ព័ត៌មានទាន់ហេតុការណ៍៖

បាត់ប្តីយូរ ប្រពន្ធងឿងឆ្ងល់ដើររកប្រទះឃើញខោនៅកំពង់ទឹក ហួសពេលទៅហើយ

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់ត្រឡប់មកពីស្រែវិញ បានដើរទៅងូតទឹកក្នុងប្រឡាយខាងក្រោយផ្ទះ បណ្ដាលឲ្យលង់បាត់បង់ជីវិត បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១៧និង៣០នាទី ថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិព្រែកខ្នាច ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកផ្នែកកោសល្យវិច័យស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ខូយ ឈុំ ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ ព្រែកខ្នាច ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល ។

ប្រភពដដែលបន្ដថា តាមការឆ្លើយបំភ្លឺរបស់ឈ្មោះ មាន ស្រី ត្រូវជាប្រពន្ធជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ១៧រសៀល ជនរងគ្រោះឈ្មោះ ខូយ ឈុំ ត្រូវជាប្តីបានត្រឡប់មកពីដីស្រែវិញ ខណៈមកដល់ផ្ទះ ជនរងគ្រោះក៏បានដើរទៅខាងក្រោយផ្ទះសំដៅរកប្រឡាយទឹកដើម្បីងូតទឹក ។

ចំណែកឯប្រពន្ធនៅផ្ទះ លុះបាត់មិនឃើញប្តីត្រឡប់មកវិញមានការងឿងឆ្ងល់ ស្រ្ដីជាប្រពន្ធនិងកូនបាននាំគ្នាទៅរកនៅកំពង់ទឹក ក៏ឃើញតែខោរបស់ជនរងគ្រោះនៅលើក្បាលទូក ភ្លាមនោះក៏ចុះរាវរកក្នុងទឹក ស្រាប់តែប្រទះឃើញជនរងគ្រោះនៅក្នុងទឹកក្បែរទូកស្លាប់បាត់ទៅហើយ បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាងនិងរាយការណ៍ជូនសមត្ថកិច្ច ចុះមកធ្វើការពិនិត្យនិងកោសល្យវិច្ច័យពិនិត្យសាកសពជនរងគ្រោះ រួចបញ្ជាក់ថា ជនរងគ្រោះពីតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ។

ក្រោយពីពិនិត្យចប់សព្វគ្រប់ សមត្ថកិច្ចបានប្រគល់សាកសពទៅក្រុមគ្រួសារជនរងគ្រោះ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖