ព័ត៌មានទាន់ហេតុការណ៍៖

ពិធីសារ៤ត្រូវបានចុះហត្ថលេខារវាងកម្ពុជា វៀតណាម ក្រោមអធិបតីភាពប្រមុខរាជរដ្ឋាភិបាទាំង២

ចែករំលែក៖

ភ្នំពេញ៖ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានជួបប្រជុំពិភាក្សាការងារជាផ្លូវការជាមួយលោក ង្វៀង សួនហ្វុ៊ក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តីវៀតណាមនៅវិមានសន្តិភាព ។

លោក ង្វៀង សួនហ្វុ៊ក បានចាត់ទុក ទស្សនកិច្ចនេះជាការរឹតបន្តឹងបន្ថែមទៀតអំពីទំនាក់ទំនងមិត្តភាពដែលមានរយៈពេល៥០ឆ្នាំមកហើយៗដែលត្រូវបន្តផ្លាស់ប្តូរ ទស្សនកិច្ចក្នុងកម្រិតប្រមុខថ្នាក់ដឹកនាំ ប្រទេសទាំង២ជាបន្តទៀត។ លោកនាយក រដ្ឋមន្រ្តីវៀតណាមបានអបអរសាទរ និងកោតសរសើរដល់ការរីកចម្រើនរបស់កម្ពុជា រួមមានកំណើនសេដ្ឋកិច្ច ស្ថិរភាពសង្គម សន្តិភាព និងវិស័យផ្សេងៗជាច្រើនទៀត ក្រោមការដឹកនាំរបស់សម្តេចតេជោ ។

ពាក់ព័ន្ធនឹងការងារព្រំដែនរដ្ឋាភិបាល ទាំង២បានឯកភាពគ្នាដោយអនុញ្ញាតឱ្យ គណៈកម្មការព្រំដែនបន្តធ្វើការជាមួយគ្នា ក្នុងនោះរដ្ឋាភិបាលនៃប្រទេសទាំង២នឹង បន្តកសាងស្ពាននៅតំបន់ផ្សេងទៀតដើម្បីផលប្រយោជន៍នៃប្រជាជនប្រទេសទាំង ពីរ។ លោកនាយករដ្ឋមន្ត្រីវៀតណាម បានផ្តល់ថវិកា២លានដុល្លារសម្រាប់សាងសង់ផ្សារដានៅខេត្តត្បូងឃ្មុំដែលជាផ្សារ មួយដ៏សំខាន់សម្រាប់បងប្អូនប្រជាពលរដ្ឋរកស៊ីតាមព្រំដែនដែលនឹងចាប់កសាងនៅពេលដ៏ខ្លីខាងមុខនេះ ។

ទន្ទឹមនឹងនោះដែរសម្តេចតេជោ ហ៊ុន សែន បានសរសើរពីការរីកចម្រើនសេដ្ឋ កិច្ចរបស់វៀតណាម និងទំហំពាណិជ្ជកម្មដែលវៀតណាមបាននាំចេញ។ សេដ្ឋកិច្ច វៀតណាមរីកលូតលាស់ពេលនេះក៏បាន រួមចំណែកជួយដល់កម្ពុជាផងដែរតាម រយៈក្រុមហ៊ុនវៀតណាមមួយចំនួនដែលបានមកបណ្តាក់ទុននៅកម្ពុជា។ នាយក រដ្ឋមន្ត្រីប្រទេសទាំង២បានប្តេជ្ញាបន្តជំរុញឱ្យទំហំសេដ្ឋកិច្ចបានកើនឡើងដល់៥ពាន់លានដុល្លារអាមេរិកនៅពេលខាងមុខ។ សម្តេចតេជោបានជំរុញឱ្យនាយករដ្ឋមន្ត្រីវៀតណាមធ្វើយ៉ាងណាឱ្យពាណិជ្ជកម្មតាម ព្រំដែនមានភាពរលូនដើម្បីឱ្យប្រជាជន ដែលកំពុងរកស៊ីទទួលទានតាមព្រំដែនកាន់ តែងាយស្រួល។ សម្តេចតេជោ បន្តខិតខំកសាងធ្វើឱ្យតំបន់ព្រំដែនប្រទេសទាំង២ មានសុខសន្តិភាព និងរីកចម្រើនក្នុងនាមជាប្រទេសភូមិផងរបងជាមួយ ។

ចំពោះវិស័យទេសចរណ៍សម្តេចក៏បានលើកទឹកចិត្តឱ្យភ្ញៀវទេសចរនិងអ្នកវិនិយោគវៀតណាមបន្តមកទស្សនានិងវិនិយោគនៅប្រទេសកម្ពុជា ខណៈដែលភ្ញៀវទេសចរវៀតណាមមកកម្ពុជាក្នុង១ឆ្នាំជាង១លាននាក់។ ជាមួយគ្នានោះសម្តេច តេជោក៏បានអរគុណដល់រដ្ឋាភិបាលវៀតណាមដែលកន្លងមកបានផ្តល់អាហារូប ករណ៍មួយចំនួនដល់និស្សិតកម្ពុជាបានទៅសិក្សានៅប្រទេសវៀតណាមផងដែរ។

ក្រោយពីបានបញ្ចប់កិច្ចប្រជុំផ្លូវការ ហើយប្រមុខដឹកនាំប្រទេសទាំង២បាន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធី ចុះហត្ថលេខាលើអនុស្សរណៈនៃការ យោគយល់(MOU)ចំនួន៤រួមមាន៖

១-អនុស្សរណៈនៃការយោគយល់គ្នា អំពីការសិក្សារួមស្តីពីការសាងសង់ផ្លូវ ល្បឿនលឿនភ្នំពេញ-បាវិត និងផ្លូវល្បឿន លឿនហូជីមីញ-ម៉ក់បៃដែលចុះហត្ថលេខា ដោយលោក ទ្រឿង ក្វាងង្វៀង រដ្ឋមន្ត្រី ក្រសួងដឹកជញ្ជូនវៀតណាម និងលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិង ដឹកជញ្ជូនកម្ពុជា ។

២-អនុស្សរណៈនៃការយោគយល់គ្នាស្តីអំពីគម្រោងសាងសង់មជ្ឈមណ្ឌលផ្តល់សេវាដោយស្ម័គ្រចិត្ត និងផ្នែកលើសហគមន៍ ដល់អ្នកញៀនគ្រឿងញៀននៅខេត្តព្រះ សីហនុ ដែលចុះហត្ថលេខាដោយលោក ង្វៀង ជុងដាម អនុរដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជនពិការ និងកិច្ចការសង្គម និងលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធ ជន និងយុវនីតិសម្បទាកម្ពុជា ។

៣-អនុស្សរណៈបន្តសុពលភាពនៃ អនុស្សរណៈកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យជលផលដែលចុះហត្ថលេខា ដោយលោក ឡេ គួកហ្ស័ញ អនុរដ្ឋមន្ត្រី ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ និង លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា ។

៤-អនុស្សរណៈនៃការយោគយល់គ្នាស្តីអំពីការគាំទ្រការសាងសង់មហាវិថីមិត្ត ភាពភ្នំពេញ-ហាណូយ ដែលចុះហត្ថលេខា ដោយលោក ងូ វ៉ាន់ហ្វី អនុប្រធានគណៈ កម្មាធិការប្រជាជនរដ្ឋធានីហាណូយ និង លោក ប៉ា សុជាតិវង្ស អភិបាលរាជធានី ភ្នំពេញ ។

បន្ទាប់ពីកិច្ចប្រជុំផ្លូវការនិងពិធីចុះហត្ថលេខាព្រឹកនេះរួចមកសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនឹងផ្តល់ កិត្តិយសរៀបចំពិធីលៀងសាយភោជន៍ ជូនដល់លោកនាយករដ្ឋមន្រ្តីវៀតណាម និងភរិយា ព្រមទាំងគណៈប្រតិភូវៀតណាម នៅវិមានសន្តិភាពល្ងាចនេះ ៕ ហេង សូរិយា


ចែករំលែក៖