ព័ត៌មានទាន់ហេតុការណ៍៖

ជួប សម្លាប់ មិនទាន់សម្រេចចិត្តប្តឹងទៅឧទ្ធរណ៍ឬយ៉ាងណានៅឡើយទេ

ចែករំលែក៖

ភ្នំពេញ ៖ ជនជាប់ចោទ អឿត អាង ហៅ ជួប សម្លាប់ ដែលជាឃាតកបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី អ្នកវិភាគសង្គមនោះ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧បានអះ អាងថា មិនទាន់សម្រេចចិត្តនៅឡើយទេ ថាត្រូវប្តឹងជំទាស់ទៅកាន់សាលាឧទ្ធរណ៍ ឬទទួលយកសាលក្រមតុលាការដែលផ្តន្ទា ទោសលោកឱ្យជាប់ពន្ធនាគារអស់មួយ ជីវិត។ នេះបើតាមលោក យុង ផានិត មេធាវីការពារក្តីរបស់ អឿត អាង។

លោក យុង ផានិត នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ បានទៅសួរសុខទុក្ខ អឿត អាង ហៅជួប សម្លាប់ ក្នុងពន្ធនាគារព្រៃសដើម្បីផ្តល់ការប្រឹក្សាផ្នែកច្បាប់និងសាកសួរអំពីការសម្រេចចិត្តរបស់គាត់ថា ត្រូវប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍ ឬក៏ទទួល យកការប្រកាសសាលក្រមរបស់សាលា ដំបូងរាជធានីភ្នំពេញ។

លោក យុង ផានិត បានបន្ថែមថា បន្ទាប់ ពីបានជួបពិភាក្សានោះ អឿត អាង បាន ប្រាប់ថា លោកសុំពេលគិតមួយរយៈហើយ លោកនឹងផ្តល់ដំណឹងជូនតាមក្រោយ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ សាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ ចោទ អឿត អាង ហៅជួប សម្លាប់ ឱ្យជាប់ ពន្ធនាគារអស់មួយជីវិតពាក់ព័ន្ធឃាតកម្មលើលោកបណ្ឌិត កែម ឡី នៅក្នុងស្តារម៉ាត ស្ថានីយស្តុបបូកគោកាលពីថ្ងៃទី១០ ខែ កក្កដា ឆ្នាំ២០១៦។ ឈ្មោះ ជួប សម្លាប់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទ ប្រកាន់ចំនួន២បទល្មើសរួមមាន បទឃាត កម្មគិតទុកជាមុន និងបទរក្សាទុកអាវុធ ខុសច្បាប់ ។

ក្នុងសវនាការជាបន្តបន្ទាប់នាពេលកន្លងទៅជនជាប់ចោទ អឿត អាង បានសារភាព ថា ខ្លួនពិតជាអ្នកបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ប្រាកដមែន ហើយសកម្មភាពនេះគឺខ្លួនធ្វើតែម្នាក់ឯងពុំមានអ្នកនៅពីក្រោយខ្នងនោះទេបើទោះបីជាក្រុមគ្រួសារសព មិនជឿក៏ដោយ។ ជនជាប់ចោទ ជួប សម្លាប់ អះអាងទៀតថា មូលហេតុដែលខ្លួនសម្លាប់ លោកបណ្ឌិត កែម ឡី ព្រោះខឹងជនរងគ្រោះដែលជំពាក់ប្រាក់ចំនួន៣.០០០ ដុល្លារមិនព្រមសងទើបខ្លួនធ្វើសកម្មភាពបែបនេះតែម្តង ។

លោក យុង ផានិត បញ្ជាក់ថា បន្ទាប់ពីប្រកាសសាលក្រមកាត់ទោសឃាតក ជួប សម្លាប់ អស់មួយជីវិតនោះសាលាដំបូង រាជធានីភ្នំពេញបានសម្រេចបំបែកសំណុំរឿងនេះទៅជាសំណុំរឿងថ្មីមួយទៀត ដោយប្រកាសបើកការស៊ើបអង្កេតទៅលើអ្នកផ្តល់អាវុធឱ្យជនជាប់ចោទ អឿត អាង ដើម្បីសម្លាប់លោកបណ្ឌិត កែម ឡី និងអ្នក ដែលនាំឃាតក ជួប សម្លាប់ មកស្គាល់ លោកបណ្ឌិត កែម ឡី ផងដែរ ៕ ហេង សូរិយា

aer


ចែករំលែក៖