ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌទួលគោក បង្ក្រាបនិងស្រាវជ្រាវជាក់ស្ដែងឃាត់ខ្លួនជនសង្ស័យ២នាក់ ក្រោយឆក់កាបូបដៃស្រ្តីម្នាក់បានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី៣ សហការជាមួយនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋានខណ្ឌទួលគោក រាជធានីភ្នំពេញ បានបង្រ្កាប និងស្រាវជ្រាវជាក់ស្ដែង ករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបដៃ) កាលពីវេលាម៉ោង ៩និង៤៥នាទីព្រឹក ថ្ងៃសុក្រ ៣កើត ខែ អស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ ដោយឃាត់ខ្លួនជនសង្ស័យ២នាក់ ជាបន្តបន្ទាប់ទី១ ឈ្មោះ គង់ សេនរិទ្ធី វិសាល ហៅ ជា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ជាអ្នកបើកម៉ូតូ និងចាប់យកវត្ថុតាងម៉ូតូម៉ាក Honda C125 ស៊េរី2014 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1CV- 3802 រួចបញ្ជូនយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីធ្វើការសាកសួររកបក្ខពួកបន្ត ។ រហូតឈានទៅឃាត់ខ្លួនជនសង្ស័យទី២ ឈ្មោះ ថន ចាន់វណ្ណះរាសី ភេទប្រុស អាយុប្រហែល១៦ឆ្នាំ ជនជាតិខ្មែរ ជាអ្នកអង្គុយក្រោយ ធ្វើសកម្មភាពឆក់ បានយកកាបូបដៃរបស់ជនរងគ្រោះគេចខ្លួនបាត់នោះ ត្រូវសមត្ថកិច្ចបានស្រាវជ្រាវរហូតឈានទៅដល់ការ ឃាត់ខ្លួន បាននៅចំណុចមុខផ្សារសំណង់១២ ផ្លូវ លេខ២៦៥ ក្រុមទី៤៣ ភូមិ១៣ សង្កាត់ទឹក ល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

មន្រ្តីនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទី១ ឈ្មោះ គង់ សេនរិទ្ធី វិសាល រួចមកនៅវេលាម៉ោង២ និង ៥០នាទីរសៀលថ្ងៃដដែល កម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ ថន ចាន់វណ្ណះរាសី ជាអ្នកអង្គុយក្រោយធ្វើសកម្មភាពឆក់ ឃាត់ខ្លួន នៅចំណុចមុខផ្ទះលេខ៤D ផ្លូវ២០០៤ ក្រុម ទី៦ ភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងចាប់យកវត្ថុតាងកាបូបដៃជនរងគ្រោះមកវិញ រួចបញ្ជូនយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ចាត់ការតាមនីវិធីច្បាប់ ។ ចំណែកវត្ថុតាងចាប់យករួមមាន៖កាបូបដៃមួយពណ៌ខ្មៅ ក្នុងនោះមាន លុយខ្មែរ ចំនួន ៤៧០០០០៛ (សែសិបប្រាំពីរម៊ឺនរៀល) . ប្រាក់ដុល្លារចំនួន៣០$ (សាមសិបដុល្លារអាមេរិក) និងទូរស័ព្ទដៃមួយគ្រឿងម៉ាកSamsung ពណ៌ក្រហម (ជារបស់ជនរងគ្រោះដែលជនសង្ស័យឆក់ យកទៅ) បានធ្វើការប្រគល់ជូនជនរងគ្រោះវិញតាមការស្នើរសុំ ដោយមានការឯកភាពពីលោក ចែ សុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និង កសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕ ជ្រោយពេជ្រ


ចែករំលែក៖