ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្រវឹងស្រាបើករថយន្តLAND CRUISERទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តLAND​ CRUISER មួយគ្រឿង ដែលបើកបរដោយបុរសម្នាក់ស្រវឹងស្រាឡើងទន់ខ្លួន បានបើកទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់ចេញពីគ្នាចំនួន៤កង់ ឯរថយន្តបង្ករងការខូចខាតយ៉ាងដំណំ ។

‎គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១១ និង១០នាទីយប់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅត្រង់ចំណុចមុខមណ្ឌលសុខាភាពចាក់អង្រែ តាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ ។

តាមសម្ដីប្រជាពលរដ្ឋដែលបានធ្វើដំណើរឆ្លងកាត់ និងឃើញហេតុការណ៍ខាងលើបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាកLAND​ CRUISER ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2D-4041 ដែលបើកបរដោយបុរសម្នាក់ស្រវឹងស្រាឡើងទន់ខ្លួន បានធ្វើដំណើតាមបណ្ដោយផ្លូវជាតិលេខ២​ ទិសដៅពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរេចង្កូតទៅបុកនិងរបាំងថ្មក្បាលនាគពុះចែកទ្រូងផ្លូវបាក់ចេញពីគ្នាអស់១កង់ និងបន្តបុកប្រឆិតទ្រូងផ្លូវវៀចចេញពីគ្នាចំនួន៣កង់ បណ្ដាលឲ្យរថយន្តបង្កដាច់កាឡែរកង់មុខផ្នែកខាងឆ្វេង រងការខូចខាតយ៉ាងដំណំ ដោយរថយន្តបង្កមិនអាចបន្តទៅមុខលេងរួច ។​

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកជួយសម្រួលចរាចរណ៍​ និងទំនាក់ទំនងទៅសមត្ថកិច្ចដែលទទួលផ្នែកជំនាញចរាចរណ៍ចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅស្នងការដ្ឋាន នៃការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ​រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕ ភារ៉ា ដង្កោ

 

 

 

 

 

 


ចែករំលែក៖