវេលាម៉ោង៥និង៤៥នាទីល្ងាច នៅថ្ងៃទី១៥ ខែ កញ្ញា ឆ្នាំ២០១៨ នៅចំណុចក្រោយអគារដើមស្រល់ ឋិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ជនរងគ្រោះឈ្មោះ ម៉ីន ណាន ភេទប្រុស អាយុ២៥ឆ្នាំ ស្រុកកំណើតនៅចំការលើ ស្រុកចំការលើ ខេត្តកំពង់ចាម បច្ចប្បន្នស្នាក់នៅកន្លែងក្រឡុកស៊ីម៉ង់ត៍ ក្នុងភូមិករទំនប់ក៥ ។

សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះត្រូវរថយន្តស្ទួចបាក់សង្កត់ជាប់លើរថយន្ត ពេលកំពុងឡើងស៊ីញ៉ូបញ្ជារថយន្តស្ទូចលើកបន្ទះស៊ីម៉ង់ត៍ ដាក់ចុះនៅកន្លែងកើតហេតុ។

ករណីបាក់គល់ដងស្ទូចខាងលើនេះ គេសង្ស័យថា ដោយសារផ្ទុកលើសទម្ងន់ធ្វើឲ្យបាក់ហើយសង្កត់ជនរងគ្រោះជាប់លើរថយន្តបណ្តាលឲ្យស្លាប់នៅនឹងកន្លែងតែម្តង ។

ប្រភពថា ក្រោយកើតហេតុ សាច់ញាតិបានបញ្ជូនជនរងគ្រោះទៅវត្តឃស្ថារាម ហៅវត្ត ត្រាច ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ប៉ុន្តែសង្ស័យថា ជនរងគ្រោះមិនទាន់ស្លាប់សាច់ញាតិក៏ដឹកបន្តទៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត លុះក្រុមគ្រូពេទ្យពិនិត្យតាមបច្ចេកទេស ប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។

ករណីខាងលើនេះ អ្នកបញ្ជារថយន្តស្ទូចក្រោយកើតហេតុ បានគេចខ្លួនបាត់។

ជុំវិញករណីនេះ នគរបាលជំនាញប្រាប់តាមទូរស័ព្ទថា សពត្រូវបានសាច់ញាតិដឹកទៅស្រុកកំណើត ដើម្បីធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែករថយន្តស្ទូចនោះ ស្ថិតនៅកន្លែងកើតហេតុនៅឡើយ មិនអាចយកទៅណាបានទេ ព្រោះខ្លាចមានបញ្ហាថែមទៀត នៅតាមដងផ្លូវពេលយកទៅអធិការដ្ឋាននគរបាលក្រុងនោះ។ សមត្ថកិច្ចប្រាប់ថា ខាងក្រុមហ៊ុនរង់ចាំដោះស្រាយជានិច្ចជាមួយគ្រួសាររងគ្រោះ ៕ វណ្ណា


ចែករំលែក៖