ព័ត៌មានទាន់ហេតុការណ៍៖

ចិនបើករថយន្តចេញពីហាងត្រូវខ្មែរបើកម៉ូតូបុករបួសធ្ងន់២នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ បើករថយន្តចេញពីអាហារដ្ឋានមួយកន្លែងដោយមិនបានប្រយ័ត្ន ត្រូវម៉ូតូមួយគ្រឿងជិះមកបុកពេញទំហឹង បណ្តាលឲ្យបុរស២នាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជិត២រំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ៥កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ចំណុចមុខអាហារដ្ឋានយីហោគូសាំង យៀន ស្ថិតក្នុងសង្កាត់បឹកកេងកងទី១ ខណ្ឌចំការមន។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសជនជាតិចិនម្នាក់បើករថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2S-0196 ចេញពីអាហារដ្ឋានយីហោ គូសាំងយៀន គ្រាន់តែបើកចេញបានបន្តិចក៏ត្រូវម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ស គ្មានស្លាកលេខ ដែលទើបនឹងទិញបើកបរនឹងរួមដំណើរដោយបុរស២នាក់ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកពីចំហៀងរថយន្តពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ទាំង២នាក់ ។

បន្ទាប់ពីកើតហេតុជនងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តនឹងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញចរាចរវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមនរង់ចាំដោះស្រាយពេលក្រោយ៕ ជ្រោយពេជ្រ


ចែករំលែក៖