ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូហុងដាស្កុបពីជិះបុកម៉ូតូហុងដាឌ្រីមពីក្រោយបណ្ដាលឲ្យរបួសធ្ងន់-ស្រាល៤នាក់

ចែករំលែក៖

ខេត្តកណ្ដាលៈ មនុស្ស២នាក់របួសធ្ងន់និងមនុស្ស២នាក់ទៀតរបួសស្រាល ក្នុងហេតុគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូម៉ាកហុងដាស្កុបពីបើកមិនប្រយ័ត្នជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីមពេញមួយទំហឹង កាលពីវេលាម៉ោង១៧និង១០នាទី ថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិព្រែកមេស្រុក ឃុំព្រែកស្ដី ស្រុកកោះធំ ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកកោះធំបានឲ្យដឹងថា ម៉ូតូបង្កម៉ាកហុងដាស្កុបពី ធុនសេ១២៥ ពណ៌ខៀវចាស់ ពាក់ស្លាកលេខ ភ្នំពេញ 1GK-6333 បើកបរដោយឈ្មោះ ជា ដាលីន ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរ បុគ្គលិកធរនាគារ រីករាយហ្វាយណាន់ មានទីលំនៅភូមិព្រែកមេស្រុក ឃុំព្រែកស្ដី ស្រុក (រងរបួសធ្ងន់) មានអ្នករួមដំណើរជាមួយ២នាក់ទៀត ទី១-កុមារាឈ្មោះ ចាន់ដា ទីតូម៉ា ភេទប្រុស អាយុ៧ឆ្នាំ មុខរបរសិស្ស ត្រូវជាកូន (រងរបួសស្រាល) និងទី២- ឈ្មោះ ញឹម គន្ធា ភេទស្រី អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកធរនាគាររីករាយហ្វាយណាន់ មានទីលំនៅភូមិកោះថ្មី ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល (រងរបួសស្រាល) ។ ចំណែកភាគីរងគ្រោះម្ខាងទៀតឈ្មោះ ប៉េង តៃគី ភេទស្រី អាយុ៥០ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិឃុំកើតហេតុ (រងរបួសធ្ងន់) ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ខ្មៅ ពាក់ស្លាក់លេខ កណ្ដាល 1P-7333 ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម ធ្វើដំណើរក្នុងទិសដៅត្បូងទៅជើង(ពីជ្រៃធំឆ្ពោះទៅក្រុងតាខ្មៅ) តាមបណ្ដោយផ្លូវជាតិលេខ២១ ខណៈដែលកំពុងជិះស្រាប់តែម៉ូតូបង្កម៉ាកស្កុបពីជិះដោយល្បឿនលឿនមិនប្រយ័ត្ន ក៏ជ្រុលទៅបុកម៉ូតូហុងដាឌ្រីមពីក្រោយពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកជិះម៉ូតូហុងដាឌ្រីមដួលបោកទៅនឹងផ្លូវរងរបួសធ្ងន់ រីឯអ្នកជិះម៉ូតូបង្ករងរបួសធ្ងន់ម្នាក់និងស្រាល២នាក់ ។

ប្រភពដដែលបន្ដទៀតថា ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរងរបួសធ្ងន់ត្រូវបានរថយន្ដក្រុមគ្រួសារដឹកយកទៅព្យាលបាលរៀងៗខ្លួន នៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។ ចំណែកឯមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងត្រូវបានសមត្ថកិច្ចជំនាញវាស់វែងនិងកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖