ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកទឹកសុទ្ធលក់ បុកក្មេងសិស្សសាលា បណ្ដាលឲ្យស្លាប់

ចែករំលែក៖

ប៉ោយប៉ែត៖ រថយន្តដឹកទឹកសុទ្ធលក់មួយ គ្រឿងបើកបរក្នុងល្បឿនលឿន ហ្រ្វាំងមិនទាន់ ជ្រុលចង្កូតបុកក្មេងប្រុសជាសិស្សសាលាបឋមភូមិអូរដង្កោរ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ស្លាប់ភ្លាមៗ កាលពីវេលាម៉ោង១១និង ០៥នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ ២០១៩ នៅត្រង់ចំណុចមុខសាលានោះតែម្តង ។

លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា៖ ដំបូងមានរថយន្តមួយ គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ តាកែវ 2A 0842 អ្នកបើកបរមិនស្គាល់ឈ្មោះ (គេចបាត់) ធ្វើដំណើរ តាមបណ្តោយផ្លូវលំក្នុង ទិសដៅមកពីជើងទៅត្បូង ដោយបើកបរក្នុងល្បឿនលឿន លុះមកដល់ចំណុច ខាងលើបណ្តាល ឲ្យជាន់ហ្វ្រាំងមិនជាប់ ក៏បុកនិងក្មេងប្រុសម្នាក់ ឈ្មោះ ម៉ី ស៊ីន អាយុ ០៦ឆ្នាំ ជាសិស្ស រស់នៅភូមិអូរដង្កោរ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលចេញពីសាលារៀនដើរឆ្លង ផ្លូវផុតដល់ចិញ្ចើមផ្លូវខាងលិច ទិសដៅពីកើតទៅលិចក៏បុកចំពីក្រោយហើយកិនបណ្តាលឲ្យ ស្លាប់មួយរំពេច ។

លោកអធិការបានបញ្ជាក់ថា៖ មូលហេតុដែលបង្កឲ្យកើតមានគ្រោះថ្នាក់ដោយសារអ្នកបើកបររថយន្ត បើកក្នុងល្បឿនលឿន ក្នុងទីប្រជុំ ពិសេសក្មេងទើបចេញពី សាលារៀន ។

ទាក់ទិនករណីរថយន្តបុកសិស្សនេះ ប្រជាពលរដ្ឋ ស្នើសុំដល់ អាជ្ញាធរ ពិសេសសមត្ថកិច្ចនគរបាល មេត្តាដាក់កម្លាំងសម្រួលចរាចរណ៍ដល់សិស្ស ពេលចេញពីសាលារៀន ដូចបណ្តាសាលាផ្សេងៗ ៕ វណ្ណា


ចែករំលែក៖