ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តនិងម៉ូតូបុកគ្នាស្លាប់ម្នាក់ របួសធ្ងន់ ស្រាល ២នាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់បានស្លាប់ និង២នាក់ផ្សេងទៀតបានរងរបួសធ្ងន់ និងស្រាល នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរណ៍មួយដែលបង្កឡើង ដោយរថយន្តនិងម៉ូតូបានបុកគ្នាពេញមួយទំហឹង ។ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២២និង២៥នាទី ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ នៅចំណុចផ្លូវបំបែកជាបួន ម្លប់បៃតង​ស្ថិតនៅភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ១. ឈ្មោះ ជួន ណារ៉ា ភេទប្រុស រស់នៅភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ស្លាប់បាត់បង់ជីវិត ២. យ៉ុន សេងណាតូ ភេទប្រុស អាយុ២៥ឆ្នាំនិង ៣.ឈ្មោះ ផេង ចាន់ ភេទប្រុស អាយុ១៩ឆ្នាំ អ្នករងរបួសទាំងពីរនាក់រស់នៅក្នុងភូមិម៉ូងបារាំង សង្កាត់ ប្អេរ ក្រុងកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា មានរថយន្តតូយ៉ូតាកាមរីហើម១គ្រឿង ពាក់ស្លាក លេខ 2E -1108 ធ្វើដំណើរពីជើងទៅត្បូង នៅពេលមដល់ចំណុចកើតហេតុ ក៍មានម៉ូតូមួយគ្រឿង ម៉ាហុងដា ហ្ស៊ូមឺ អត់ពាក់ស្លាកលេខ ឌុបគ្នាបី ធ្វើដំណើរពីកើត ទៅលិចបត់ទៅខាងជើង បណ្តាលបុកជាមួយរថយន្តពេញមួយទំហឹង បណ្តាលឲ្យជនរងគ្រោះប៉ើងខ្ទាតបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងម្នាក់ និង ២នាក់ទៀតរងរបួសធ្ងន់និងស្រាលតែម្តង ។

ក្រោយពេលកើតហេតុជនរងគ្រោះរងរបួសត្រូវបានយកទៅសង្រ្គោះនៅរាជធានីភ្នំពេញ ។ ដោយឡែកអ្នកបើកបរត្រូវបានសមត្ថកិច្ចឃាត់ធ្វើការសាកសួរ ចំពោះមធ្យោបាយបង្ក ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ៕ ចន្ថា


ចែករំលែក៖