ព័ត៌មានទាន់ហេតុការណ៍៖

បេក្ខភាពទាំង១៦នាក់ សម្រាប់ប្រកួតជុំទី២ពានរង្វាន់ TV5 Knock Out Series by K.Cement រដូវកាលទី១

ចែករំលែក៖

ភ្នំពេញ៖ ការប្រកួតកីឡាប្រដាល់គុនខ្មែរ ដណ្តើមពានរង្វាន់ TV5 Knock Out Series by K.Cement រដូវកាលទី១ វគ្គជម្រុះជុំទី១ បានកន្លងផុតហើយ ដោយរកឃើញ អ្នកប្រដាល់ជើងខ្លាំង១៦នាក់ សម្រាប់ត្រៀមប្រកួតជុំទី២ វគ្គជម្រុះ១៦នាក់ ខណៈដែលកីឡាករ ពុយ វណ្ណៈមកពីក្លិបឃ្លាំងមឿងខេត្តពោធិ៍សាត់ និងកីឡាករ មាស សុជាតិ មកពី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានឆ្លងផុតដោយជោគជ័យ កាលពីយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ ។

លោក សេង កដិកា អ្នកគ្រប់គ្រងកម្មវិធីកីឡា នៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានឲ្យដឹងថា រដូវកាលទី១ នៃ ពានរង្វាន់ TV5 Knock Out Series by K.Cement ដំណើរបានដោយរលូន ហើយ កីឡាករដែលឆ្លងផុតដំណាក់កាលទី១ សុទ្ធតែជាកីឡាករមានសមត្ថភាព យ៉ាងពិត ប្រាកដ គ្មានភាពអសកម្មណាមួយ ទៅលើការកាត់សេចក្តីពីសំណាក់ចៅក្រមនោះទេ ។

លោកបានទទួលស្គាល់ថា ថ្វីដ្បិតការប្រកួត វគ្គជម្រុះដំណាក់កាលទី១ មានកីឡាករខ្លះធ្វើមិនបានល្អមែន ប៉ុន្តែអ្វីទាំងអស់នេះ អាចទទួលយកបាន ព្រោះគ្មានអ្វីធ្ងន់គួរឲ្យព្រួយបារម្ភនោះទេ ផ្ទុយទៅវិញ ទទួលបានការគាំទ្រពីប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ ស្ទើររកកន្លែងជូនពួកគាត់អង្គុយទស្សនាមិនបានពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ។ លោកសង្ឃឹមថា វគ្គជម្រុះដំណាក់កាលទី២ ដែលមានកីឡារ១៦នាក់ កាន់តែល្អ ព្រោះពួកគេសុទ្ធតែជើងខ្លាំងបានឆ្លងផុតវគ្គជម្រុះដំណាក់កាលទី១ដែលមានអ្នកប្រដាល់៣២នាក់ ។

គួរបញ្ជាក់ថា កីឡាករ ពុយ វណ្ណៈ បេក្ខភាពសប្តាហ៍ចុងក្រោយ បានវាយឈ្នះកីឡាករ វ៉ាន់ ចាន់វ៉េត មកពីក្លិបគីសែមានប្ញទ្ធិអាជ្ញាធរជាតិអាវុធគីមី ដោយពិន្ទុ ក្នុងនោះ វ៉ាន់ ចាន់វ៉េត ក៏ត្រូវលោកតឹក ឡៃអាជ្ញាកណ្តាល រាប់ដល់៨ម្តងក្នុងទឹកទី២ដែរ ព្រោះរងនូវស្នៀតកណ្តាប់ដៃ របស់កីឡាករ ពុយ វណ្ណៈ ។ រីឯកីឡាករ មាស សុជាតិ បានវាយឈ្នះកីឡាករ ម៉់ន ចាន់ដារ៉ា មកពីការិយាល័យទី៥កងទ័ពជើងគោក ដោយពិន្ទុ ។ ដូច្នេះកីឡាករទាំង២នាក់ ដែលវាយឈ្នះគូប្រកួតសប្តាហ៍ចុងក្រោយនេះទំនងត្រូវជួបគ្នាក្នុងវគ្គជម្រុះជុំទី២ ដណ្តើមកៅអីវគ្គ៨ចុងក្រោយផងដែរ ។

គួររំលឹកថា ឆ្លងកាត់ការប្រកួតជម្រុះ ៧សប្តាហ៍កន្លងទៅ បានរកឃើញអ្នកប្រដាល់១៦នាក់ ដើម្បីបន្តការប្រកួតជម្រុះជុំទី២វគ្គ១៦នាក់ គឺអ៊ុក វណ្ណេត មកពីក្លិបមរតកគុនខ្មែរ ,ភុន សោភ័ណ្ឌ ក្លិបនាគរាជមានជ័យ, ទេស ជីវ៉ា ក្លិបកងពលតូចលេខ៧០, វ៉ែន ហុងជីវ៉ុង ក្លិបកងកេងមានរិទ្ធ ,សំអាងឌុន ក្លិបអេភូថងកីឡា,រិទ្ធ មុន្នី ក្លិបម្កុដរាជសីហ៍ ,រិន សារដ្ឋក្លិបកងទ័ពជើងទឹក , គឹម វាសនា ក្លិបទ័ពឆ័ត្រយោង៩១១ ,ផន ប៊ុនម៉ៅ ក្លិបបូរីរាជសីហ៍មានរិទ្ធ , រត្ន័ ដារ៉ា ក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ ង៉ែត រដ្ឋា និង ទី ពន្លែត,កីឡាករ វុត្ថា ប៊ុនឃាង ក្លិបអង្គរធំគុនខ្មែរ , កីឡាករ សៅ វណ្ណា មកពីក្លិបយុវវាលស្បូវខណ្ឌច្បារអំពៅ, ពុយ វណ្ណៈ មាស សុជាតិ៕ សារីម


ចែករំលែក៖