ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្ទអគ្គិសនីឆេះរោងដាក់កំណាត់ផលិតស្រោមខ្នើយប្រមាណជិតមួយម៉ោង

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងម្ចាស់ផ្ទះនាំគ្នាជួយពន្លត់ភ្លើង និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍ជួយបាញ់ ខណៈដែលឆ្លងចរន្តអគ្គិសនីបណ្ដាលឲ្យឆាបឆេះរោងដាក់កំណាត់ផលិតស្រោមខ្នើយប្រមាណជិតមួយម៉ោងកាលពីវេលាម៉ោង២ និង១៥នាទីរសៀល ថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨​ ស្ថិតក្នុងភូមិទទារសង្កាត់ចេកក្រុងស្វាយរៀង។

យោងតាមមន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀងបានប្រាប់កាសែតនគរវត្តប្រចាំខេត្តស្វាយរៀងដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះយ៉ាន់ សុខម៉េត អាយុ៤៥ឆ្នាំ មានប្រពន្ធឈ្មោះញឺម វ់ាន់រ៉ា អាយុ៣៥ឆ្នាំ មុខរបរកម្មការរិនីរោងចក្រ មានកូនក្នុងបន្ទុកចំនួន៤នាក់ ស្រីម្នាក់។

ប្រភពបន្តថា ការបង្កឲ្យមានអគ្គិភ័យនេះកើតឡើងគឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ឆាបឆេះកំណាត់ផលិតស្រោមខ្នើយ ដែលនៅក្នុងរោងសង្ក័សីផ្ទុកពេញ ប៉ុន្តែត្រូវបានបាញ់ទឹកពន្លត់ទាន់ពេលដោយមិនបណ្ដាលឲ្យឆាបឆេះផ្ទះក្បែរគ្នានោះទេ គ្រាន់តែខូចខាតរបស់របរបន្តិចបន្តួចប៉ុណ្ណោះ ដោយមានការសហការគ្នាល្អប្រជាពលរដ្ឋជាមួយសមត្ថកិច្ចមូលដ្ឋានផងដែរ។

សូមបញ្ជាក់ថា ក្នុងហេតុការណ៍នេះក៏ឃើញមានរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿងរបស់កងរាជអាវុធហត្ថខេត្ត និងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងជួយអន្តរាគមន៍ ជួយបាញ់ទឹកពន្លត់យ៉ាងសស្រាក់សស្រាំរហូតដល់គ្រប់គ្រងស្ថានការណ៍ ខណៈរលត់ទៅវិញនៅវេលាម៉ោង៣រសៀលថ្ងៃដដែល៕ យឹម សុថាន


ចែករំលែក៖