ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការយោធាស្រុកថាឡាបរិវ៉ាត់រងការ ប្តឹងពីបទប្រើហិង្សា

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ មេបញ្ជាការយោធាស្រុកថាឡាបរិវ៉ាត់ឈ្មោះជិន ហេង រងការប្តឹងពីបទប្រើហឹង្សាទៅលើបុរសម្នាក់កាលពីវេលាម៉ោង១២រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ ត្រង់ចំណុច គល់ស្ពានមេគង្គ ខណៈដែលជនរងគ្រោះជិះរថយន្តនៅលើដងផ្លូវជាតិលេខ៩ថ្មី ។

យោងតាមពាក្យបណ្តឹងជនរងគ្រោះ បានប្តឹងលោកមេបញ្ជាការយោធាស្រុកថាឡា ពីបទប្រើអំពើហឹង្សាដោយចេតនា។ បើតាមសម្តីជនរងគ្រោះឈ្មោះតាំង ណាំ ស្រ៊ុន អាយុ២៩ឆ្នាំ រស់នៅក្នុងស្រុកថាឡា បរិវ៉ាត់បានរៀបរាប់ថា មុនដំបូងខ្លួនជិះរថយន្តពីស្រុកថាឡាបរិវ៉ាត់បំណងឆ្ពោះចូលមកក្នុងខេត្ត។ ខណៈដល់ចំណុចគល់ស្ពាន មេគង្គត្រើយខាងកើតស្រាប់មានរថយន្ត មួយគ្រឿងរបស់លោកជិន ហេង មេបញ្ជា ការយោធាស្រុកថាឡាបរិវ៉ាត់ដេញតាម មកឈប់ពីក្រោយរថយន្តរបស់ខ្លួន។ ភ្លាមៗ នោះឈ្មោះជិន ហេង ក៏បានចេញពីក្នុង រថយន្តទាំងសភាពស្រវឹងដោយមិនមាន និយាយស្តី១ម៉ាត់ក៏បើកទ្វាររថយន្តទាញ យកកាំភ្លើងខ្លីមកអាមេបើកសោរួចសៀតចង្កេះហើយក៏វាយមកលើខ្លួនចំនួន៣ដៃ (១ដៃត្រូវមុខ និង២ដៃទៀតត្រូវក្បាល) បន្ទាប់មកលោក ជិន ហេង ក៏បានចូលបើក រថយន្តទៅវិញបាត់ទៅ ។

លុះព្រឹកឡើងថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០១៧ ជនរងគ្រោះឈ្មោះ តាំង ណាំ ស្រ៊ុន ក៏បានដាក់ពាក្យបណ្តឹងទៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តផងដែរ ។

លោក ជិន ហេង មេបញ្ជាការយោធា ស្រុកថាឡាបរិវ៉ាត់បានបដិសេធថា លោក មិនបានប្រើអំពើហិង្សាទៅលើឈ្មោះតាំង ណាំស្រ៊ុនឡើយ នេះគ្រាន់តែជាពាក្យមួលបង្កាច់ប៉ុណ្ណោះ។ ចំណែកលោក ដួង សុីវុត្ថា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានប្រាប់ឲ្យដឹងថា ជុំវិញរឿងនេះខាង សមត្ថកិច្ចនៅមិនទាន់សម្រេចថាត្រូវធ្វើ យ៉ាងណានោះឡើយទេដោយរង់ចាំប្រមូល ភស្តុតាងនិងសាក្សីឲ្យបានគ្រប់ទើបបន្ត នីតិវិធីទៀត ។

លោកឧត្តមសេនីយ៍ត្រី ស្វាយ ញ៉ន មេបញ្ជាការយោធាសឹករងខេត្តស្ទឹងត្រែង បានបញ្ជាក់ថា រឿងនេះជារឿងកំបិុកកំប៉ុក ទេ។ ចំពោះរឿងដែលមានមន្រ្តីយោធាប្រើប្រាស់អាវុធ ឬក៏យកកាំភ្លើងទៅគំរាមកំហែង លើជនណាមួយនោះជារឿងបុគ្គលមិនមាន អ្វីពាក់ព័ន្ធនឹងអង្គភាពឡើយ ៕ ហេង សូរិយា

 


ចែករំលែក៖