ព័ត៌មានទាន់ហេតុការណ៍៖

តារាកំប្លែងក្នុងរឿង ខ្មោចត្រឡោកបែក នាយ កូទី បង្ហាញមុខនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ តារាកំប្លែងល្បីឈ្មោះប្រចាំព្រះរាជាណាចក្រថៃ នាយ កូទី (Kootee) បានធ្វើដំណើរមកដល់កម្ពុជាហើយកាលពីរសៀលថ្ងៃទី២៦ខែមករាឆ្នាំ២០១៩ ដើម្បីចូលរួមព្រឹត្តិការណ៍ប្រគំតន្ត្រីទ្រង់ទ្រាយធំមួយមានឈ្មោះថា ឃូលហ្វ្រេស(Cool Frezh) នៅកោះពេជ្រ ។ ក្រៅពីតារាកំប្លែងក្នុងរឿង ខ្មោចត្រឡោកបែក រូបនេះក៏មានវត្តមានតារាកំប្លែងកម្ពុជា និងតារាចម្រៀងប្រុសស្រីល្បីឈ្មោះជាច្រើននៅកម្ពុជាចូលរួមផងដែរ ។

ធ្វើដំណើរមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញភ្លាម តារាកំប្លែងរូបនេះ ទទួលបានការស្វាគមន៍យ៉ាងខ្លាំងអ្នកគាំទ្រនិងអ្នកផលិតកម្មវិធីនៅកម្ពុជា ។ តារាកំប្លែងនាយ កូទីរូបនេះបាបបង្ហាញពីអារម្មណ៍រំភើបសប្បាយរីករាយដែលមានវត្តមានជាថ្មីនៅកម្ពុជាដែលលោកបញ្ជាក់ថាលោកធ្លាប់បានធ្វើដំណើរមកកម្ពុជាជាច្រើនលើកច្រើនសារប៉ុន្តែនេះគឺជាលើកដំបូងដែលលោកឡើងច្រៀងលើឆាកតន្ត្រីនៅកម្ពុជា ។

តារាកំប្លែងថៃរូបនេះបានថ្លែង ថា លោកសប្បាយចិត្តដែលបានបង្ហាញខ្លួននៅក្នុងកម្មវិធីប្រគំតន្ត្រីដ៏ធំនៅខ្មែរ “ឃូលហ្វ្រេស (Cool Frezh) នៅកោះពេជ្រ ។ លោកនឹងបង្ហាញខ្លួនជាមួយបទចម្រៀងថៃចំនួនប្រាំបទ ជាចំណងដៃនៃការធ្វើដំណើរមកជួបអ្នកគាំទ្រនិងប្រជាជនខ្មែរទាំងអស់គ្នា ។ នាយ កូទី បានបញ្ជាក់ថា ពិតជាសប្បាយចិត្តនិងរំភើបខ្លាំងណាស់ ដែលមានប្រជាជនខ្មែរជាច្រើនស្រលាញ់រូបលោក ។ លោកពិតជាត្រេកអរដែលក្រុមហ៊ុន ភេសជ្ជៈទឹកប្រទាលកន្ទុយក្រពើ ឃូលហ្វ្រេសដ បានជ្រើសរើយកលោកជាអ្នកតំណាងផលិតផលរយៈពេលមួយឆ្នាំ ។ ជាមួយគ្នានោះ លោកក៏នឹងស្វាគមន៍ប្រសិនបើមាន គម្រោងធ្វើកម្មវិធីសប្បុរសធម៌ជួយសង្គមកម្ពុជានាពេលខាងមុខណាមួយនោះ ។

គួរបញ្ជាក់ដែរថា កម្មវិធីប្រគំតន្ត្រីទ្រង់ទ្រាយធំនេះ ចូលរួមដោយតារាកំប្លែងនាយ ពែកមី នាយគ្រឿនតារាចម្រៀងល្បីឈ្មោះមានដូចជាកញ្ញា មាស សុខសោភា កញ្ញាឯកMiss Univer 2018កញ្ញារឿន ណាត និងតារាចម្រៀងបងប្អូនកូនប្រុសលោក ព្រាប សុវត្ថិទាំង៣រូបផងដែរ ។ កម្មវិធីប្រគំតន្ត្រីនឹងត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃទី២៦ខែមករាឆ្នាំ២០១៩នេះនៅខាងមុខមហោស្រពកោះពេជ្រ ដោយមានការផ្សាយបន្តផ្ទាល់តាមរយៈទូរទស្សន៍CTNផងដែរ៕ វឌ្ឍនា


ចែករំលែក៖