ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានការិយាល័យរៀបចំដែនដីស្រុកកំពង់ត្រាចសារភាពថាបានទទួលលុយពីប្រជាពលរដ្ឋសម្រាប់រត់ការប្លង់ដី

ចែករំលែក៖

ខេត្តកំពត៖ ប្រធានការិយាល័យរៀប ចំដែនដី នគរូបនីយកម្ម និងភូមិបាលស្រុក កំពង់ត្រាច ខេត្តកំពតកាលពីពេលថ្មីៗនេះបានថ្លែងសារភាពថា ខ្លួនពិតជាបានទទួល លុយពីប្រជាពលរដ្ឋសម្រាប់រត់ការឯកសារ ប្លង់ដីនិងប្ដូរប្រភេទដីប្រាកដមែន។

លោក កៅ ចាន់ផាន់ណារិទ្ធ ប្រធាន ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងភូមិបាលស្រុកកំពង់ត្រាចបានថ្លែងថា ក្នុងស្រុកកំពង់ត្រាចមានប្រជាពលរដ្ឋស្ទើរតែទាំងអស់ដែលមានប្លង់ដីជាប្រព័ន្ធហើយ តម្រូវការប្រជាពលរដ្ឋភាគច្រើនតែរឿងកាត់ ឈ្មោះប្លង់ដីនិងប្ដូរប្រភេទដីតែប៉ុណ្ណោះ។ ក្នុងនោះប្រជាពលរដ្ឋតែងតែឲ្យខាងជំនាញ របស់លោករត់ការឲ្យពីថ្នាក់មូលដ្ឋានដល់ខាងជំនាញខេត្តដោយពួកគាត់ផ្ដល់លុយចាប់ពី១.០០០ដុល្លារឡើងទៅដល់ក្រុម របស់លោក ។

ប្រធានការិយាល័យរៀបចំដែនដីរូបនេះ បានបន្ថែមថា លុយដែលពលរដ្ឋផ្ដល់ឲ្យ សម្រាប់រត់ការឯកសារគឺមិនមែនជាលុយពុករលួយនោះទេវាជាលុយថ្លៃឈ្នួលរត់ការចុះឡើងដើម្បីបានឯកសារត្រឹមត្រូវ និងស្របតាមប្រព័ន្ធច្បាប់តែប៉ុណ្ណោះ។ លោក បញ្ជាក់ថា ផ្លូវច្បាប់គឺតម្រូវឲ្យពលរដ្ឋរត់ការឯកសារដោយខ្លួនឯងគឺមិនឲ្យខាងមន្ត្រី ជំនាញរបស់លោករត់ការនោះទេ ។

ការថ្លែងបែបនេះបានធ្វើឡើងបន្ទាប់ពីពលរដ្ឋភាគច្រើនបានចោទប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងភូមិ បាលស្រុកកំពង់ត្រាចរូបនេះថា បានយក លុយពីពួកគាត់ចាប់ពី១ពាន់ទៅដល់២ពាន់ដុល្លារសម្រាប់រត់ការធ្វើប្លង់ដី១ក្បាល។ មានពលរដ្ឋខ្លះបានចំណាយលុយហើយ បែរជាមិនបានទទួលប្លង់ដីទៀតដែល ប្រជាពលរដ្ឋទាំងនោះលើកឡើងថា បើមិន ចំណាយលុយឲ្យគេទេគឺគេបង្កភាពស្មុគស្មាញ ខ្វះនេះ ខ្វះនោះ។ ដូច្នេះហើយត្រូវតែបង្ខំចិត្តចំណាយលុយតាមរបៀបអារសាច់ឲ្យខ្លាស៊ីទៅ ។

ប៉ុន្តែយ៉ាងណាក៏ដោយលោក យិន វុធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពតបានហៅ ការរត់ការឯកសារដោយមន្ត្រីជំនាញខាងលើថា ជាអំពើខុសច្បាប់ហើយថាលោក នឹងកោះហៅលោក កៅ ចាន់ផាន់ណារិទ្ធ មកបំភ្លឺជុំវិញករណីនេះ ៕ ហេង សូរិយា


ចែករំលែក៖