ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ អាជ្ញាធរខេត្តតាកែវឃុបឃិតជាមួយមន្ត្រីជលផលអនុញ្ញាតឲ្យជនជាតិវៀតណាមចូលនេសាទក្នុងស្រុកអង្គរបុរី

ចែករំលែក៖

ប្រជាពលរដ្ឋខ្មែរម្ចាស់ទឹកដីរស់នៅក្នុងស្រុកអង្គរបុរី ខេត្តតាកែវ កំពុងរងការឈឺចាប់ជាពន់ពេក ដោយសារតែក្រុមមន្ត្រីជលផលហាមឃាត់ពួកគាត់ជាដាច់ខាតមិនឲ្យនេសាទ ប៉ុន្តែបែរជាអនុញ្ញាតឲ្យជនជាតិវៀតណាមចូលមកនេសាទយ៉ាងគគ្រឹកគគ្រេងទាំងយប់ ទាំងថ្ងៃ ក្រោមលេសថា បើមិនឲ្យគេនេសាទ ក៏ត្រីទាំងនោះហូរតាមទឹកទៅប្រទេសវៀតណាមដែរ។ អាជ្ញាធរខេត្តតាកែវត្រូវបានប្រជាពលរដ្ឋចោទថា បានទទួលផលប្រយោជន៍ពីមន្ត្រីជលផលទាំងនោះ ទើបបានជាស្ងាត់ស្ងៀមបណ្តោយឲ្យទូកវៀតណាមរាប់រយគ្រឿងចូលមកនេសាទប្រព្រឹត្តល្មើសរៀងរាល់ថ្ងៃ។

នាយផ្នែករដ្ឋបាលជលផលអង្គរបុរីលោក អ៊ឹម ផាត ត្រូវគេអះអាងថា ជាអ្នកដែលបានដើរតួនាទីសម្របសម្រួលក្នុងការអនុញ្ញាតឲ្យជនជាតិវៀតណាមចូលមកនេសាទក្នុងភូមិសាស្ត្រស្រុកអង្គរបុរី និងបុរីជលសារ ដោយប្រើឧបករណ៍នេសាទល្មើសច្បាប់គ្រប់ប្រភេទ។ ឥឡូវនេះ បញ្ហាដែលលេចធ្លាយត្រូវបានប្រជាពលរដ្ឋឲ្យដឹងថា គ្រាន់តែរបាំងព្រួល១ខ្សែ ត្រូវចំណាយឲ្យលោកអ៊ឹម ផាតចាប់ពី២ពាន់ដុល្លារដល់៣ពាន់៥រយដុល្លារ។ នៅក្នុងភូមិសាស្ត្រសុ្រកអង្គរបុរី និងស្រុកបុរីជលសារ មានដាយ ឬក៏របាំងព្រួលរាប់រយកន្លែង ។ ដូច្នេះក្នុងមួយរដូវនេះ លោកអ៊ឹម ផាត ក៏ដូចជាលោកខឹម ប៊ុនថន និងណែនាំដោយលោក សៅ កុសល នាយខណ្ឌរដ្ឋបាលជលផលតាកែវអាចរកចំណូលបានរាប់ម៉ឺនដុល្លារ ក្រោយចែករំលែកឲ្យថ្នាក់ដឹកនាំខេត្តរួចមក។

មិនតែប៉ុណ្ណោះទេ បទល្មើសនេសាទនៅក្នុងស្រុកអង្គរបុរី តាមរយការអនុញ្ញាតឲ្យអ្នកនេសាទវៀតណាមចូលធ្វើសកម្មភាពនោះ ក៏មានពាក់ព័ន្ធផលប្រយោជន៍ផងដែរចំពោះក្រុមមន្ត្រីអធិការជលផលទន្លេមេគង្គ ដែលមានលោក ផុន ចេតនា ជាអ្នកដឹកនាំ។ គ្រាន់តែនៅស្រុកអង្គរបុរី គេអាចបិទភ្នែកអនុញ្ញាតឲ្យជនជាតិវៀតណាមប្រព្រឹត្តល្មើសបានលុយរាប់សែនដុល្លារ។ អាជ្ញាធរខេត្តតាកែវមិនអាចនិយាយថា គ្មានបទល្មើសនេសាទនោះទេ ពីព្រោះទូកនេសាទវៀតណាមរាប់រយគ្រឿងប្រមូលយកសូម្បីតែខ្យងក៏មិនលើកលែងនោះគឺជាភស្តុតាង។ ការដាក់ដាយ របាំងព្រួល សម្រាស់… សុទ្ធតែអាចមើលដោយភ្នែកទទេឃើញ គឺជាបទល្មើសដែលមិនអាចប្រកែកបាន។

ពួកមន្ត្រីជលផលយកលុយពីការអនុញ្ញាតឲ្យជនជាតិវៀតណាមចូលនេសាទ ប៉ុន្តែខ្មែរគ្នាឯងបែរជាហាមឃាត់។ មិនតែប៉ុណ្ណោះ បើជនជាតិខ្មែរណាហ៊ានបំពាននឹងការហាមឃាត់ត្រូវក្រុមមន្ត្រីជលផលទាំងនោះចាប់បង្ក្រាបដាក់គុកច្រវាក់មិនខានឡើយ។ បណ្តាជនខ្មែរដែលនេសាទដើម្បីចិញ្ចឹមក្រពះត្រូវបានក្រុមមន្ត្រីជលផលខេត្តតាកែវមានលោក សៅ កុសល, ខឹម ប៊ុនថន ជាពិសេសលោកអ៊ឹម ផាតចាប់ដាក់គុកច្រវាក់មិនខានឡើយ។ ប៉ុន្តែសម្រាប់ជនជាតិវៀតណាម ពួកមន្ត្រីជលផលទាំងនេះដាក់កម្លាំងការពារឲ្យគេនេសាទទៀតផង៕

លោកខឹម-ប៊ុនថន


ចែករំលែក៖