ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សជាង១០០នាក់ត្រូវបានចាប់ខ្លួននៅ ទីក្រុងជីកាហ្គោ ក្នុងឱកាសបុណ្យឯករាជ្យអាមេរិក

ចែករំលែក៖

ក្នុងរយៈពេល៤ថ្ងៃ នៃពិធីបុណ្យឯករាជ្យអាមេរិក ៤ ខែកក្កដា មានមនុស្សដល់ទៅ១០១នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងអំពើហិង្សា បាញ់ប្រហារនៅទីក្រុង ជីកាហ្គោ រដ្ឋ Illinois អាមេរិក។

គេហទំព័រ Chicago Tribune បានផ្សាយថា ស្នងការប៉ូលិសទីក្រុង បានបើកការ រុករកចាប់ខ្លួនជនល្មើសនៅទីទូទាំងរដ្ឋ ក្រោយពេលមានអំពើហិង្សា ជាទ្រង់ទ្រាយធំ មិនធ្លាប់មាន ក្នុងទិវាឯករាជ្យរបស់អាមេរិក ។ សរុបមានមនុស្ស១០១នាក់ត្រូវបានចាប់ខ្លួន ចាប់តាំងពីថ្ងៃទី៣០ ខែមិថុនា រហូតដល់ ថ្ងៃទី៥ ខែកក្កដា។

អ្នកនាំពាក្យស្នងការប៉ូលិស ទីក្រុងជីកាហ្គោ លោក Anthony Gugliemi បានប្រកាសឲ្យដឹងថា «យើងកំពុងតែសួរចម្លើយ អ្នកដែលបានចាប់ខ្លួន យើងពិតជាខកចិត្តយ៉ាងខ្លាំងចំពោះសកម្មភាព បទល្មើសកើនឡើងច្រើនបែបនេះ។

ការបាញ់កាំជ្រួច របស់ពលរដ្ឋ បានធ្វើឲ្យ កម្លាំងប៉ូលិសពិបាក់ សម្គាល់ថា ជាសម្លេង កាំភ្លើង ឬកាំជ្រួច នោះឡើយ។ លោកAnthony Gugliemi បានបញ្ជាក់ថា ប៉ូលិស បានរិតបន្តឹងការយាមល្បាត ប៉ុន្តេមិនអាចរារាំង ការបាញ់ប្រហារបានឡើយ ក្នុងទិវាឯករាជ្យអាមេរិក។ ក្នុងចំណោមជនរងគ្រោះពាក់ព័ន្ធនិងកាំភ្លើង មាន ១៥នាក់ស្លាប់៨៦នាក់រងរបួស ។ ការបាញ់ប្រហារភាគច្រើនកើតឡើង នៅក្នុងរយៈពេល១២ម៉ោង នៃ ពិធីបុណ្យឯករាជ្យ។

អំពើហិង្សាពាក់ព័ន្ធនឹងពិធីបុណ្យឯករាជ្យរបស់អាមេរិក ចុងក្រោយបំផុតគឺនៅឆ្នាំ២០១៣ ដោយពេលនោះ មានមនុស្ស ៧៤នាក់ រងការបាញ់ប្រហារដោយកាំភ្លើងនិង ១២នាក់ស្លាប់។ ពិធីបុណ្យឯករាជ្យរបស់អាមេរិក មានរយៈពេល៤ថ្ងៃ ។

ការបាញ់ប្រហារគ្នាដោយអាវុធ កើតឡើងនៅទីក្រុងជីកាហ្គោភាគច្រើននៅតំបន់ភាគខាងត្បូង និង ភាគខាងលិចទីក្រុង ។ ជនរងគ្រោះ ក្មេងបំផុតនោះគឺកុមារអាយុ១៣ឆ្នាំ។

តាមសារព័ត៌មាន BBC បានផ្សាយថា ជនរងគ្រោះដោយកាំភ្លើងក្នុងទីក្រុងជីកាហ្គោ តាំងពីដើមឆ្នាំ២០១៧មកទល់ពេលនេះ មាន ១៨០០នាក់ ។ ប៉ុន្តែចំនួនទាំងនោះគឺតិចជាង កាលពីឆ្នាំ២០១៦ ដែលមានរហូតដល់ទៅ ២០៣៥នាក់។

សហរដ្ឋអាមេរិក បានប្រារព្ធខួបលើកទី២៤១ នៃការទទួលបានឯករាជ្យពិតប្រាកដ ជាប្រទេសមួយដែលមិនចំណុះ ឲ្យចក្រភពអង់គ្លេសឡើយ ។ សហរដ្ឋអាមេរិកបានកំណត់យកថ្ងៃទី៤ ខែកក្កដា ឆ្នាំ១៧៧៦ ជាថ្ងៃដែលខ្លួនបានរំដោះខ្លួន ចេញពីអាណានិគមន៍ដែលចាត់ទុកថា ជាការគ្រប់គ្រង ដោយព្រះចៅអធិរាជ្យអង់គ្លេស ។

មុននឹងទទួលបានឯករាជ្យ ដែលត្រូវប្រកាសជាផ្លូវការនោះ គឺមានការរៀបចំធ្វើសមាជមួយស្តីអំពីទ្វីប ដោយមានសមាជិក បោះឆ្នោតដើម្បីប្រកាសថា ប្រទេសថ្មីមួយគឺមានឈ្មោះថា “សហរដ្ឋអាមេរិក” ដោយការប្រកាសនេះបានធ្វើឡើងមុនថ្ងៃផ្លូវការពីរថ្ងៃ គឺផ្តើមតាំងពីថ្ងៃទី២ ខែកក្កដា នៅក្នុងឆ្នាំ១៧៧៦ ។

តាមទំនៀមទម្លាប់ នៃថ្ងៃប្រារព្ធខួបទទួលបានឯករាជ្យនេះ គេឃើញមានការបាញ់ការធ្វើព្យុយាត្រា ការអាំងសាច់ហូបកម្សាន្ត ការហូបចុកលក្ខណៈគ្រួសារ ការប្រគំតន្ត្រី ការលេងល្បែងកីឡាកម្សាន្ត និងថ្លែងអំពីកិច្ចការនយោបាយ ។ លើសពីនេះ មានការរៀបចំ ជាលក្ខណៈឯកជនជាច្រើនទៀត ដើម្បីញុំាងឲ្យ ពិធីបុណ្យនេះកាន់តែមានភាពអធិកអធមថែមទៀត ៕ ម៉ែវ សាធី


ចែករំលែក៖