ព័ត៌មានទាន់ហេតុការណ៍៖

ជាប់​គុក​មួយ​ជីវិត​ទើប​សម​ ! បញ្ជូន​វៀតណាម​រំលោភ​សម្លាប់​ក្មេង​ស្រី​អាយុ​៤ឆ្នាំ​ទៅ​តុលាការ​

ចែករំលែក៖

ភ្នំពេញ៖ ​នៅ​ព្រឹកថ្ងៃសៅរ៍ ៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨​ នគរបាល​ខណ្ឌ​ឫស្សីកែវ​ បញ្ជូន​យុវជនជនជាតិវៀតណាមម្នាក់ដែលពាក់ព័ន្ធ​ការ​ធ្វើសកម្មភាពចាប់រំលោភ​សេពសន្ថវៈ​ក្មេងស្រីអាយុ៤ឆ្នាំបានសម្រេចហើយសម្លាប់ចោល ញាត់ចូលពាង​មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បីចាត់ការតាមច្បាប់។

យុវជនជនជាតិវៀតណាមរូបនេះឈ្មោះ ង្វៀង យាំងយី ហៅ អាដំឡូង អាយុ៣៣ឆ្នាំ មុខរបរ លក់ដំឡូងបានត្រូវលោកស្រីកែវ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញកំពុងធ្វើការសាកសួរ។

ចំណែកក្មេងស្រីរងគ្រោះ ឈ្មោះ ខ ស ច អាយុ៤ឆ្នាំ រស់នៅក្នុងបន្ទុកគ្រួសារ មានឪពុកឈ្មោះ ខា ហូល អាយុ៣២ឆ្នាំ មានម្តាយ ឈ្មោះ ចាន់ ធីជី ហៅម៉ា ចាយ អាយុ២៦ឆ្នាំ ហើយក្មេងស្រីរងគ្រោះ ជាកូនទី២ ក្នុងចំណោមបងប្អូន៤នាក់ ស្រី៣នាក់ ប្រុសម្នាក់ ។

នគរបាលបានឱ្យ​ដឹងថា កាលពីវេលាម៉ោង៧៖២៥យប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ក្មេងស្រីរងគ្រោះ បានរត់លេងងូតទឹកភ្លៀង ហើយត្រូវបានជនសង្ស័យ លួងលោមនាំយកទៅ ចំណុចផ្ទះចាស់ទុកចោលមួយកន្លែង តាមផ្លូវជាតិលេខ៥ក្នុង ក្រុម៥ ភូមិ ក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ អង្អៀល ស្ទាបប្រដាប់ភេទ ហើយចាប់រំលោភ​សេពសន្ថវៈ​ ដៃខ្ទប់មាត់ជាប់ ធ្វើឱ្យ​ជនរងគ្រោះថប់ដង្ហើមរហូតដល់ស្លាប់ ហើយបានយកក្មេងស្រីរងគ្រោះញាត់ចូលពាង ក្នុងបន្ទប់ទឹក ផ្ទះរួចហើយជនសង្ស័យលូនចេញតាមបង្អួច ទៅសម្ងំនៅមាត់ទន្លេ ។

នគរបាលបន្តទៀតថា ឪពុកម្តាយក្មេងស្រី ដោយបាត់កូនយូរមិនឃើញមកផ្ទះ នៅវេលាម៉ោង៨៖៣០យប់ថ្ងៃដដែល ក្រុមគ្រួសារ ចែកគ្នាដើរតាមស្វែងរក ហើយបានប្រទះឃើញ កូនស្រីស្លាប់ក្នុងពាងទឹកក្នុងសភាពអាក្រាតកាយ មានហូរឈាមផង មិនអស់ចិត្ត អាណិតកូនស្រី ព្យាយាមដឹកយកទៅមន្ទីរពេទ្យបង្អែក សម្តេចឪ តែត្រូវបានគ្រូពេទ្យប្រាប់ថា ក្មេងស្រីរងគ្រោះបានស្លាប់ហើយ ទាំងក្រុមគ្រួសារស្លុតចិត្តទើប រាយការណ៍ប្រាប់សមត្ថកិច្ច ចុះពិនិត្យជាក់ស្តែង ហើយធ្វើការស្រាវជ្រាវភ្លាមៗ រហូតដល់វេលាម៉ោង១០យប់ថ្ងៃដដែល កម្លាំងសមត្ថកិច្ច ស្វែងរក ប្រទះឃើញជនសង្ស័យនៅមាត់ទន្លេ ទើបចាប់បាន នាំទៅធ្វើការសាកសួរតាមនីតិវិធី ។

ចំពោះមុខសមត្ថកិច្ចជនសង្ស័យបាន សារភាពទាំងអស់នូវសកម្មភាពដែលខ្លួនបានប្រព្រឹត្ត ៕ ចេស្តា


ចែករំលែក៖