ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួនជនសង្ស័យ៤នាក់ជាបន្តបន្ទាប់ករណីជួញដូរនឹងប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ៤នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃ្មួញ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខបានឃាត់ខ្លួនបានជាបន្តបន្ទាប់ក្នុងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន។

ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី១១ ខែសីហាឆ្នាំ២០១៧នៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោក ញាណ នន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញបានឲ្យដឹងថា ជាបូងមានសេចក្តីរាយការពីប្រជាពលរដ្ឋមកថា មានក្រុមក្មេងទំនើងមួយក្រុមចំនួន៣នាក់ បាននាំគ្នាអុកឡុកក្នុងភូមិ លោកបានបញ្ជាកម្លាំងឲ្យចុះទៅឃាត់ខ្លួនបាន៣នាក់ យកមកសាកសួរនៅអធិការដ្ឋានខណ្ឌ និងធ្វើតេស្តិ៍ទឹកនោមឃើញមានផ្ទុកសារធាតុញៀនទាំង៣នាក។

លោក យឹម ដាវុធ នាយផ្នែកនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខបានឲ្យដឹងថា បន្ទាប់ពីសាកសួរជនសង្ស័យទាំង៣នាក់រួចមក តាមចម្លើយសារភាពរបស់ឈ្មោះ ចាន់ រស្មី ភេទប្រុសអាយុ២១ឆ្នាំ បានឆ្លើយសារភាពថា ខ្លួនធ្លាប់បានទៅទិញថ្នាំញៀនពីឈ្មោះ រស់ សម្បត្តិ អាយុ៣៣ឆ្នាំយកមកជក់ ទើបព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ លោកបានសុំគោលការណ៍ពីលោកព្រះរាជអាជ្ញាដើម្បីទៅឆែកផ្ទះជនឈ្មោះ រស់ រស្មី ដែលមានទីតាំងស្ថិតនៅភូមិសែនសុខ៣សង្កាត់ឃ្មួញ បានរកឃើញថ្នាំញៀន១កញ្ចប់តូច និងឧបកណ៍ប្រើប្រាស់មួយចំនួនថែមទៀត។

ប៉ូលីសនិយាយថា ជនសង្ស័យទាំង៤នាក់ខាងលើ ទី១មានឈ្មោះ លី សុខទាវ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិសែនសុខ៦, ទី២ឈ្មោះ លី សុខតាយ អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ឃ្មួញ ទី៣ឈ្មោះ ចាន់ រស្មី ២១ឆ្នាំ ស្នាក់នៅភូមិសែនសុខ៣ សង្កាត់ឃ្មួញ និង៤ឈ្មោះ រស់ សម្បត្តិ ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិសែនសុខ៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ(ជួញដូរ)។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ រួមនឹងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងចាត់ការតាមនីតិវិធីបន្ត៕ តុង សីហា

 


ចែករំលែក៖