ព័ត៌មានទាន់ហេតុការណ៍៖

បុរស២នាក់ជិះម៉ូតូក្នុងស្ថានភាពស្រវឹងជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យស្លាប់ និងរបួសធ្ងន់

ចែករំលែក៖

ខេត្តកណ្ដាលៈ បុរស២នាក់ ជិះម៉ូតូចេញពីកម្មវិធីជប់លៀងស្ថិតក្នុងស្ថានភាពស្រវឹងបើករេចង្កូតចូលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញមួយទំហឹង បណ្ដាលឲ្យស្លាប់ និងរងរបួសធ្ងន់កាលពីវេលាម៉ោង៨យប់ ថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ២បេ ស្ថិតក្នុងភូមិព្រែកថី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្ដកណ្ដាល ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ ឡេង ប៊ុនលីម ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ (ជាអ្នកបើកបរម៉ូតូ) និងអ្នករួមដំណើររងរបួសធ្ងន់នោះឈ្មោះ ម៉េង សុខឃាម ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ ។ ជនរងគ្រោះទាំង២នាក់មានទីលំនៅភូមិពោធ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្ដកណ្ដាល ជិះម៉ូតូម៉ាកហុងដាគុបជ្រុង ធុនសេ៩០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ1B-0632 ។

ប្រភពដដែលបានបន្ដថា នៅមុនពេលកើតហេតុសាក្សីបានឃើញ ជនរងគ្រោះទាំង២នាក់ជិះម៉ូតូឌុបគ្នា តាមបណ្ដោយផ្លូវជាតិលេខ២១បេ ក្នុងទិសដៅពីត្បូងទៅជើង (ពីស្រុកស្អាងឆ្ពោះទៅក្រុងតាខ្មៅ) ដោយពុំមានពាក់មួកការពារសុវត្ថិភាពនោះទេ ។ លុះជិះដល់ចំណុចកើតហេតុ ដែលជាការដ្ឋានរបស់ក្រុមជាងដាក់ពង្រាយរបាំងថ្មពុះចែកទ្រូងផ្លូវថ្មីៗ ជនរងគ្រោះជិះម៉ូតូទៅបុករបាំងថ្មនោះពេញមួយទំហឹង បណ្ដាលឲ្យបុរសជាអ្នកបើកបរម៉ូតូស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័ម រីឯអ្នករួមដំណើររងរបួសយ៉ាងធ្ងន់ធ្ងរ ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរងរបួសធ្ងន់ត្រូវបានរថយន្ដសាមុយប្រចាំស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល ដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ ។ ចំណែកឯសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែកម៉ូតូជនរងគ្រោះត្រូវបាបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

តាមការបំភ្លឺពីសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះទាំង២នាក់នេះបានចូលរួមកម្មវិធីជប់លៀងមួយនៅផ្ទះថ្មី ដែលពួកគេទើបសាងសង់រួច។ ក្រោយពីផឹកស្រវឹងជោគជាំគេមិនដឹងថា ជនរងគ្រោះទាំង២នាក់ជិះម៉ូតូឌុបគ្នាបន្ដទៅណានោះទេ ពេលជួបគ្រោះថ្នាក់ទើបដឹង ។ តាមការសន្និដ្ឋានជនរងគ្រោះទំនងជាឌុបគ្នាបន្ដការផឹកស៊ីនៅឯក្រុងតាខ្មៅ ខណៈជិះដល់ពាក់កណ្ដាលផ្លូវក៏ជួបគ្រោះអកុសលយ៉ាងដូច្នេះ ។

ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ២១បេ បាននិយាយរិះគន់ការធ្វេសប្រហែស និងគ្មានទំនួលខុសត្រូវរបស់ក្រុមជាង ដែលដាក់ពង្រាយរបាំងថ្មពុះចែកទ្រូងផ្លូវថា ដោយពុំបានដាក់ស្លាកសញ្ញាឲ្យបានត្រឹមត្រូវជាសញ្ញាដល់អ្នកធ្វើដំណើរតាមដងផ្លូវ ពោកគឺក្រុមជាងគ្រាន់តែដាក់ធុងសាំងមួយនៅជាប់ខាងមុខរបាំងថ្ម ជាហេតុធ្វើឲ្យអ្នកដំណើរមិនបានដឹងថា មានការដ្ឋាននៅខាងមុខ ។

គួររំលឹកថា ចាប់តាំងពីដំណើរការសាងសង់ផ្លូវជាតិលេខ២១បេ ដោយក្រុមហ៊ុន អ៊ុត ធី ប្រជាពលរដ្ឋជាច្រើននាក់បានស្លាប់បាត់បង់ជីវិតជាបន្ដបន្ទាប់ដោយសារតែជិះធ្លាក់ក្នុងការដ្ឋានសាងសង់ស្ពាន ការដ្ឋានជីកដីដាក់លូកណ្ដាលផ្លូវ ចុងក្រោយនេះ ជនរងគ្រោះជិះបុកការដ្ឋានដាក់ពង្រាយរបាំងថ្មពុះចែកទ្រូងផ្លូវនេះតែម្ដង ៕ ស្អាងជ័យ


ចែករំលែក៖