ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនដល់ផ្លូវកោងបត់អត់ទាន់ បុកបង្គោលចំណាំងផ្លាតផ្លោងធ្លាក់ចូលប្រឡាយ ឈ្លក់ទឹកស្លាប់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ស្លាប់នៅក្នុងប្រឡាយទឹកជាមួយម៉ូតូស៊េរីចាស់មួយគ្រឿង កាលពីព្រឹកថ្ងៃសៅរ៍ ៣រោច ខែបុស្ស ឆ្នាំសំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២១០៩ នៅត្រង់ចំណុចផ្លូវកោងខាងមុខទីសត្តឃាដ ក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឡាយ ឡេង ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅក្នុងភូមិព្រៃពាន ឃុំកោះតាម៉ូវ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា ករណីនេះ ជនរងគ្រោះជិះម៉ូតួដួលស្លាប់ខ្លួនឯង ព្រោះនៅនឹងកន្លែងកើតហេតុ គេឃើញមានស្នាមម៉ូតូជិះបុកបង្គោលចំណាំងផ្លាត បុករះប៉ើងចូលទៅក្នុងប្រឡាយទឹក។

សមត្ថកិច្ចបានឲ្យដឹងទៀតថា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២១០៩ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១០០ ឆ្នាំ១៩៩៧ ពាក់ស្លាកលេខប ១០ ៨៥ភព (លេខស៊េរីចាស់) ក្នុងដំណើរទិសដៅពីជើងទៅត្បូង នៅពេលមកដល់ចំណុចកើតហេតុ​ ដែលជាកន្លែងផ្លូវកោង បត់មិនទាន់បានជ្រុលបុកបង្គោលចំណាំងផ្លាត ធ្លាក់ចូលក្នុងប្រឡាយទឹកដោយគ្មានអ្នកដឹង ឈ្លក់ទឹកស្លាប់តែម្តង ។ លុះព្រឹកឡើង ទើប្រជាពលរដ្ឋប្រទះឃើញសាកសពជនរងគ្រោះបានស្លាប់ក្នុងប្រឡាយហើយបានរាយការណ៍ទៅសមត្ថកិច្ច ។

សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចទំនាក់ទំនង ទៅក្រុមគ្រួសារឲ្យមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី ៕ ចន្ថា


ចែករំលែក៖