ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រុងដឹកអ្នកដំណើរក្រុមហ៊ុនមេគង្គអ៊ិចប្រេស បុកគ្នាជាមួយរថយន្ដសាំយ៉ុងបណ្ដាលឲ្យមនុស្ស២នាក់ស្លាប់ ចំណែករថយន្ដខូចខាតទាំងសងខាង

ចែករំលែក៖

ខេត្តសៀមរាប៖ រថយន្តក្រុងដឹកអ្នកដំណើរក្រុមហ៊ុនមេគង្គអ៊ិចប្រេស បុកជាមួយនឹងរថយន្តម៉ាកសាំយ៉ុង បណ្ដាលឲ្យមនុស្ស២នាក់ស្លាប់នៅកន្លែងកើតហេតុ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៨និង៣៥នាទី ថ្ងៃអាទិត្យ ៥កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ០៦ ចំណុចផ្លូវប្រសប់ រាងអក្សរ Y ភូមិមឈាម ឃុំសំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍រវាង រថយន្ត បុករថយន្ត ក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យបុរស២នាក់ស្លាប់ នៅកន្លែងកើតហេតុ ដោយរថយន្តម៉ាកហ៊ីយ៉ានដាយ ពណ៌លឿង ស ស្លាកលេខ ភ្នំពេញ 3A.1365ដឹកអ្នកដំណើររបស់ក្រុមហ៊ុនមេគង្គអ៊ិចប្រេស បើកបរទិសដៅពីត្បូងទៅជើង អ្នកបើកបរមិនស្គាល់អត្តសញ្ញាណចុះរត់ គេចខ្លួន ក្រោយពេលកើតហេតុ ។

រថយន្តម៉ាកសាំយ៉ុង ពណ៌ស ស្លាកលេខ ភ្នំពេញ 2N.1848 បើកបរទិសដៅពីជើងទៅត្បូង ដោយឈ្មោះ គាម តូ ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិត្នោត ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត ស្លាប់នៅកន្លែងកើតហេតុ ។ អ្នករួមដំណើរឈ្មោះ ឌិន ចន្ថន ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង្ស ខេត្តតាកែវ ស្លាប់នៅកន្លែងកើតហេតុ ។

មូលហេតុ ជាបឋមបង្កឡើងដោយអ្នកបើកបររថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនមេគង្គអ៊ិចប្រេស បើកបរមិនប្រកាន់ស្តាំ រួមផ្សំនឹងអ្នកបើកបររថយន្តសាំងយ៉ុងមានល្បឿនលឿន ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបាន ប្រគល់សាកសពជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យ និងចុះវាស់វែង ប្រមូលវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទោងរង់ចាំដោះស្រាយគ្នាតាមច្បាប់ ៕ ប៊ុនរិទ្ធី


ចែករំលែក៖