ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ត្រូវអ្នកជិតខាងវាយជាច្រើនដៃ និងច្រានបណ្តាលឲ្យដួលផ្ងារក្រោយស្លាប់

ចែករំលែក៖

ខេត្តកណ្តាលៈ បុរសម្នាក់ ព្រោះតែញៀនស្រា ឃើញអ្នកជិតខាងកំពុងអង្គុយផឹក ក៏ដើរចូលទៅសុំរហូតធ្វើឲ្យអ្នកជិតខាងអត់ទ្រាំលែងបាន ក៏ស្ទុះចូលទៅវាយជាច្រើនដៃ និងច្រាន បណ្តាលឲ្យដួលផ្ងារក្រោយជុងទៅនឹងអំបែងឥដ្ឋ រងរបួសយ៉ាងធ្ងន់ រហូតបាត់បង់ជីវិតពេលបញ្ជូនទៅមន្ទីរពេទ្យ ។

ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង១៥និង១០នាទី ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ។ ក្រោយពីមានហេតុការណ៍កើតឡើង នសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលមូលដ្ឋានចាប់ខ្លួន បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីរសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សួន ប្រុស ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងតភ្លើងមានទីលំនៅភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ។ ចំណែកឯជនរងគ្រោះឈ្មោះ នុត ង៉ែត ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុជនសង្ស័យ និងអ្នកជិតខាងបាននាំគ្នាអង្គុយផឹកស្រាបៀរជុំគ្នា ខណៈនោះ ជនរងគ្រោះដែលជាមនុស្សញៀនស្រា បានដើរចូលទៅសុំលុយពីជនសង្ស័យ ដើម្បីយកទៅទិញស្រាផឹក ។ គ្រានោះជនសង្ស័យមិនបានឲ្យលុយទៅជនរងគ្រោះនោះទេ ពោលគឺបានឲ្យស្រាបៀរមួយកំប៉ុងជំនួសវិញ បន្ទាប់មក ជនសង្ស័យបានដេញជនរងគ្រោះឲ្យដើរចេញពីវង់ផឹកស៊ី តែជនរងគ្រោះមិនបានស្តាប់នោះទេ នៅបន្តសុំស្រាបៀរបន្ថែមមួយកំប៉ុងទៀត ធ្វើឲ្យជនសង្ស័យអត់ទ្រាំ មិនបាន ក៏ស្ទុះទៅវាយជាច្រើនដៃ និងច្រានជនរងគ្រោះ បណ្តាលឲ្យដួលផ្ងារក្រោយ ទៅលើបំបែងឥដ្ឋរងរបួសបែកក្បាលយ៉ាងធ្ងន់ រហូតដាច់ខ្យល់ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យមិនបានប៉ុន្មានម៉ោងផងនោះ ។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួល កសាងសំណុំរឿងពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាលចាត់ការតាមច្បាប់ ៕ស្អាងជ័យ

ae (1) ae (2) ae (3)


ចែករំលែក៖