ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសផលិតប្រេងលំដាប់ពិភពលោក មានគម្រោងបង្កើនការផលិតប្រេង

ចែករំលែក៖

ប្រទេសផលិតប្រេងលំដាប់ពិភព លោក មានគម្រោងបង្កើនការផលិតប្រេង ហើយគម្រោងនេះនឹងត្រូវលើកយកមក ពិភាក្សានៅក្នុងកិច្ចប្រជុំនាពេលខាងមុខ របស់ប្រទេស OPEC។ តាមគម្រោង ប្រទេស OPEC នឹង ប្រជុំនៅថ្ងៃទី២២ ខែមិថុនា ដើម្បីអនុវត្តទៅលើផែនការស្តីពីការផលិតប្រេង ។រដ្ឋមន្ត្រីក្រសួងថាមពល រុស្ស៊ី លោក Alexander Novak បាន ប្រកាសថា ក្រោយជំនួបពិភាក្សាជាមួយ សមភាគីសាវឌីអារ៉ាប៊ី ប្រទេសទាំងពីរបាន សម្រេច បង្កើនការផលិតប្រេងក្រោយ ពេលកាត់បន្ថយ១៨ខែកន្លងមក។

ប្រទេស OPEC និង ប្រទេសផលិត ប្រេងផ្សេងទៀត ក្នុងនោះមានរុស្ស៊ីផង បានចូលរួមកាត់បន្ថយការផលិតរហូត ដល់១,៨ លានបារ៉ែលក្នុងមួយថ្ងៃ ចាប់ តាំងពីខែមករាឆ្នាំ២០១៧ ហើយមាន ប្រសិទ្ធិភាពដល់ចុងឆ្នាំ២០១៨។

ប៉ុន្តែក្រោយពេលតម្លៃប្រេងឡើងថ្លៃ ខ្ពស់ រហូតដល់ជិត ៨០ដុល្លារ ក្នុងមួយ បារ៉ែល គឺជាចំនួនខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ ២០១៤មក ធ្វើឲ្យ ប្រទេស ផលិតប្រេង ក្តាប់យកឧកាស បង្កើនការ ផលិតរបស់ខ្លួន។

អង្គការថាមពលអន្តរជាតិ IEA បាន ព្រមានថា ទីផ្សារប្រេងនឹងឡើងថ្លៃខ្ពស់នៅក្នុងឆ្នាំ២០១៩ បើទោះបីប្រភពផ្គត់ផ្គង់ មានច្រើនក្តី។មួយវិញទៀតដោយសារតែអាមេរិក បានសម្រេច ដាក់ទណ្ឌកម្ម ទៅ លើប្រទេសអីុរ៉ង់ និងប្រទេស វេណេហ្សុ៊យ អេឡា ក៏រួមចំណែកធ្វើឲ្យតម្លៃប្រេងឡើងថ្លៃខ្ពស់ផងដែរ។

កន្លងមកថ្មីៗប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំបានចោទប្រកាន់ ទៅលើ បណ្តាប្រទេសផលិតប្រេង OPEC ថាជា អ្នកបង្កឲ្យតម្លៃប្រេងឆៅឡើងថ្លៃខ្ពស់។ លោកដូណាល់ ត្រាំ ទើបតែបានសរសេរ សារ លើទំព័រTwitter ដោយចោទថាប្រេង ឆៅឡើងកាន់តែថ្លៃ គឺដោយសារតែអង្គការនៃក្រុមប្រទេសអ្នកនាំប្រេងចេញ ហៅកាត់ ថា OPEC។ តម្លៃប្រេងឆៅកាន់តែឡើងនេះ បានធ្វើឲ្យតម្លៃប្រេងឥន្ធនៈនៅអាមេរិក ឡើង ថ្លៃខ្លាំងដែរ។ សារចោទប្រកាន់របស់ លោកប្រធាធិបតីអាមេរិក ត្រូវបានអ្នក ជំនាញខ្លះ លើកឡើងថា ប្រេងឆៅឡើងថ្លៃ គឺដោយសារតែ គោលនយោបាយរបស់ លោកដូណាល់ ត្រាំខ្លួនឯងទេតើ។

“តម្លៃប្រេងឆៅ ខ្ពស់ខ្លាំងណាស់ គឺពិត ជាអង្គការ OPECទៀតហើយ ដែលជា អ្នកនៅពីក្រោយរឿងនេះ។ មិនល្អសោះ!” ។ នេះគឺជាសារ ដែលលោក ដូណាល់ត្រាំ បានសរសេរ នៅលើទំព័រ Twitter។ សារ របស់លោកដូណាល់ ត្រាំ គឺធ្វើឡើង នៅ ប៉ុន្មានថ្ងៃ មុនមានកិច្ចប្រជុំយុទ្ធសាស្ត្រ របស់ប្រទេសសមាជិកនៃអង្គការនេះ នៅ ឯទីក្រុងវីយែន។ គួរកត់សម្គាល់ដែរថា កាលពីខែមេសាកន្លងទៅ លោក ដូណាល់ ត្រាំ ក៏បានចោទ អង្គការ OPEP រួចម្តងដែរ ថាបានបំប៉ោងតម្លៃប្រេងឲ្យនៅខ្ពស់ ហើយធ្វើឲ្យតម្លៃប្រេងឥន្ធនៈនៅអាមេរិកឡើងទៅតាមនោះដែរ។

ជាការពិត ការចោទប្រកាន់របស់លោក ដូណាល់ ត្រាំនេះ បើនិយាយមួយជ្រុង ក៏មិនជាខុសដែរ ព្រោះថា កម្មវត្ថុការងារ របស់អង្គការប្រទេសអ្នកនាំប្រេងចេញ ហៅកាត់ថា OPEC គឺធ្វើយ៉ាងណាជួបសហ ការគ្នា កាត់បន្ថយស្តុក មិនត្រូវផលិតប្រេងឆៅឲ្យលើសពីតម្រូវការទីផ្សារ។ ធ្វើយ៉ាង នេះ គឺរក្សាតម្លៃប្រេងឆៅឲ្យបានខ្ពស់ កុំឲ្យធ្លាក់ចុះថោក។ តែយ៉ាងណា ក៏ដោយ លោក Matt Smith អ្នកវិភាគនៅ Clipper Data បានលើកឡើងថា វាចម្លែកដែរ ដែល លោកដូណាល់ ត្រាំ ព្យាយាមទម្លាក់កំហុស ទៅលើអ្នកដទៃ ទាក់ទិននឹងតម្លៃប្រេង ឡើងថ្លៃនេះ។ ធាតុពិត ប្រេងឆៅឡើងថ្លៃ គឺជាផលវិបាក នៃការសម្រេចចិត្តរបស់ លោកដូណាល់ ត្រាំនេះឯង។ ការសម្រេច របស់លោកត្រាំ ដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់ បានធ្វើឲ្យទីផ្សារផលិត ប្រេងរបស់អុីរ៉ង់ រួមតូចខ្លាំង ធ្វើឲ្យចំនួន ស្តុកក្នុងទីផ្សារមានកាន់តែតិច ហើយតម្លៃ ក៏ត្រូវកើនទៅតាមនោះ។

ដូចគ្នាដែរ លោក Bart Malek អ្នក ជំនាញនៅ TD Securities បានលើកឡើង ថា គោលនយោបាយការ បរទេសរបស់ លោកដូណាល់ ត្រាំ ទាក់ទិននឹងតំបន់ មជ្ឍឹមបូព៌ា បានជះឥទ្ធិពលដោយផ្ទាល់ទៅលើការឡើងចុះនៃតម្លៃប្រេងឆៅ។ លោកអះអាងថា ការចោទប្រកាន់មកលើ អង្គការ OPEC ថាជាអ្នកធ្វើឲ្យប្រេងឡើង ថ្លៃនេះ គឺគ្រាន់តែយុទ្ធសាស្ត្រ ដើម្បីដាក់ សម្ពាធ មកលើអង្គការនេះ ដើម្បីឲ្យ ប្រទេសផលិតប្រេង កាត់បន្ថយស្តុកបន្ថែម ទៀត។

គួររំលឹកថា តម្លៃប្រេងបានធ្លាក់ចុះខ្លាំងកាលពីឆ្នាំ២០១៦ នៅត្រឹមតែ៥០ដុល្លារ ក្នុងមួយបារ៉ែល។ តែពេលនេះ បានឡើង ដល់៨០ដុល្លារ ក្នុងមួយធុង។ តម្លៃឡើង នេះ ដោយសារតែប្រទេសសមាជិកOPEC បានព្រមព្រៀងគ្នា កាត់បន្ថយការផលិត។ ជាងនេះទៅទៀត ជាមួយនឹងការដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់ របស់អាមេរិក ដែលធ្វើឲ្យអុីរ៉ង់បាត់បង់ទី ផ្សារនាំចេញ ហើយទន្ទឹមនឹងនោះ វ៉េណេ ហ្សុ៊យអេឡា ដែលជាប្រទេសផលិតប្រេង ធំមួយដែរ កំពុងតែជាប់គាំងក្នុងវិបត្តិនយោបាយនោះ ក៏បានចូលរួមឲ្យទីផ្សារប្រេង មានស្តុកកាន់តែតិច៕ ម៉ែវ សាធី


ចែករំលែក៖