ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​អន្តរាគមន៍​ខណ្ឌ​សែនសុខ​ ​ឃាត់​ខ្លួន​ជន​សង្ស័យ​ពីរក្រុម ​មានគ្នា៤នាក់ ពាក់ព័ន្ធករណីលួច

ចែករំលែក៖

ភ្នំពេញ​៖​ នគរបាលកង​អន្តរាគមន៍​ខណ្ឌ​សែនសុខ ​​ជិះ​ល្បាតការពារសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូល​ដ្ឋាន​ ស្រាប់តែប្រទះឃើ្នញសង្ស័យ​ពីរ​ក្រុម​ផ្សេង​គ្នា និងឃាត់ខ្លួនជាក់ស្តែង​ ដោយជនសង្ស័យ មួយក្រុម បានធ្វើសកម្មភាព​លួច​ម៉ូតូ​មួយគ្រឿង​ និងមួយក្រុមទៀតត្រូវសមត្ថកិច្ច​ឃាត់ខ្លួន​បន្ទាប់​ពី​ឆែកឆេរ​រក​ឃើញ​ ឧបករណ៍​សម្រាប់កាច់សោ​កម៉ូតូមួយ​កំផ្លេ​ ។​

ករណីខាងលើនេះ​ បានកើតឡើងកាលពីរវេលាម៉ោង​១ និង២០នាទី​រំលង​អធ្រាត្រ​ឈានចូលថ្ងៃទី​៣០​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ត្រង់​ចំណុច​ខាងកើត​ស្ថានីយ​ប្រេង​ឥន្ធនៈ​ LHR​ប្រមាណ៥០ម៉ែត្រ​ តាមបណ្ដោយ​ផ្លូវ​ដីថ្មី​ ស្ថិត​ក្នុងភូមិ​ដីថ្មី​ សង្កាត់​គោក​ឃ្លាង​ ខណ្ឌសែនសុខ​។

បើតាម​សម្តី​ពី​កម្លាំង​សមត្ថកិច្ច​អន្តរាគមន៍​ខណ្ឌ​សែនសុខ​បាន​អោយ​ដឹង​ថា​នៅ​មុន​ពេល​កើត​ហេតុ​ កម្លាំង​ពួកគាត់​បាន​ធ្វើ​ការ​ជិះ​ល្បាត​ក្នុង​មូល​ដ្ឋាន​ដើម្បី​កាត់​បន្ថយ​ និង​ទប់​ស្កាត់​បទ​ល្មើស​ដែល​កើត​ឡើង​ដោយ​ប្រការ​ណា​មួយ​។ លុះជិះមកដល់ចំណុចកើតហេតុក៏ស្រាប់តែប្រ​ទះ​ឃើញ​ជនសង្ស័យ​ចំនួន​ពីរ​កំពុងបណ្តើរម៉ូតូមួយគ្រឿង​ម៉ាក​ MSX​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​1FS-3128 តាមដងខាងលើ​។ ហើយ​ដោយ​មាន​ការ​សង្ស័យ​ ក៏​ហៅជនសង្ស័យអោយ​ឈប់​ដើម្បី​ធ្វើការ​ឆែកឆេរ​ តែ​ខណៈ​នោះ​ស្រាប់​តែជន​សង្ស័យ​ទាំងពីរ​នាក់ខាង​លើ​បានផ្តួលម៉ូតូចោល​រួចព្យាយាមរត់គេច​ខ្លួន​ តែក៏ត្រូវបានកម្លាំងពួកគាត់ដេញចាប់ឃាត់បានមកវិញ​ និងដកហូតបានដាវកែច្ឆៃមួយដើម។​ក្រោយមកបន្ទាប់ពីកម្លាំងពួកគាត់ធ្វើការសាកនាំទៅលើជនសង្ស័យទាំងពីរនាក់ខាងលើ​បាន​ឆ្លើយ​សារភាព​ថា​ម៉ូតូ​ដែល​ពួកគេ​បណ្តើរ​ខាងលើ​ គឺ​ជា​ម៉ូតូ​ដែល​ពួកគេ​ទើប​តែលួច​ពីខាងមុខបន្ទប់ជួលដែលនៅក្បែរនោះ​។

ប្រភព​ដដែល​បន្ត​ថា​ភ្លាមៗនេះ​ក៏ស្រាប់​តែ​លេចមុខ​ក្រុម​ជនសង្ស័យ​មួយក្រុមមានគ្នាពីរនាក់ផ្សេងទៀត​ បានជិះម៉ូតូមួយគ្រឿង​ម៉ាក​ MSX ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ​កំពង់ចាម​1L-2400​ ដោយក្នុង​លក្ខណៈ​សង្ស័យ​។ លុះពេលក្រុមជន​សង្ស័យ​ខាងលើនោះ​ ជិះមកដល់ចំណុចកើតហេតុ​ កម្លាំងពួកគាត់​ក៏​បាន​ហៅស្ទាក់អោយឈប់ដើម្បី​ធ្វើការ​ឆែកឆេរ​ ហើយ​ខណៈ​ពេល​ដែល​កំពុង​ធ្វើការ​ឆែកឆេរ​ក៏បាន​ប្រទះ​ឧបករណ៍​សម្រាប់កាច់សោ​ កម៉ូតូមួយ​កំផ្លេ​នៅខាងក្រោមកែបម៉ូតូ​របស់​ក្រុម​ជន​សង្ស័យ​ទាំងពីរ​នាក់​នោះ​ រួច​កម្លាំងពួកគាត់​ក៏ធ្វើការឃាត់ខ្លួនភ្លាមៗតែ​ម្តង។

ក្រោយមកសមត្ថកិច្ច​បានអោយ​ដឹង​ក្រុម​ជន​សង្ស័យ​ដែល​បាន​ធ្វើការ​ឃាត់ខ្លួន​បន្ទាប់​ពី​ឆែកឆេរ​រក​ឃើញ​ឧបករណ៍​សម្រាប់កាច់សោ​ កម៉ូតូមួយ​ខាងលើ​។ ទី១មានឈ្មោះ​ ភាក្រ័​ តុលារ​ ភេទប្រុស​ អាយុ១៧ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ ស្នាក់នៅ​ក្នុងសង្កាត់​ព្រែកប្រា​ ខណ្ឌ​ច្បារ​អំពៅ។ ទី២មានឈ្មោះ​ លី​ ឧត្តម​ ភេទ​ប្រុស​​ អាយុ​២៣​ឆ្នាំ​ មុខរបរមិនពិត​ប្រាកដ​ ស្នាក់នៅ​បន្ទាប់​ជួល​ ក្នុង​សង្កាត់​បឹងកក់​ទី​២​ ខណ្ឌ​ទួលគោក​។ ចំណែក​ឯ​ក្រុម​ជនសង្ស័យ​មួយ​ក្រុម​ទៀតដែល​ធ្វើសកម្មភាព​លួចម៉ូតូ​ខាងលើ​ ទី​១មាន​ឈ្មោះ​ តុលារ​ ភេទប្រុស​ អាយុ​២៦ឆ្នាំ​ មុខរបរ និងកន្លែងស្នាក់នៅមិនពិត​ប្រាកដ​។ ទី២មានឈ្មោះ​ ពេជ្រ​ សុខ​ ភេទប្រុស​ អាយុ​២២ឆ្នាំ​ ជា​កម្មករ​ ស្នាក់នៅក្នុងសង្កាត់​កាកាប​ទី១​ ខណ្ឌ​ពោធិ៍​សែនជ័យ​។

ក្រោយពេលកើតហេតុ​ជនសង្ស័យ​ទាំងពីរ​ក្រុម​ខាងលើ​រួម​ទាំង​វត្ថុ​តាង​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នាំ​ខ្លួន​យក​ទៅ​សាក​សួរ​នាំ​នៅ​ឯ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​សែនសុខ​ដើម្បី​រង់ចាំ​ចាត់​ការ​ទៅ​តាមច្បាប់​ជាបន្ត​ទៀត​ ៕ តុង សីហា


ចែករំលែក៖