ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូជែងរថយន្ដមិនប្រយ័ត្នបណ្ដាលឲ្យដួលត្រូវរថយន្ដកិនស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកណ្ដាលៈ បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ ជិះម៉ូតូវ៉ាជែងរថយន្ដបើកនៅខាងមុខមិនប្រយ័ត្ន បណ្ដាលឲ្យដួលចូលទៅក្រោមកង់រថយន្ដខាង បណ្ដាលឲ្យរថយន្ដកិនស្លាប់យ៉ាងអាណោចអាធ័មនៅកន្លែងកើតហេតុ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១១និង៥០នាទី ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ឹម ខុន ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសុបិន្ត ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មុខរបររត់ម៉ូតូឌុប ជិះម៉ូតូម៉ាក។ ដោយឡែករថយន្ដម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AE-5986 ។ ចំណែករថយន្ដម៉ាក HINO ពណ៌បៃតង ធុនធំ ប្រភេទដឹកទំនេញ ពាក់ផ្លាកលេខស្វាយរៀង ៣A ០៣៩២ បើកបរដោយឈ្មោះ វ៉ាន់ ឌី ភេទប្រុស មានទីលំនៅភូមិចំបក់ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (រត់គេចខ្លួនបាត់ស្រមោល) ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញរថយន្ដបើកតាមបណ្ដោយផ្លូវបេតុង ក្នុងទិសដៅពីត្បូងទៅជើង ខណៈដែលបើកនោះក៏មានម៉ូតូមួយគ្រឿងទៀតជិះពីក្រោយរថយន្ដ ក្នុងទិសដៅស្របគ្នា លុះជិះមកដល់ចំណុចកើតហេតុ អ្នកជិះម៉ូតូបានបន្ថែមល្បឿនវ៉ាជែងរថយន្ដដែលបើកនៅខាងមុខ តែមិនប្រយ័ត្នក៏រអិលគែមផ្លូវបេតុង បណ្ដាលឲ្យដួលចូលក្រោមកង់រថយន្ដខាងមុខផ្នែកខាងស្ដាំ ត្រូវរថយន្ដកិនស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង ។

ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចជំនាញបានចុះមកធ្វើការពិនិត្យវាស់វែង រួចកសាងសំណុំរឿងដកហូតមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖